ការជ្រើសរើសមន្ត្រីរាជការស៊ីវិលក្នុងរដ្ឋាភិបាលអាណត្តិទី ៧ នេះ នឹងត្រូវធ្វើឡើងតាមនិយាមការត្រឹមត្រូវមួយ ដោយបេក្ខជនទាំងអស់ត្រូវតែមានសមត្ថភាព ជំនាញ ភាពស្អាតស្អំ និងឆ្លងកាត់ការប្រឡងដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា។ នេះបើតាមអនុក្រឹត្យថ្មីមួយចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ការចេញអនុក្រឹត្យនេះជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ហើយមុនពេលមានការចេញអនុក្រឹត្យនេះ រដ្ឋមន្ត្រីមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ជាញឹកញាប់ ចេញមុខប្រកាសជាសាធារណៈអំពីការជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋតាមរយៈការប្រឡងដែលមានការត្រួតពិនិត្យពីក្រសួងមុខងារសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នដែលបេក្ខជនបានជ្រើសរើស។
អនុក្រឹត្យ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធ មានវិធានការគន្លឹះ ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរួមមានការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ការពង្រឹងសមត្ថភាព វិន័យ សីលធម៌ វិជ្ជាជីវៈ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធិកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការជ្រើសរើសមន្ត្រីឱ្យចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ដោយឈរលើសមត្ថភាពជាចម្បងនេះ ជាជំហានមួយទៀតរបស់រដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ។
លោកបន្ថែមថា កំណែទម្រង់ដែលដាក់ចេញដោយរដ្ឋាភិបាលទទួលបានជោគជ័យ ដូចជាការប្រឡងយកសញ្ញាប័ត្រទុតិយភូមិ ការជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ និងការជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡាចំនួន ១០០ នាក់ នាពេលថ្មីៗនេះ។
លោកថ្លែងថា៖ «ឃើញហើយ កន្លងទៅនេះ ការប្រឡងបាក់ឌុប។ យើងឃើញហើយកំណែទម្រង់បានដាក់ចេញគឺឈរលើគោលការណ៍អ្នកចេះគឺជាប់ បានសម្រេចជោគជ័យ។ ហើយថ្មីៗនេះ ការប្រឡងជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសកសិកម្ម ២៥០ នាក់ ការប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ១០០ នាក់ គឺជាការប្រឡងមួយប្រកបដោយតម្លាភាពបំផុត គឺអ្នកចេះគឺជាប់។ នេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីឈានទៅសម្រេចមុំទីមួយនៃយុទ្ធសាស្ត្របច្ចកោណគឺការកសាងមូលធនមនុស្ស មូលធនមនុស្ស គឺឱ្យមានសមត្ថភាពពិតប្រាកដ បាទ»។
ដំណាលគ្នានឹងពេលចេញផ្សាយអនុក្រឹត្យស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រោមកំណែទម្រង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «ការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិលមិនចាំបាច់មានខ្សែ មិនចំាបាច់ស្គាល់អ្នកធំ និងមិនចាំបាច់សុំអន្តរាគមន៍ពីភាគីណាមួយឡើយ»។
បើតាមអនុក្រឹត្យដែលមានកម្រាស់ ២១ ទំព័រ មានការកំណត់ឱ្យបានជាក់លាក់នូវមុខតំណែង និងគុណវុឌ្ឍិនៃមុខតំណែងក្នុងមុខងារសាធារណៈ។ ការកំណត់មុខតំណែង និងគុណវុឌ្ឍិនៃមុខតំណែងមានសារៈសំខាន់សម្រាប់ធ្វើជាមូលដ្ឋានក្នុងការជ្រើសរើស។
អនុក្រឹត្យដដែលបន្ថែមថា ទន្ទឹមនឹងការជ្រើសរើសនេះ «ក្រសួង ស្ថាប័នត្រូវកំណត់ឱ្យបានជាក់លាក់នូវចំនួនមុខតំណែង អង្គភាព និងភូមិសាស្ត្រគោលដៅជ្រើសរើសផងដែរ»។ ការជ្រើសរើសមន្ត្រីនឹងធ្វើទៅតាមកម្រិតនៃសញ្ញាបត្រផងដែរ ដោយមានចាប់តាំងពីសញ្ញាបត្របញ្ចប់ថ្នាក់ទី ១២ វិញ្ញាបនបត្របច្ចេកទេស ឬសញ្ញាបត្រសមមូល និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលត្រូវនឹងកម្រិតក្របខណ្ឌ និងមុខតំណែង។
នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជាលោក អ៊ឹម នរិន្ទ ប្រាប់វីអូអេថា សង្គមស៊ីវិលសូបស្វាគមន៍រាល់កំណែទម្រង់ដែលធានាដល់ការធ្វើឱ្យប្រសើរឡើងនូវរដ្ឋបាលសាធារណៈ ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិរីកចម្រើន។
ប៉ុន្តែលោកថា កំណែទម្រង់ដែលទទួលបានជោគជ័យត្រូវការឆន្ទៈនយោបាយខ្ពស់ក្នុងការសម្រេចចិត្ត ពោលគឺថា តើរដ្ឋាភិបាលនឹងមានវិធានការរបៀបណាដើម្បីទប់ស្កាត់មិនឱ្យមានការដាក់មន្ត្រីឱ្យចូលកាន់មុខតំណែងដោយមិនពឹងផ្អែកលើសែស្រឡាយ និងលុយកាក់។
លោកថ្លែងថា៖ «ជាការព្រួយបារម្ភដោយសារតែការអនុវត្តកន្លងមកហ្នឹង គឺពោរពេញដោយការប្រើប្រាស់ខ្សែបណ្តាញ ឬក៏អន្តរាគមន៍ ឬក៏រូបភាពនៃការប្រើលុយប្រើកាក់ជាដើម។ អ៊ីចឹងអាចការអនុវត្តវិធានការថ្មីនេះទាមទារនូវការអនុវត្តហ្មត់មែនទែន ហើយដូចពាក្យស្លោករបស់រដ្ឋាភិបាល ប្រហែលជាត្រូវហ៊ានអារកាត់។ អ៊ីចឹង តើភាពច្បាស់លាស់ ហើយភាពអារកាត់របស់រដ្ឋាភិបាលហ្នឹងកម្រិតណា? អានោះជាអ្វីដែលយើងត្រូវតាមដាន ពិនិត្យមើល និងវាយតម្លៃបន្តទៀត»។
លោកបន្ថែមថា រដ្ឋាភិបាលទំនងជាចង់កសាងកេរដំណែលនយោបាយរបស់ខ្លួន នៅពេលមានការដាក់ចេញយន្តការកែទម្រង់ជាបន្តបន្ទាប់នៅក្នុងរដ្ឋបាលសាធារណៈ និងវិស័យផ្សេងទៀត។
អនុក្រឹត្យដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កើតមានឡើងក្នុងពេលដែលគណៈរដ្ឋមន្ត្រីរបស់លោកត្រូវគេសង្កេតឃើញថា មានកូនរបស់អតីតរដ្ឋមន្ត្រីចាស់ៗក្នុងរដ្ឋាភិបាលអាណត្តិមុន ដូចយ៉ាង លោក ស សុខា បានឡើងជារដ្ឋមន្ត្រីមហាផ្ទៃជំនួសឪពុកគឺលោក ស ខេង។ លោក ទៀ សីហា ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសឪពុកគឺលោក ទៀ បាញ់ និងលោក សាយ សំអាល់ កូនប្រុសលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវបានផ្លាស់ប្តូរមុខតំណែងពីរដ្ឋមន្ត្រីក្រសួងបរិស្ថានមកកាន់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជាដើម។
ចំណែកកូនប្រុសរបស់អតីតប្រធានតុលាការកំពូលលោក ឌិត មុន្ទី គឺលោក ឌិត ទីណា បានបន្តដឹកនាំក្រសួងកសិកម្ម បន្ទាប់ពីលោកបានកាន់តួនាទីនេះតាំងពីអាណត្តិមុន។
ថ្មីៗនេះ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន ប្រធានគណក្សប្រជាជនកម្ពុជា ត្រូវបានសភាបោះឆ្នោតឱ្យកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីបន្ថែមលើតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ នាពេលខាងមុខនេះ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក៏នឹងត្រូវឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាជំនួសលោក សាយ ឈុំ ដែលត្រូវគេរំពឹងថានឹងទៅបំពេញការងារជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕
វេទិកាបញ្ចេញមតិ