នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានព្រមានដាក់ឈ្មោះក្នុងបញ្ជីខ្មៅចំពោះជនទាំងឡាយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតមកបង្ខូចមុខមាត់ និងកេរ្តិ៍ឈ្មោះកម្ពុជា ហើយបានច្រានចោលការស្នើសុំអន្តរាគមន៍ឱ្យមានការដោះលែងជនជាតិតៃវ៉ាន់ពីរនាក់ ដែលត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចដាក់ឱ្យជាប់ពន្ធនាគារ ចំពោះការបង្ហោះវីដេអូតាមប្រព័ន្ធទំនាក់ទំនងសង្គមថា ពួកគេជាជនរងគ្រោះនៃអំពើចាប់ជំរិត។
បុគ្គលដែលមានឈ្មោះក្នុងបញ្ជីខ្មៅព្រោះបានប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាដូចករណីជនជាតិតៃវ៉ាន់ខាងលើនេះ នឹងត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាជាដាច់ខាត។ នេះបើតាមលោកហ៊ុន ម៉ាណែត។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ម្សិលម៉្ងៃមានអ្នកតវ៉ារកអន្តរាគមន៍។ ខ្ញុំថា ឱ្យតាមទូរស័ព្ទ។ អ្នកអន្តរាគមន៍ថា ក្មេងៗអាណិតម្តាយឈឺនៅតៃវ៉ាន់។ សុំលែងទៅ! ខ្ញុំថា បើម្តាយឈឺគួរតែដាក់វាឱ្យយូរ។ បើម្តាយឈឺមិនគួរអកតញ្ញូ គួរតែនៅតៃវ៉ាន់មើលម្តាយឈឺ មិនគួរជិះកប៉ាល់ហោះមកបំផ្លាញស្រុកគេទេ។ ទី២ បើអ្នកឯងបំផ្លាញរូបភាពស្រុកខ្មែរមិនឱ្យ tourists (ភ្ញៀវទេសចរ) មក វេទនាប្រជាពលរដ្ឋយើងដែលអត់ចំណូល។ គិតមើលមើ!»។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា អ្នកដែលផលិតវីដេអូបំភ្លៃឱ្យខុសពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជាក្នុងចេតនាបំផ្លាញរូបភាពកម្ពុជា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាអស់មួយជីវិត។
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា៖ «ហើយសូមព្រមានទៅអ្នកផ្សេងទៀត ដែលយកកម្ពុជាធ្វើជាកន្លែងអាជីវកម្មដើម្បីបាន View (ទស្សនា) បានអី រូបភាពបែបនេះ គឺនឹងអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ អនុវត្តជាប់គុក ២ ឆ្នាំហើយ ចេញទៅ បណ្តេញចេញពីប្រទេស ហើយ blacklist (ដាក់ក្នុងបញ្ជីខ្មៅ) ឈប់ឱ្យចូលស្រុកខ្មែរ»។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា បដិសេធមិនផ្តល់ការអត្ថាធិប្បាយពាក់ព័ន្ធនឹងការស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឱ្យមានការដោះលែងជនជាតិតៃវ៉ាន់ទាំងពីរដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
លោកថ្លែងថា៖ «បាទ ខ្ញុំសុំទោស! ខ្ញុំអត់អាចឆ្លើយបានទេ ហើយខ្ញុំក៏អត់មានពេលដែរ បាទ»។
កន្លងមក មានសេចក្តីរាយការណ៍ និងរបាយការណ៍ជាច្រើនថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។ នៅក្នុងនោះ ខេត្តព្រះសីហនុគឺជាទីតាំងគោលដៅមួយ ដែលត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយអំពីករណីនេះផងដែរ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ប្រទេសនីមួយៗតែងតែមានច្បាប់នៅក្នុងការអនុវត្ត។ លោកបន្ថែមថា សង្គមស៊ីវិលជារឿយៗជំរុញឱ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ នៅពេលមានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា។
លោកបញ្ជាក់ថា៖ «អង្គការសង្គមស៊ីវិលនៅតែទទូចថា បើសិនជាមានព័ត៌មានដែលទាក់ទងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ឬក៏បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗគឺសុំឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការក្នុងការស៊ើបអង្កេត ការស្រាវជ្រាវដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីធានាអំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាពិសេសបទល្មើសផ្សេងៗដែលទាក់ទងនឹងបញ្ហានៃការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា»។
បើតាមលោក អំ សំអាត កម្ពុជាបានផ្តល់សច្ចាប័នជាច្រើនពាក់ព័ន្ធជាមួយសិទ្ធិមនុស្ស ហេតុនេះកម្ពុជាមានកាតព្វកិច្ចនៅក្នុងការធានានូវគុណតម្លៃសិទ្ធិមនុស្ស៕
វេទិកាបញ្ចេញមតិ