ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ផាកកាហ្វេ​លោក​គុយ វ៉ាត ជុំវិញ​ការ​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ


អតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ត្រូវបានឃាត់ខ្លួន ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ។ (Facebook)
អតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) លោក គុយ វ៉ាត ត្រូវបានឃាត់ខ្លួន ពីបទឆបោកប្រាក់រាប់សិបលានដុល្លារ។ (Facebook)

អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​អតីត​អគ្គ​នាយក​ក្រុមហ៊ុន​ខេមបូឌាន​ អ៊ិនវេសស្ទ័រ ​ឃែភីថល​ ផាត​នើរ ​ម.ក​ (CIC)​ លោក​ គុយ វ៉ាត​ ពីបទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ក្រោយ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ជា​ច្រើន​ទៅ​កាន់​តុលាការ​ពី​សំណាក់​ជន​រងគ្រោះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន ​ប្រាប់​វីអូអេ​ថា​ លោក ​គុយ វ៉ាត​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផាក​កាហ្វេ ​(Park Café)​ ផង​នោះ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ ២៤​ ខែ​សីហា​ ទៅ​តាម​ដីកា​របស់​តុលាការ​ ក្រោយ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់​ទៅ​លើ​អ្នក​ជំនួញ​រូប​នោះ។

លោក​ថ្លែង​ថា៖ ​«មាន​ករណី​ហ្នឹង​មែន! ​ការ​ចាប់​ខ្លួន​ពី​ថ្ងៃ​ ២៤ ​ពាក់ព័ន្ធ​បណ្តឹង​គាត់​ឆបោក​គេ​ច្រើន​ណាស់!​ លុយ​រាប់លាន។ ​ដើម​បណ្ដឹង​ច្រើន​ណាស់​ ខ្ញុំ​អត់​អាច​ប្រាប់​ប្រភព​បាន​ទេ ​ព្រោះ​វា​ច្រើន​ប្រភព​ពេក​ តែ​គ្រាន់​ថា​ ​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ»។​

ការ​ចាប់​ខ្លួន​លោក ​គុយ វ៉ាត​ កើត​ឡើង​ ក្រោយ​មាន​អ្នក​បណ្តាក់​ទុន​មួយ​ចំនួន​ក្នុង​ក្រុមហ៊ុន ​CIC​ បាន​ឱ្យ​ដឹង​ពី​ការ​ខាត​បង់​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ។​ ក្នុង​នោះ​ មាន​លោក​វេជ្ជបណ្គិត ​គួច ម៉េងលី ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Mengly J. Quach Education PLC។​ លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កន្លង​មក​ថា ​ ​លោក​បាន​ដាក់​លុយ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន ​CIC​ រយៈពេល ​១០ ​ឆ្នាំ​មក​ហើយ​ ដែល​សរុប​ជា​ទឹក​ប្រាក់​ចំនួន​ជិត​ ៣ ​សែន​ដុល្លារ។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​គួច ម៉េងលី​ នៅ​ថ្ងៃ​ចន្ទ​នេះ​ តែ​លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាំង​អស់​ ដោយ​ថា​ លោក​ធ្លាប់​បាន​បកស្រាយ​រឿង​នេះ​ជា​ច្រើន​មក​ហើយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​នា​ពេល​កន្លង​មក។​

មុន​ការ​ចាប់​ខ្លួន​លោក​ គុយ វ៉ាត​ ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​ជំនួញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មួយ​រូប​ផង​នោះ​ ក្រុមហ៊ុន​ CIC​ បាន​អំពាវនាវ​ឱ្យ​វិនិយោគិន​ចូលរួម​ក្នុង​យន្តការ​ដោះ​ស្រាយ​ពាក់ព័ន្ធ​លុយ​ជាង​ ១០០ ​លាន​ដុល្លារអាមេរិក​ ខណៈ​ក្រុមហ៊ុន​កំពុង​តែ​វេច​ខ្ចប់​ទ្រព្យ​ដើម្បី​ដោះស្រាយ​ជូន​ទៅ​អ្នក​វិនិយោគ​វិញ។​ នេះ​បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​ ២០២៤។​

ក្នុង​សេចក្តី​បំភ្លឺ​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ២៥​ ខែ​មីនា​ ឆ្នាំ​ ២០២៤​ ក្រុមហ៊ុន ​CIC ​បាន​រៀបរាប់​ថា ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​គឺ​ជា​វិបត្តិ​ហិរញ្ញ​វត្ថុ​ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ និង​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន​ពោល​ គឺ​មិនមែន​ជា​សំណុំ​រឿង​បោក​ប្រាស់​ដូច​ការ​ចោទ​ប្រកាន់​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន​ឡើយ។​

ក្រុមហ៊ុន​បញ្ជាក់​ថា៖​ «ក្រុមហ៊ុន​នៅ​តែ​រក្សា​គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ ដោយ​ធានា​ឱ្យ​បាន​ជា​អតិបរមា​នូវ​ផល​ប្រយោជន៍​របស់​វិនិយោគិន​គ្រប់​រូប។​ ក្រុមហ៊ុន​នឹង​បន្ត​ធ្វើការ​ដោយ​អនុលោម​ទៅ​តាម​គោល​ការណ៍​ និង​បទ​ប្បញ្ញត្តិ ​ដែល​កំណត់​ដោយ​ និយ័តករ​មូលបត្រ​កម្ពុជា ​(នមក) ​ដែល​តែង​តែ​តម្កល់​ផល​ប្រយោជន៍​វិនិយោគិន​ជា​អាទិភាព»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​ CIC ​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG