ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុម័ត​ការ​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ


រួបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ ក្រៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​សីហា ឆ្នាំ​២០២៣។
រួបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ ក្រៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​សីហា ឆ្នាំ​២០២៣។

រដ្ឋាភិបាល​នឹង​បង្កើត​យន្តការ​ថ្មីមួយ​ក្នុង​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​សំដៅ​ដល់​ការពង្រឹង ​និង​លើក​កម្ពស់​ប្រសិទ្ធភាពនៃ​ការ​សម្រប​សម្រួល​ ដោះ​ស្រាយ​បញ្ចប់​វិវាទ​របស់​ប្រជា​ពលរដ្ឋតាម​មូល​ដ្ឋាន។

​នា​ព្រឹក​ថ្ងៃ​សុក្រ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បាន​ដឹក​នាំកិច្ច​ប្រជុំ​ពេញ​អង្គរបស់​គណៈ​រដ្ឋ​មន្ដ្រី ដោយគណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​ទាំង​ស្រុង​លើ​«សេចក្តី​ព្រាង​ព្រះ​រាជ​ក្រឹត្យស្តី​ពី ​ការ​បង្កើត ​ការ​រៀប​ចំ និង​កិច្ច​ដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ»។

នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព លោក​ កើត រិទ្ធិ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​ថា​ យន្តការនៃ​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​គឺ​ជា​«ឧបករណ៍​គតិ​យុត្តិ​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង ​និង​លើក​កម្ពស់​ប្រសិទ្ធភាពនៃ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ចប់​វិវាទ​របស់​ប្រជាពលរដ្ឋ»។

​លោក​ថ្លែង​ថា៖ «ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​ បន្ទាប់​ពី​សេចក្តី​ព្រាង​ព្រះ​រាជ​ក្រឹត្យ​ស្តី​ពីការ​បង្កើត​ ការ​រៀប​ចំ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ត្រូវ​បាន​អនុម័ត​ និង​ចូល​ជាធរមាន ព្រះ​រាជក្រឹត្យ​នេះ នឹង​ក្លាយ​ជា​ឧបករណ៍​គតិយុត្តិ​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង និង​លើក​កម្ពស់​ប្រសិទ្ធ​ភាពនៃការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ចប់​វិវាទ​របស់​ប្រជា​ពលរដ្ឋ ជាពិសេស​វិវាទ​របស់​ប្រជា​ពលរដ្ឋ​នៅមូល​ដ្ឋាន​ បាន​កាន់​តែ​ឆាប់​រហ័ស និង​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត»។

បើ​តាម​លោក កើត រិទ្ធិ យន្តការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ គឺ​ជាអាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាពទាំង​បី ដែល​ក្រសួងយុត្តិធម៌​នឹង​យក​ចិត្ត​ទុកដាក់ ហើយកិច្ច​ការ​អាទិ​ភាព​ចំនួន​ពីរ​ទៀត ​គឺ«ការ​ពង្រឹង ​និង​ការ​ពន្លឿន​ដោះ​ស្រាយ​រឿង​ក្តីនៅ​តាម​តុលាការ​ឱ្យ​បាន​ឆាប់​រហ័ស» ​និង​«ការ​ត្រួត​ពិនិត្យ ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ»។ យន្តការ​ទាំង​នេះ​សំដៅ​ជួយ​ដោះ​ស្រា​យ​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​លើក​កម្ពស់​សុច្ចរិត​ភាព និង​ភាព​ត្រឹម​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ចំណាត់​ការ​រឿង​ក្តី ​ដោយ​តុលាការ។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​បន្ថែមថា​ ការ​ដោះ​ស្រាយ​វិវាទ​តាមរយៈ​ការ​ផ្សះផ្សា​គ្នា ​ក៏ត្រូវបាន​អនុញ្ញាត​ទាំង​ក្នុង​ប្រព័ន្ធ​តុលាការ ​និង​ក្រៅ​ប្រព័ន្ធ​តុលាការ ​ដើម្បីបញ្ចប់​វិវាទនានា​ឱ្យ​បាន​ឆាប់ និង​ដើម្បី​ឱ្យ​ភាគី​វិវាទទទួល​យក​បាន​ទាំង​សង​ខាង។

លោក កើត រិទ្ធិ ​ក៏​បាន​ស្នើ​ទៅ​កាន់រដ្ឋាភិបាលថា ​បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​រៀប​ចំ​រួច​រាល់ គឺស្នើ​សុំ​ធ្វើ​យុទ្ធនា​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​ដោយ​ប្រើយន្តការ​ថ្មី​នេះ​ ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឈានសម្រេច​ឱ្យ​បាន ​ក្នុង​នីតិកាល​ទី៧ ​នៃ​រដ្ឋសភា​ នូវ​លទ្ធផល​ជាក់​ស្តែង។

លោកថា​ ការ​បង្កើត​យន្ត​ការ​នេះ ​ក៏​បាន​ផ្អែក​លើ​ទិដ្ឋភាព​សង្គម ​ដែលប្រជា​ពលរដ្ឋ តែង​តែ​ប្រើ​ប្រាស់​យន្តការ​រដ្ឋ​បាល​ ដោយ​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ។ ​លោកបញ្ជាក់​ថា​ យន្តការ​ថ្មី​នេះ​នឹង​ផ្តល់​កា​រគាំទ្រ​ផ្នែក​បច្ចេកទេស និង​ផ្តល់​កិច្ច​សហការ​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​តួអង្គ​នានា​សំដៅ​លើក​កម្ពស់​សមត្ថភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយវិវាទ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ​ដោយ​ប្រើ​វិធី​«សម្រប​សម្រួល​ផ្សះ​ផ្សាវិ​វាទ»។

លោក​ កើត រិទ្ធិ ថ្លែង​ថា៖ «លើ​ទិដ្ឋភាព​សង្គម ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ វា​មាន​លក្ខណៈ​ស្រប​ទៅ​នឹង​ប្រពៃណី​នៃការដោះ​ស្រាយ​វិវាទ​នៅ​ក្នុង​សង្គម​កម្ពុជា​ ដែល​ជា​ទូទៅ​ប្រជា​ពលរដ្ឋ តែង​តែប្រើ​ប្រាស់​យន្តការ​រដ្ឋ​បាល​ ដោយ​ប្តឹង​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន ដូច​ជា​មេ​ភូមិ​ មេ​ឃុំ ​អភិបាល​ស្រុក ឬ​អភិបាល​ខេត្ត​ជាដើម ដើម្បី​ជួយ​ដោះ​ស្រាយ​វិវាទ​របស់​ពួក​គាត់ ហើយ​វិធី​សាស្ត្រ​ក្នុង​ដោះ​ស្រាយ​វិវាទ​ដែល​ល្អ​បំផុត តាម​រយៈ​យន្តការ​រដ្ឋបាល​នេះ គឺ​ការ​សម្រប​សម្រួល ​ផ្សះ​ផ្សា​វិវាទ ដើម្បី​ទទួល​បាន​នូវ​ដំណោះ​ស្រាយ​មួយ ​ដែល​ជា​ដំណោះ​ស្រាយ​ឈ្នះៗ ​សម្រាប់​ភាគី​វិវាទ​ដែល​មាន​ការ​ពាក់​ព័ន្ធ»។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​គូស​បញ្ជាក់ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋ​មន្ដ្រីថា ​ការ​ដោះ​ស្រាយ ​និង​ការ​ពង្រឹង​យុត្តិ​ធម៌ ​គឺ​ជាអាទិភាព​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧។

លោក​ថា​ ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ គឺ​ជា​ជម្រើស​ថ្មី​មួយ ដើម្បី​បំពេញ​បន្ថែម​នូវ​យន្តការ​ដែល​មាន​ស្រាប់​ និងមិន​ជំនួស​យន្តការ​តុលាការ​ឡើយ។ លោក​បន្ថែម​ថា​ យន្តការ​ថ្មី​នេះ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ ​និង​មាន​ការ​បោះ​ត្រា ដើម្បីផ្តល់​ភាព​ស្រប​ច្បាប់ដល់​គូ​វិវាទ។

​លោក ហ៊ុន ម៉ាណែត សង្ឃឹម​ថា ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​ជំរុញ​សេវា​យុត្តិ​ធម៌​ឱ្យ​កាន់​តែ​ជិតប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​កាត់​បន្ថយ​ការ​ចំណាយថវិកា ​ពេល​វេលា​ និង​សម្រួល​ការ​កក​ស្ទះសំណុំ​រឿង​នៅ​តុលាការ។

លោក​ថ្លែង​ថា៖ «កិច្ចការ​ទាំង​អស់​នេះ​ គឺ​ដើម្បី​ផ្តល់​នូវ​ជម្រើស​បន្ថែម​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា។ ​ហើយ​សូម​បញ្ជាក់​យន្តការ​ថ្មី​នេះ ការ​អនុវត្ត​គឺ​មិនមែន​ធ្វើ​ឡើង​ដើម្បី​បង្ខិត​បង្ខំ​ប្រជា​ពលរដ្ឋឱ្យ​ទៅ​ប្រើ​សេវា​នេះ​ទេ​ ​ប៉ុន្តែ​គឺ​ជា​ជម្រើស​បន្ថែម​សម្រាប់​ប្រជា​ពល​រដ្ឋ​របស់​យើង»។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ យល់​ថា ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​ក៏​ជា​ការ​ល្អ​មួយ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​តាម​មូល​ដ្ឋាន​ឱ្យ​បាន​ទាន់​ពេល​វេលា​ និងជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ។ ​ប៉ុន្តែ​លោក​ថា​ យន្តការ​ថ្មី​នេះ​ ត្រូវ​តែ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ទៅលើ​វិវាទ​ណាខ្លះ​ដែល​អាច​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ ដែល​សំដៅ​ដល់​ការ​ដោះ​ស្រាយ​លើ​បទ​ល្មើសលហុ និងរដ្ឋប្បវេណី ​ព្រោះ​ដូច​ករណីអំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ចំនួន ដែល​មិន​បាន​រស់​នៅ​ចុះ​សម្រុង​ ដែល​ជាសំណុំ​រឿង​ព្រហ្មទណ្ឌ។

​លោក​ប្រាប់​វីអូអេ​ថា៖ «ការ​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា​មួយ ​ដែ​ល​ចូល​ទៅ​ដល់​ច្បាប់​ក្រម​ព្រហ្មទណ្ឌ ​បទ​ល្មើសមជ្ឈឹម​កម្រិត​ធ្ងន់​ឡើង​ហើយ ​អាហ្នឹង​មិន​អាច​ធ្វើការ​សម្រប​សម្រួល​ទេ​ ព្រោះ​ធ្វើ​ការ​សម្រប​សម្រួល​ទៅ ​វា​ជា​រឿង​មួយ​ដែល​អាច​ប៉ះ​ពាល់​ទៅ​ដល់ ទី១ ​បញ្ហា​ផ្លូវ​ច្បាប់ ​ទី២ ភាព​មិន​រាង​ចាល​ ​កាន់​តែ​ធ្វើ​ឱ្យ​បញ្ហា​ហ្នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម»។

លោក អំ សំអាត បន្ថែម​ថា ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ត្រូវ​តែបណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ ​ហើយ​ការ​ដោះ​ស្រាយ​ត្រូវឈរ​លើ​គោល​ការណ៍​ច្បាប់​ គោល​ការណ៍​ផ្សះ​ផ្សា​និង​វិវាទ ដើម្បីធ្វើ​ការ​សម្រប​សម្រួល។ ​លោកថា ​មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​ឈរលើ​ទស្សនៈ​អព្យាក្រឹត តម្លាភាព មិន​មាន​ភាព​លម្អៀង ​និង​កុំ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី ​និង​អំពើ​ពុយ​រលួយ​ នៅ​ពេល​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ ដើម្បី​ទទួល​បាន​ការទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ ​និង​ប្រសិទ្ធភាព​នៃ​យន្តការ​ថ្មី​នេះ។

​ក្រោយគណៈ​រដ្ឋមន្ត្រី​ បាន​បោះ​ឆ្នោត​សម្រេច​នាព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​ចាត់​ចែង​ឱ្យទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ក្រសួង​យុត្តិធម៌ ​រៀប​ចំ​បញ្ជូន​សេច​ក្តី​ព្រាង «ព្រះ​រាជ​ក្រឹត្យ​ស្តី​ពីការ​បង្កើត ​ការ​រៀប​ចំ និង​កិច្ច​ដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ»​ ដាក់​ថ្វាយជូន​ព្រះ​មហាក្សត្រ ដើម្បីពិនិត្យ ​និង​ឡាយ​ព្រះ​ហត្ថ​លេខា ​ដោយ​ចាត់​ទុក​ជា​ការ​ប្រញាប់៕

XS
SM
MD
LG