ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា ការចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ផ្សេង​ទៀត​គឺ​ដើម្បី​បង្កើត​មិត្ត


រូបឯកសារ៖ លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចងសម្ពន្ធ​ភាព​ជាមួយ​គណ​បក្សនយោបាយ​ចំនួន​២៧​ទៀត នៅ​ថ្ងៃ​ពុធ​នេះ ដែល​លោក ហ៊ុន សែន ប្រធាន​គណបក្ស​កម្ពុជាអះអាង​ថា​ សម្ពន្ធភាព​នេះ​ធ្វើ​ឡើង​ដើម្បី​បង្កើត​មិត្ត។

ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​ចងសម្ពន្ធ​ភាព​នៅ​វិ​មាន​៧ ​មករា ​ដែល​ជា​ទីស្នាក់​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ហ៊ុន សែន បាន​ឆ្លើយ​តប​នឹងសំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ថា ​ការ​ចង​សម្ពន្ធ​ភាព​នេះ​ មិន​មែន​ធ្វើ​ឡើង​ដើម្បី​ទាញ​យកប្រជា​ប្រិយ​ភាព​សម្រាប់​គណ​បក្ស​កាន់​អំណាច​នោះឡើយ​។ លោក​បន្ថែម​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​អាច​ដើរ​តែ​ម្នាក់​ឯង​ក៏​បាន​ដែរ ​ប៉ុន្តែ​អ្វី​ដែល​ឈាន​ដល់​ការ​ចង​សម្ពន្ធ​ភាព​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​របស់​គណ​បក្ស​នយោ​បាយ​ទាំង​នោះ និងដើម្បី​បង្កើត​«មិត្ត»​។ ​អតីត​នាយក​រដ្ឋមន្រ្តី​រូប​នេះ​បញ្ជាក់​ថា​ គណ​បក្សចង​សម្ពន្ធ​ភាព​ទាំង​អស់​នេះ​ គឺ​ជា​ដៃគូ​ស្មើ​ភាព និង​ស្មើ​សិទ្ធិ​។

​លោក​ថ្លែង​ថា៖ «គណ​បក្ស​ប្រជា​ជន​នៅតែ​ឯង ​វាក៏​មិន​លើស​ វា​ក៏​មិន​ខ្វះ​ ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ចង​សម្ពន្ធ​ភាព​។ ប៉ុន្តែអ្វី​ដែល​ល្អ ​គឺ​នៅ​ត្រង់​ថា​ គណ​ប​ក្ស​ប្រជា​ជន​បាន​ធ្វើ​លេខ​បូក ​នៅ​ត្រង់​ថា​ យើង​បាន​បង្កើត​មិត្ត ​ជាមួយ​នឹង​បណ្តា​គណបក្ស​នយោ​បាយ​ដទៃ​ទៀត ​ដើម្បីសហការ​ទៅ​លើគោល​ដៅ​ធំ​ៗ ​ដែល​ជាផល​ប្រយោ​ជន៍​ អាយុ​ជីវិត​របស់​ជាតិ​ ហើយ​គណបក្ស​ប្រជា​ជន​ មិន​ស្វះ​ស្វែងធ្វើ​អនុត្តរ​ភាព​ ​[ឬ​]​ លេប​គណ​បក្ស​ដទៃ​នោះ​ទេ​»​។

បើ​តាម​លោក ហ៊ុន សែន ​កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ចង​សម្ពន្ធ​ភាព​នេះ ​គឺ​ជា​ការអនុ​វត្ត​នយោ​បាយបង្រួប​បង្រួម​ជាតិ​ឱ្យ​កាន់​តែ​រឹង​មាំ។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «​កិច្ច​សហ​ប្រតិ​បត្តិការ ​និង​សម្ពន្ធ​ភាព​រវាង​បណ្តា​គណ​បក្ស​នយោ​បាយ​នៅ​កម្ពុជា ​ដើម្បី​ជំរុញ​ការ​អនុវត្តនយោ​បាយ​បង្រួប​បង្រួម​ជាតិ​ឱ្យ​កាន់​តែ​រឹង​មាំ​ ដើម្បី​ប្រមូល​កម្លាំង​សេ្នហា​ជាតិ ​ចូល​រួ​ម​ថែ​រក្សា​សន្តិ​ភាព ស្ថិរ​ភាព​នយោ​បាយ​ សំដៅ​ធានា​ឱ្យ​ភាព​សុខ​សាន្ត និង​ការ​អភិ​វឌ្ឍ​ប្រទេស​រយៈ​ពេលយូរ​អង្វែង​»​។

មូល​ហេតុ​ដែល​ឈា​ន​ដល់​ការ​បង្កើត​សម្ពន្ធ​ភាពនេះ ផ្តើម​ចេញ​ពី​គំនិត​ផ្តួច​ផ្តើម​របស់​គណ​បក្ស​១៨​ រហូត​ដល់​មាន​ការ​ចុះ​ហត្ថ​លេខា​រវាង​គណ​បក្ស​ចំនួន​២៨​ ​នា​ពេល​នេះ​។ នេះ​បើ​តាម​លោក ហ៊ុន សែន​។

គណ​បក្ស​ដែល​ចង​សម្ពន្ធ​ជាមួយ​គណ​បក្ស​កាន់​អំណាច ​មាន​ដូច​ជា​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ ​គណ​បក្ស​យុវ​ជន​កម្ពុជា​ គណ​បក្ស​ស្រ្តី​ដើម្បី​ស្រ្តី​ គណ​បក្ស​សញ្ជាតិ​ខ្មែរ ​គណ​បក្ស​ធម្មា​ធិប​តេយ្យ គណ​បក្ស​ខ្មែរ​តែ​មួយ គណ​បក្ស​ខ្មែរ​ក្រោក គណ​បក្ស​ខ្មែរ​សាធារណ​រដ្ឋ និង​គណ​បក្ស​ម៉ូលី​ណា​កា​ ជា​ដើម។

បើ​តាម​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ និង​សម្ពន្ធ​រវាង​បណ្តា​គណ​បក្ស​នយោ​បាយ​នៅ​កម្ពុជា​ ​ដែល​មាន​ចុះ​ហត្ថ​លេខា​របស់​ប្រធាន​គណ​បក្ស​ទាំង​២៨ ​គណ​បក្ស​ទាំង​អស់​បាន​ព្រម​ព្រៀង​គ្នា​ចំនួន ​៨​ចំណុច​ ដោយ​ក្នុងនោះ​ រួម​មាន​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជាមួយ​គ្នា​ ​ដោយ​ស្មើ​ភាព ​ស្មើ​សិទ្ធិ គោរព​នូវឯក​រាជ្យ​ និង​ស្វ័យ​ភាព​របស់​គណ​បក្ស​នីមួយ​ៗ ការប្តេជ្ញា​គោរព​ប្រតិ​បត្តិ ​និង​ការពារ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ និងការពារ​របប​រាជា​និយម និង​ការលើក​កម្ពស់​លទ្ធិ​ប្រជា​ធិប​តេយ្យ ​សេរី​ពហុ​បក្ស ​ធានា​សិទ្ធិ​មនុស្ស ​ការ​គោរព​ច្បាប់​ យុត្តិ​ធម៌​សង្គម​ និង​ពង្រឹ​ង​ក្រុម​សាមគ្គី​ជាតិ ​ការប្តេជ្ញា​ការពារ​ឯក​រាជ្យ​ អធិ​ប​តេយ្យ​ និង​បូរណ​ភាព​ទឹកដី​កម្ពុជា​ឱ្យ​បាន​គង់​វង្ស ​និង​ការពារ​សន្តិ​ភាព ស្ថិរ​ភាព​នយោ​បាយ ​និង​សណ្តាប់​ធ្នាប់​សង្គម ​ដើម្បី​ធានាដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ ដោយ​ចីរភា​ព និង​លើក​កម្ពស់​ជីវភាពរស់​នៅ​របស់​ប្រជា​ជនទាំង​មូល​។

​ក្រៅ​ពី​នោះ ​គណ​បក្ស​ទាំង​២៨​ ​សម្រេច​ថា​សហការ​គ្នា ​ដើម្បី​ទប់​ស្កាត់ ​និងកម្ចាត់​នយោ​បាយ​ជ្រុល​និយម ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ឧបា​កល និង​សកម្ម​ភាព ដែល​ព្យាយាម​បំផ្លាញឯក​ភាព​ជាតិ ​បង្ក​អស្ថិរ​ភាព​ក្នុង​សង្គម​ ​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យ ប៉ុន​ប៉ង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​ជាធរ​មាន និង​ប្តេជ្ញា​មិន​ធ្វើ​ការ​ប្រឆាំង​រវាង​គណ​បក្ស​ចង​សម្ពន្ធ​ដោយ​ប្រការ​ណា​មួយ​ រួម​ទាំង​ការ​មិន​ធ្វើ​ការ​ឃោសនា​ប្រឆាំង​គ្នា​ក្នុង​យុទ្ធនា​ការ​បោះ​ឆ្នោត និង​មិន​ធ្វើ​សម្ពន្ធ​ភាព​ជាមួយ​គណ​បក្ស​នយោ​បាយ ឬ​ក្រុម​នយោ​បាយ​ណា ​ដែល​ប្រឆាំង​នឹង​សម្ពន្ធ​ភាព​របស់​ខ្លួន​។

​បន្ថែម​ពី​នេះ ​លោក ហ៊ុន ​ សែន បញ្ជាក់​ថា​គណ​បក្ស​ទាំង​អស់​នឹងកសាង និង​ពង្រឹង​ទំនាក់​ទំនងសហ​ប្រតិ​បត្តិការ​ តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ហើយ​«ក្នុង​ករណី​មាន​បញ្ហា​ចោទ​ឡើង ​ត្រូវ​ចាត់​តាំង​តំណា​ង​ឱ្យ​ជួប​ពិភាក្សា រួមគ្នា​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​»​ ​និងបើក​ទូលាយ​សម្រាប់​គណ​បក្ស​នយោ​បាយ​ស្រប​ច្បាប់​ផ្សេង​ទៀត​ ដែល​គាំទ្រ ​និង​មាន​បំណង​ចង់​ចូល​រួម​សហ​ប្រតិ​បត្តិ​ការ​ក្នុង​សម្ពន្ធ​ភាព​នេះ​។

លោក ពេជ្រ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ កាល​ពី​កន្លង​ទៅ អ្នក​នយោ​បាយ និង​អ្នក​គាំទ្រ​នយោបាយ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ​តែង​តែ​មើល​មុខ​គ្នា​មិន​ត្រូវ​ ដូច្នេះ​លោក​ថា​ការ​ចង​សម្ពន្ធ​ភាព​នេះ ដើម្បី​បញ្ចៀស​ការ​រើស​អើង​គ្នា​។

លោក​ថ្លែង​ថា៖ «​នយោ​បាយ​ធ្វើ​ដើម្បី​បម្រើ​ជាតិ និង​បម្រើ​ប្រជាជន​តែប៉ុណ្ណោះ មិន​មែន​ធ្វើស៊ី​សាច់ ហុត​ឈាម​ សម្លាប់​ភាគី​ខ្មែរ​ណា​មួយទេ​។ អ៊ីចឹង​យើង​ត្រូវ​រួមគ្នា ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឱ្យ​ខ្មែរ​រួប​រួម​គ្នា ហើយ​យើង​បម្រើ​ជាតិ​ទាំង​អស់​គ្នា​។ ហើយ​គណ​បក្សណា​មាន​សមត្ថ​ភាព​ដឹក​នាំ​បាន​ល្អជាង​ ប្រជាពលរដ្ឋ គាត់​មើល​ឃើញ គាត់​បោះ​ឱ្យ​ហើយ​។ វា​មិន​មែន​បាត់​បង់​ការ​គាំទ្រដោយ​សារ សម្ពន្ធ​ភាព​ហ្នឹងទេ ព្រោះ​សម្ពន្ធ​ភាព​នេះ ​មិន​មែន​មាន​តែ​ខ្មែរ​ទេ​ចង​ នៅ​ថៃ​ក៏​ចង​ដែរ​»។​

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ដែល​មាន​៥អាសនៈ​ក្នុង​រដ្ឋសភា មិន​បាន​ចូលរួម​ក្នុងសម្ពន្ធភាព​នេះ​ឡើយ។

ការ​ចង​សម្ពន្ធ​របស់​គណបក្ស​ទាំង​២៨​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​គណ​បក្ស​ប្រឆាំង​ចំនួន​៤ ​ក្នុង​នោះ​មាន​គណ​បក្ស​ភ្លើង​ទៀន គណ​បក្ស​ឆន្ទៈ​ខ្មែរ គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ​និង​គណ​បក្ស​កែ​ទម្រង់​កម្ពុជា ​បាន​ចង​សម្ពន្ធ​ភាព​ ដើម្បី​ត្រៀម​កម្លាំង ​ក្នុង​ការ​ចូល​រួមប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នានា ​ជាមួយ​គណ​បក្ស​កាន់​អំណាច ​ទាំង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ និង​បោះ​ឆ្នោតជ្រើស​រើសក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ​ នា​ឆ្នាំ​២០​២៤​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៨។

​លោក ​សុក ហាច​ ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ធ្លាប់​បាន​ថ្លែង​ថា ​ការ​ចង​សម្ពន្ធ​នេះ ​ក៏​ដោយ​សារ​តែ​គណបក្ស​ទាំង​អស់​ធ្លាប់​ទទួល​បាន​មេរៀន​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តំាង​តំណាង​រាស្ត្រ​ដែល​គ​ណ​បក្ស​ភ្លើង​ទៀន​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​។

លោក​បន្ថែម​ថា ​ការ​ចង​សម្ពន្ធ​នេះ ​ក៏​ជួយ​កុំ​ឱ្យកើត​ឡើង​ នូវ​បញ្ហា​ចាស់​សា​ជា​ថ្មី​ផង​ដែរ ​ដូច​ជាអវត្ត​មាន​គណបក្ស​ប្រឆាំង​ ក្នុង​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិនា​ឆ្នាំ​២០២៣​នេះ​ជា​ដើម​។

​អ្នកវិភាគ​នយោ​បាយ​ លោក សេង សារី យល់​ថា ​វិវឌ្ឍ​នយោ​បាយ​បែប​នេះ​បាន​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​នយោ​បាយ​កម្ពុជា ​ដែលធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ ​ឃើញ​ប៉ូល​២ ដែល​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​គណប​ក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​។

លោក​ប្រាប់​វីអូអេ​ថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា​វា​ល្អ​សម្រាប់​នយោ​បាយ​កម្ពុជា វាល្អ​សម្រាប់​សង្វៀន​នយោ​បាយ​ សង្វៀន​នៃ​ការ​ប្រកួត​ប្រជែង​នយោ​បាយ​កម្ពុជា​ទៅ​អាណត្តិ​ក្រោយ​ៗ​ទៀត»។

លោក​បន្ថែម​ថា​៖ ​«ជា​ការ​សន្និ​ដ្ឋាន​របស់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​យុទ្ធ​សាស្ត្រ​ ខោក​ក្បាល​អង្អែល​ខ្នង​គណ​បក្ស​ភ្លើង​ទៀន​ ​ខណៈ​ដែល​កន្លង​មក ​គឺ​គណ​បក្ស​ភ្លើង​ទៀន ​មិន​មាន​ឱកាស​ចូល​រួម​ការ​បោះ​ឆ្នោត មេដឹក​នាំ​របស់ចលនា​ប្រជា​ធិប​តេយ្យ​ ដែល​យើង​ស្គាល់​ថា​ជា​លោក សម រង្ស៊ី ​មិន​អាច​ចូល​ស្រុក​បាន​។ ​អ៊ីចឹង​ហើយ​ខ្ញុំ​មើល​ទៅ​មាន​ន័យ​ថា​ដូច​ជា ​ចាត់​ការ​ក្បាល​ម៉ាស៊ីន​អ្នកប្រ​ជា​ធិប​តេយ្យ ក៏​ប៉ុន្តែ​ហា​ក់​បី​ដូច​ជា​ធ្វើ​ខ្លាច​ចលនា​ប្រជាធិប​តេយ្យ​ដែល​កំពុង​តែ​រួម​គ្នា​នេះ​»​។​

គួរ​បញ្ជាក់​ថា​ក្រោយ​ការ​ចង​សម្ពន្ធ​ភាព​រួច​រាល់​ គណ​បក្ស​ភ្លើង​ទៀន​បាន​ប្រកាស​ថា​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិកព្រឹទ្ធ​សភា ​នីតិ​កាល​ទី៥ ​ឆ្នាំ​២០​២៤ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៤ ឆ្នាំ​២០២៤ ​ ​ដែលនឹងជ្រើស​រើស​យក​គណ​បក្ស​មួយ ​ដែល​បាន​ចង​សម្ពន្ធ​ភាព​ទៅ​ប្រកួត​ប្រជែង​។

​លោក ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ​ក៏​បាន​ថ្លែង​ថា​ គណ​បក្ស​៤​រួម​មាន​គណ​បក្ស​ភ្លើង​ទៀន ​ដែល​ចង​សម្ពន្ធ​នា​ពេល​ថ្មី​នេះ​ ពិត​ជា​បាន​សម្រេច​គោល​ដៅរបស់​ពួកគេ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០​២៤​៕

XS
SM
MD
LG