ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Scalise ​ដកខ្លួន​ចេញ​ពី​ការប្រកួត​តំណែង​ប្រធាន​រដ្ឋសភា​


លោក Steve Scalise ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយដកខ្លួនចេញពីការប្រកួតកាន់តំណែងប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។
លោក Steve Scalise ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយដកខ្លួនចេញពីការប្រកួតកាន់តំណែងប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣។

លោក Steve Scalise ​នៃគណបក្សសាធារណរដ្ឋបញ្ចប់ការប៉ុនប៉ង​ឱ្យ​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​ក្រោយពី​លោក​គ្មានសំឡេង​ឆ្នោត​គ្រប់គ្រាន់​ដើម្បីទទួល​តំណែង​នេះ។​ លោក Scalise បាននិយាយប្រាប់សហសេវិកនានា​របស់​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​ការប្រជុំបិទទ្វារ​មួយ​ កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍អំពី​សេចក្តី​សម្រេច​របស់​លោក។

វិធានការ​បន្ទាប់​មាន​ភាពស្រពិច​ស្រពិល ពីព្រោះ​រដ្ឋសភាបានបិទនៅ​ពេល​ក្រុម​សាធារណរដ្ឋ​ព្យាយាម​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ម្នាក់ក្រោយ​ការដកលោក ​Kevin McCarthy ​ពីតំណែង​នេះ។

លោក Scalise បានថ្លែង​ថា​ គណបក្ស​សាធារណរដ្ឋ​ជា​ក្រុម​ភាគច្រើន​ «ត្រូវ​តែ​ប្រមូលផ្តុំគ្នា​ហើយ​មិន​ទាន់មាន​ការណ៍​នេះ​នៅឡើយ​ទេ»។

លោកបាន​ធ្វើការ​ច្រើនដើម្បី​ធ្វើឱ្យមាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ ក្រោយ​ពី​បាន​ទទួលការ​តែងតាំង​ដោយសហសេវិកភាគ​ច្រើន​របស់​លោក តែ​ក្រោយ​ពី​មាន​ជំនួបឯកជន​ច្រើន​ម៉ោង​ជាង​ពីរ​ថ្ងៃ​និង​រហូត​ដល់​ពេល​យប់ជ្រៅនៅ​ក្នុង​វិមាន​សភា​កាពីតូល​មក ​មាន​ការច្បាស់លាស់​ថា​ ក្រុម​សមាជិកសភានៅតែ​មិនព្រម​គាំទ្រ​លោក។

​មាន​ការខឹងសម្បារ​កាន់តែ​ខ្លាំងឡើងនៅ​ពេល​វិបត្តិនេះ​មាន​ភាព​ធ្ងន់ធ្ងរ​ជាងមុន ​ហើយ​ក្រុម​សាធារណរដ្ឋ​បាន​ខាត​មួយ​ថ្ងៃ​ទៀត​ដោយ​គ្មានប្រធាន​រដ្ឋសភា។ លោក Scalise បានខំប្រឹងឱ្យមានសំឡេង​គាំទ្រ​ជាង ​១០០ ​ភាគច្រើន​ពី​ក្រុម​សមាជិកដែល​គាំទ្រ​គូប្រជែងធំ​របស់​លោក ​គឺអ្នក​តំណាងរាស្ត្រ ​លោក ​Jim Jordan ​ប្រធានគណៈកម្មាធិការនីតិកម្ម​ដែល​មានការ​គាំទ្រ​ពី​ក្រុម​អ្នក​និយមនយោបាយ​តឹងរ៉ឹង។ លោក​ Jim Jordan បានប្រកាស​ថា​ លោក​មិនឈរ​ឈ្មោះ​ទៀត​ទេ ហើយ​ថា​ លោក​បោះឆ្នោត​ឱ្យ​លោក​ Scalise។

តែក្រុម​និយម​នយោបាយ​តឹងរ៉ឹង​ជា​ច្រើន​នាក់​ដែលធ្វើ​តាម​ខ្សែ​ញាក់​របស់​លោក Donald Trump ​នៅ​តែក្រាញ​ននៀល​ក្នុង​ការប្រយុទ្ធដ៏យូរដើម្បី​រក​អ្នក​ជំនួស​លោក McCarthy នៅ​ក្រោយការ​ដក​លោក​ពី​តំណែងជា​ប្រវត្តិសាស្ត្រ​នេះ។ ពួក​គេ​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ លោក Scalise ​មេដឹកនាំ​ក្រុម​ភាគច្រើន​មិនមែន​ជាជម្រើស​ល្អ​ជាងមុន​ទេ ​ហើយ​ថា​ លោកគួរ​ផ្តោត​លើសុខភាព​លោក​ ដោយសារ​លោក​កំពុង​ប្រយុទ្ធនឹងជំងឺ​មហារីក​ ហើយ​លោក​មិនមែន​ជា​មេដឹកនាំដែលពួក​គេ​នឹង​គាំទ្រ​ទេ។ មិន​ទាន់មាន​ការកំណត់​ធ្វើការ​បោះឆ្នោត​ក្នុង​រដ្ឋសភា​ទៀតទេ៕

XS
SM
MD
LG