រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការបិទមួយផ្នែកនៅថ្ងៃអាទិត្យ ខណៈដែលព្រឹទ្ធសភា និងរដ្ឋសភានៅតែមិនយល់ស្របគ្នាលើទំហំថវិកាចាយវាយរបស់ខ្លួនសម្រាប់រយៈពេល១២ខែទៀត ជំនួយបន្តសម្រាប់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ការគ្រប់គ្រងអន្តោប្រវេសន៍នៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងកម្មវិធីសុខុមាលភាពសង្គមដើម្បីជួយប្រជាជនអាមេរិកក្រីក្រ។
ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យកំពុងរៀបចំផែនការបោះឆ្នោតតាមនីតិវិធីនៅថ្ងៃព្រហស្បតិ៍នេះដើម្បីជំរុញផែនការផ្តល់មូលនិធិរយៈពេលប្រាំពីរសប្តាហ៍ដែលនឹងធ្វើឱ្យរដ្ឋាភិបាលបើកចំហពេញលេញដូចធម្មតារហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដើម្បីឱ្យសមាជិកសភាមានពេលវេលាបន្ថែមទៀតដើម្បីកំណត់កម្រិតចំណាយរហូតដល់ខែកញ្ញា ឆ្នាំ២០២៤។
ប៉ុន្តែប្រធានរដ្ឋសភាលោក Kevin McCarthy ដែលមានសំឡេងភាគច្រើនពីគណបក្សសាធារណរដ្ឋតែបន្តិចបន្តួចនៅក្នុងរដ្ឋសភាបានច្រានចោលមិនយកផែនការរបស់ព្រឹទ្ធសភាមកពិភាក្សានៅកិច្ចប្រជុំពេញអង្គនៅរដ្ឋសភាទេ។
ផ្ទុយទៅវិញ រដ្ឋសភាកំពុងបន្តបោះឆ្នោតលើវិសោធនកម្មច្បាប់ថវិកាចាយវាយរយៈពេលមួយឆ្នាំសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលចំនួនបួន ដែលមានឱកាសតិចតួចក្នុងការទទួលបានការអនុម័តពីព្រឹទ្ធសភា ហើយក្នុងករណីណាក៏ដោយ ក៏នឹងមិនអាចរារាំងការផ្អាកប្រតិបត្តិការរដ្ឋាភិបាលទាំងអស់លើកលែងតែប្រតិបត្តិការចាំបាច់មួយចំនួននៅត្រឹមពាក់កណ្តាលអធ្រាត្រនោះទេ។
ប្រសិនបើកិច្ចព្រមព្រៀងផ្តល់មូលនិធិរយៈពេលខ្លីមិនអាចសម្រេចបានទេ បុគ្គលិកយោធាអាមេរិកជាង៤លាននាក់ និងបុគ្គលិករដ្ឋាភិបាលនឹងមិនទទួលបានប្រាក់បៀវត្សរ៍ទេ បើទោះបីជាសេវាកម្មសំខាន់ៗ ដូចជាកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងចំណុចច្រកចូលព្រំដែននៅតែមានបុគ្គលិកធ្វើការក៏ដោយ។ អ្នកទទួលប្រាក់សោធននិវត្តន៍អាចនឹងមិនទទួលបានប្រាក់ប្រចាំខែរបស់រដ្ឋាភិបាលសម្រាប់ពួកគេទាន់ពេលវេលាដើម្បីបង់វិក្កយបត្រនានា និងទិញម្ហូបអាហារទេហើយឧទ្យានជាតិអាចត្រូវបិទ។
ការបិទបែបនេះបានកើតឡើង ៤ ដងក្នុងមួយទសវត្សរ៍ចុងក្រោយនៅសហរដ្ឋអាមេរិក ប៉ុន្តែជារឿយៗមានរយៈពេលត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ រហូតដល់សមាជិកសភាឈានដល់ការសម្របសម្រួលដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់រដ្ឋាភិបាលឡើងវិញពេញលេញ។ ប៉ុន្តែការបិទមួយដែលបានកើតឡើងក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោកDonald Trump មានរយៈពេល ៣៥ ថ្ងៃ ខណៈដែលលោកបរាជ័យក្នុងការស្វែងរកមូលនិធិដើម្បីសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក៕