ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​ប្រឈម​នឹង​ការគំរាម​ដក​ចេញ​ពី​តំណែង


ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាល Statuary Hall នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាល Statuary Hall នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Kevin McCarthy កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដល់តំណែង​ជា​មេដឹកនាំ​របស់​លោក បន្ទាប់ពី​សមាជិក​រដ្ឋសភា​លោក Matt Gaetz ខាង​គណបក្ស​សា​ធារណ​រដ្ឋ​ដាក់​ញ្ញត្តិ​បង្ខំ​ឱ្យ​មាន​ការ​បោះឆ្នោត​លើ​ការ​ដក​លោក​ចេញ​ពី​តំណែង។

លោក Gaetz បាន​ដាក់​ញ្ញត្តិ​ដក​តំណែង​ប្រធាន​រដ្ឋសភា​នេះ​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

លោក McCarthy បាន​ប្រឆាំង​នឹង​ការ​ដាក់​ញ្ញត្តិ​នេះ​នៅ​ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា «ដាក់មក! ខ្ញុំ​មិន​ខ្លាច​ទេ!»។

ការ​បោះឆ្នោត​ដក​តំណែងលោក McCarthy នឹង​តម្រូវ​ឱ្យ​មាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់ខាត​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​សមាជិក​សរុប ៤៣៥ នាក់។ គណបក្ស​សាធារណរដ្ឋ​គឺ​ជា​អ្នក​គ្រប់គ្រង​រដ្ឋសភា​ដោយ​មាន​សមាជិក ២២១ នាក់​ទល់​នឹង​សមាជិក​ចំនួន ២១២ នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ។

សមាជិក​រដ្ឋសភា​លោក Matt Gaetz ខាង​គណបក្ស​សាធារណ​រដ្ឋ ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ខាង​ក្រៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
សមាជិក​រដ្ឋសភា​លោក Matt Gaetz ខាង​គណបក្ស​សាធារណ​រដ្ឋ ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ខាង​ក្រៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ការ​ប្រឈម​ពី​លោក Gaetz នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក McCarthy បាន​ពឹង​ផ្អែក​លើ​សំឡេង​គាំទ្រ​ខាង​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​អនុម័ត​លើ​សំណើ​ច្បាប់​ថវិកា​បណ្ដោះអាសន្ន​និង​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ។

លោក McCarthy បាន​ក្លាយជា​ប្រធាន​រដ្ឋសភា​កាលពី​ខែ​មករា បន្ទាប់ពី​មាន​ការ​បោះឆ្នោត​ជា​ច្រើន​ជុំ​ដែល​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ លោក Gaetz និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​បាន​ប្រឆាំង​នឹង​បេក្ខភាព​របស់​លោក។ សម្បទាន​មួយ​ដែល​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​ចុងក្រោយ​ឱ្យ​លោក McCarthy ធ្វើ​ជា​ប្រធាន​រដ្ឋសភា​គឺ​ការ​យល់ព្រម​អនុញ្ញាត​ឱ្យ​សមាជិក​រដ្ឋសភា​ណាតែ​ម្នាក់​ប៉ុណ្ណោះ​អាច​ស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដក​តំណែង​ប្រធាន​រដ្ឋសភា​បាន។

កន្លង​មក​គេ​មិន​ដែល​ឃើញ​មាន​ការ​ដក​តំណែង​ប្រធាន​រដ្ឋសភា​អាមេរិក​រូប​ណា​នោះ​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។

XS
SM
MD
LG