គ្រាដែលសហភាពអឺរ៉ុបកំពុងត្រៀមដកពន្ធអនុគ្រោះលើទំនិញកម្ពុជា ដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលក្រុងភ្នំពេញចំពោះការដើរថយក្រោយនៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងការរំលោភសិទ្ធិមនុស្សនោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអំពាវនាវដល់ក្រុមមេដឹកនាំរបស់សហគមន៍អឺរ៉ុបកុំឲ្យចាត់វិធានការណាមួយមកលើប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា ដែលពួកគេអះអាងថា វិធានការណាមួយនោះនឹងបង្កផលប៉ះពាល់លើជីវិតកម្មករនិងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។
ក្រុមអ្នកនាំចេញសម្លៀកបំពាក់នៅប្រទេសកម្ពុជា បានទទូចសុំឲ្យសហគមន៍អឺរ៉ុបកុំដាក់ទណ្ឌកម្មណាមួយមកលើប្រទេសកម្ពុជាដែលពួកគេអះអាងថានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងមកលើឧស្សាហកម្មកាត់ដេរដែលកំពុងផ្តល់ការងារដល់ប្រជារាស្ត្រខ្មែរយ៉ាងហោចណាស់៧០ម៉ឺននាក់នៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា (GMAC) ដែល VOA ទទួលបាន។
សហគមន៍អឺរ៉ុបដែលក្រុមសហជីពបម្រើប្រយោជន៍កម្មករអះអាងថា ជាទីផ្សារធំបំផុតសម្រាប់ទំនិញកាត់ដេរកម្ពុជានោះ បានគំរាមដកការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជាតាមកម្មវិធីពាណិជ្ជកម្មដែលគេសា្គល់ថា «គ្រប់មុខទំនិញទាំងអស់លើកលែងតែសពា្វវុធ» ដើម្បីជាការឆ្លើយតបទៅនឹងការធ្លាក់ចុះការគោរពសិទ្ធិមនុស្សនិងដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
លិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាចុះហត្ថលេខាដោយលោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគមនេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលបានផ្ញើជូនទៅអ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនិងបានចម្លងជូនក្រុមមន្ត្រីរបស់សហភាពអឺរ៉ុបផ្សេងទៀត បានពណ៌នាពីស្ថានភាពរបស់វិស័យកាត់ដេរ នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ការងារដល់ក្រុមកម្មករនោះទេ តែថែមទាំងបានជួយពលរដ្ឋប្រមាណ២លាននាក់ផ្សេងទៀត ហើយជារៀរាល់ខែ ប្រាក់ចំនួន១៥០លានដុល្លារសហរដ្ឋអាមេរិកត្រូវបានបើកជូនកម្មករ។ GMAC ក៏បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់ពួកគេទៅសហភាពអឺរ៉ុប គឺមានដល់ទៅជាង៤៦ភាគរយ ហើយបានតាំងចិត្តថានឹងបង្កើនចំនួននៃការនាំចេញទៅឆ្នាំខាងមុខទៀត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏បានរៀបរាប់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិកម្មករនិងការអនុវត្តកតិការសញ្ញាផ្សេងៗជាច្រើនទៀត ដែលនឹងធានាការគោរពសិទ្ធិមនុស្ស និងការងារ ការការពារបរិស្ថាន អភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អមជាមួយនឹងការរៀបរាប់អំពីការប្តេជ្ញាចិត្តនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងពីការបារម្ភរបស់ខ្លួន ចំពោះការប្រកាសថ្មីរបស់សហភាពអឺរ៉ុប ដែលបានបញ្ជាក់ឲ្យដឹងពីការព្យួរទុកជាបណ្តោះអាសន្ននៃគំនិតផ្តួចផ្តើម «គ្រប់មុខទំនិញទាំងអស់លើកលែងតែសពា្វវុធ» ហៅកាត់ថា EBA។
សមាមគមរោងចក្រកាត់ដេរនៅកម្ពុជាយល់ថា ការប្រកាសនេះបានធ្វើឲ្យវិស័យឯកជន កម្មករ និងអ្នកបញ្ជាទិញទំនិញពីកម្ពុជាមានការតក់ស្លុតនិងអាចបង្កផលប៉ះពាល់ជាអវិជ្ជមានរយៈពេលវែងលើផលិតកម្មកាត់ដេររបស់កម្ពុជា។
លិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសរសេរតាមន័យដើមថា៖
«ការផ្អាកបណ្តោះអាសន្ននូវ EBA ឬក៏ការដាក់ទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចនឹងមានផលប៉ះពាល់រយៈពេលវែងលើជីវិតកម្មកររបស់ពួកយើងនិងគ្រួសាររបស់ពួកគេ។ រាល់ការរីកចម្រើនរបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេល២ទសវត្សរ៍មកនេះ តាមរយៈកិច្ចខិតខំរបស់រាល់អ្នកពាក់ព័ន្ធ ដោយរាប់បញ្ចូលទាំងដៃគូអភិវឌ្ឍន៍ ដូចជាសហភាពអឺរ៉ុបអាចនឹងត្រូវបានបំផ្លាញចោលយ៉ាងឆាប់រហស័»។
លិខិតដដែលបានបន្តទៀតក្នុងតាមន័យដើមថា៖
«ហេតុដូច្នេះ យើងអំពាវនាវឲ្យអ្នកមានការសម្រេចចិត្តនិងវិធានការប្រកបដោយការប្រុងប្រយ័ត្ន និងការគិតគូដ៏ត្រឹមត្រូវ។ GMAC ត្រៀមរួចរាល់ក្នុងការផ្តល់ឲ្យអ្នកនូវការណ៍ពិតបន្ថែមទៀត ក្នុងអំឡុងពេលនៃការត្រួតពិនិត្យរបស់អ្នក»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC )ក៏បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការបន្តធ្វើជាដៃគូពាណិជ្ជកម្មលក្ខណៈទ្វេភាគីជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀតផងដែរ។
កាលពីដើមខែតុលា ឆ្នាំ២០១៨នេះ សហគមន៍អឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោក ដោយសារតែការរំលោភសិទ្ធិមនុស្ស។
អ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងគេហទំព័រប្លុកថា ស្ថានភាពកម្ពុជា«គួរឱ្យរំខានយ៉ាងខ្លាំង»ដោយឃើញយ៉ាងច្បាស់ពីស្ថានភាពកាន់តែអាក្រក់ខាងផ្នែកសិទ្ធិមនុស្សនិងសិទ្ធិការងារ ហើយគ្មានអ្វីដែលអាចធ្វើឱ្យសហភាពអឺរ៉ុបជឿជាក់បានថានឹងមានការប្រសើរឡើងឡើយ។
អ្នកស្រី Malmstrom ក៏បានឲ្យដឹងបន្ថែមថា បេសកកម្មថ្មីៗមួយរបស់សហភាពអឺរ៉ុបទៅប្រទេសកម្ពុជា «បង្ហាញថាមានការរំលោភជាប្រព័ន្ធលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលកម្ម និងសេរីភាពនៃការជួបជុំ។ បញ្ហានេះបន្ថែមទៅនឹងបញ្ហាធំៗជាច្រើនដូចជាការរំលោភសិទ្ធិកម្មករនិងការរឹបអូសដីធ្លី»។
បន្ថែមលើការអធិប្បាយរបស់អ្នកស្រី Malmstrom ស្ថានបេសកកម្មការទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់បន្ថែមពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះជាបណ្តោះអាសន្នដែលនឹងធ្វើឡើងជាពីរដំណាក់កាល។
បើតាមនីតិវិធីគឺក្រោយពេលដែលគណៈកម្មការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបធ្វើការសម្រេចចិត្តនោះ ដំណើរការនៃការដកឋានៈអនុគ្រោះពន្ធនឹងចាប់ផ្តើមដោយមានការតាមដានរយៈពេល៦ខែដំបូងសិន។ នៅក្នុងអំឡុងពេលនេះ គណៈកម្មការដដែលនឹងទុកពេលឱ្យប្រទេសកម្ពុជាសហការនិងប្រមូលរាល់ព័ត៌មានចាំបាច់។ បន្ទាប់ពីនេះគឺនឹងមានរយៈពេល៦ខែទៀតដើម្បីសរសេររបាយការណ៍ស្តីពីការរកឃើញនានាដើម្បីបញ្ចប់ដំណើរការ ដែលគណៈកម្មការនឹងត្រូវធ្វើការសម្រេចចិត្តជាថ្មីថាត្រូវដកឋានៈអនុគ្រោះពន្ធ EBA ឬយ៉ាងណា។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បដិសេធមិនផ្តល់ការអធិប្បាយដោយសារលោកមិនស្ថិតនៅក្នុងប្រទេសកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា ការរីកចម្រើនមួយផ្នែករបស់ពលរដ្ឋកម្ពុជាអាចនឹងមានការបាត់បង់ ប្រសិនបើសហគមន៍អឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធដល់ការនាំចេញរបស់កម្ពុជា។ លោកអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក៏អាចនឹងចុះថមថយផងដែរ។
«អ្វីដែលខ្ញុំចង់បញ្ជាក់ បើកាលណាដកមែន វាផលពិបាកទីមួយគឺកម្មករ មួយចំណែកណា ដែលដកហ្នឹងគឺអត់មានការងារធ្វើ ហើយអត់ការងារធ្វើវាអត់មានប្រាក់ចំណូល ហើយក្រុមហ៊ុននិងកម្មករអាចនឹងមានជម្លោះ នៅពេលដែលវាមានការដក ដាក់អីចឹងទៅ វាធ្វើឲ្យមានជម្លោះគ្នារឿងការទូទាត់លុយហ្នឹងទៅហើយកំណើនសេដ្ឋកិច្ចហ្នឹងក៏ប្រហែលជាមិនបានគ្រប់តាមអាចថា៧ភាគរយអីកើតទេ»។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រាប់ VOA នៅថ្ងៃអង្គារនេះថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងនៅបន្តរឹងមាំ ដោយហេតុថាកម្ពុជារកបានចំណូលផ្សេងទៀតក្រៅពីវិស័យកម្មន្តសាល ដើម្បីរក្សាលំនឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
«យើងមានបង្កើនចំណូលរបស់យើងដទៃទៀត ក្រៅពីឧស្សាហកម្មកម្មន្តសាលហ្នឹងបាទ»។
លោកមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយសហភាពអឺរ៉ុប ទៅលើបញ្ហាពន្ធអនុគ្រោះ EBAនេះផងដែរ។
«រាជរដ្ឋាភិបាលកំពុងតែបន្តការជជែកគ្នានិងដោះស្រាយនូវភាពចម្រូងចម្រាស យើងមានរយៈពេល១៨ខែទៀត ក្នុងការបញ្ចប់ ឬការដកពន្ធមួយចំណែកណាមួយ អាស្រ័យទៅលើលក្ខខណ្ឌពលរដ្ឋកម្ពុជាហ្នឹងមានកំណើនចំណូល វាច្រើនជាង១៥០០ដុល្លារ ហ្អានោះជាលក្ខខណ្ឌមួយដែលយើងត្រូវបាត់បង់ EBA មិនមែនបានសេចក្តីថាបាត់បង់ទាំងស្រុងទេ បាត់បង់ចំណែកណាមួយ ដោយសារកំណើន ចំណូលរបស់កម្ពុជាតែប៉ុណ្ណោះបាទ»។
យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រោងចក្រកាត់ដេរនៅប្រទេសកម្ពុជាបានផ្គត់ផ្គង់ទំនិញឲ្យក្រុមហ៊ុនម៉ាកល្បីពិភពលោកជាច្រើនរួមមាន Gap Inc (GPS.N) និងក្រុមហ៊ុនរបស់ស៊ុយអែត H & M Hennes & Mauritz AB (Hmb.ST) ក្រុមហ៊ុនផលិតសម្ភារៈកីឡាNike (NKE.N) ក្រុមហ៊ុន Puma និង Adidas (ADSGn.DE) និងក្រុមហ៊ុនជាច្រើនទៀត។ តាមទិន្នន័យរបស់សហភាពអឺរ៉ុប កាលពីឆ្នាំ២០១៧ កម្ពុជាបាននាំចេញទំនិញមានតម្លៃជិត៦ពាន់លានដុល្លារនៅកាន់សហភាពអឺរ៉ុប។
សេចក្តីរាយការណ៍ដដែលបានដកស្រង់ការស្រាវជ្រាវមួយរបស់ភ្នាក់ងារ Moody’s ដែលបានរកឃើញថា ការបាត់បង់ដ៏មានសក្តានុពលនៃការអនុគ្រោះខាងពាណិជ្ជកម្មដើម្បីនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុប នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានលើផ្នែកឥណទានរបស់កម្ពុជា។ ភ្នាក់ងារបានឲ្យដឹងថា ការកើនឡើងនៃថ្លៃចំណាយដែលបណ្តាលមកពីការជាប់ពន្ធនេះ នឹងធ្វើឲ្យខូចខាតដល់លទ្ធភាពនៃការប្រកួតប្រជែងការនាំចេញរបស់កម្ពុជា លុះត្រាតែផលិតភាពកម្ពុជាមានលក្ខណៈប្រសើរ ដើម្បីទូទាត់នឹងការចំណាយដែលកើនឡើងថ្មីបន្ថែមទៀតនោះ៕