នៅថ្ងៃច័ន្ទនេះ ក្រុមមេដឹកនាំសហជីពនៅប្រទេសកម្ពុជាបានស្នើឲ្យមានការចរចារវាងភាគីរដ្ឋាភិបាល និងគណៈកម្មការសហភាពអឺរ៉ុប នៅមុនពេលមានការដកប្រព័ន្ធអនុគ្រោះពន្ធដែលគេស្គាល់ថា «រាល់មុខទំនិញលើកលែងតែអាវុធ» ឬ EBA។
ប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធនេះមែននោះ កម្ពុជានឹងបាត់បង់ទីផ្សារដ៏ធំមួយសម្រាប់ ឧស្សហកម្មកាត់ដេររបស់ខ្លួន ដែលត្រូវគេមើលឃើញថាកំពុងរងសម្ពាធតាមការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករជារៀងរាល់ឆ្នាំនោះ។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (Central) បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនឹងបង្កផលវិបាកជាអវិជ្ជមានដល់សុខភាពហិរញ្ញវត្ថុរបស់ពលរដ្ឋដែលជាកម្មករនិងសេដ្ឋកិច្ចរបស់ប្រទេស។ លោកថា ការងារក្នុងចំនួនដ៏ច្រើននឹងត្រូវបាត់បង់ ហើយអ្នកដែលពឹងផ្អែកលើកម្មករក៏ទទួលរងផលវិបាក ក្នុងនោះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
លោកបាននិយាយបញ្ជាក់ថា៖
«ប្រសិនបើរដ្ឋាភិបាលពិតជាគិតគូរពីប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើងនោះពួកគេគួរតែ ពិចារណាឡើងវិញនូវការទាមទារ និងអនុសាសន៍នានាពីសហភាពអឺរ៉ុប។ បាល់ឥឡូវនៅក្នុងដៃ របស់ពួកគេហើយ»។
លោក មឿន តុលា បានបន្ថែមថា៖
«ខ្ញុំដឹងថាវាគឺជាជម្រើសតែមួយគត់ដែលអាចដាក់សម្ពាធលើរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេនៅក្នុងស្ថានភាពដែលយើងកំពុងទទួលឥទ្ធិពលពីប្រទេសចិន។ជាមួយគ្នានោះដែរ យើងគួរកត់សម្គាល់ថា ប្រសិនបើឧស្សាហកម្មកាត់ដេរកម្ពុជារលំនោះ វាក៏បង្កផលប៉ះពាល់ដល់ប្រទេសចិន ខណៈដែលអ្នកវិនិយោគទុនភាគច្រើនគឺមកពីប្រទេសចិន។ កម្ពុជានាំចូលសម្ភារៈពីចិនសម្រាប់ឧស្សាហកម្មនេះ រាប់ទាំងធនធានមនុស្សដែលធ្វើការពីកម្រិតអ្នកមើលការខុសត្រូវរហូតដល់ការគ្រប់គ្រង»។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះបញ្ជាក់បន្តទៀតថា ភាពគ្រោះថ្នាក់ដល់សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកធំឡើង ប្រសិនបើសហភាពអឺរ៉ុបចាត់ការព្យួរទុកប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ព្រោះពេលនោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនទៀតរបស់ប្រទេសអាមេរិក និងសហគមន៍អឺរ៉ុបនឹងចាត់វិធានការតាមក្រោយផងដែរ។
លោកបានបន្ថែមថា៖
«សម្លៀកបំពាក់និងស្បែកជើង រាប់បញ្ចូលទាំងផលិតផលធ្វើដំណើរគឺជាប្រភពសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិគឺច្រើនជាង៧០ភាគរយ។ សហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ឧស្សាហកម្មនេះ បន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក។ ដូច្នេះប្រសិនបើវាដួលរំលំនោះ សេដ្ឋកិច្ចជាតិទាំងមូលនឹងដួលតាមដែរ។ ប្រសិនសហភាពអឺរ៉ុបព្យួរ EBA នោះ ខ្ញុំប្រាកដណាស់ថា គេនឹងដាក់ទណ្ឌកម្មផ្សេងទៀត ហើយសហរដ្ឋអាមេរិកនឹងធ្វើដូចគ្នា។ សម្ព័ន្ធមិត្តឯទៀតនឹងធ្វើតាម»។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៩ ខែ កក្កដា ដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលរំលាយចោលកាលពីឆ្នាំមុន។ បើទោះបីជាមានការរិះគន់ពីសហគមន៍អន្តរជាតិក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះឆ្នោតយកអាសនៈសភាជាតិទាំងអស់១២៥ដូចការរំពឹងទុក។
ក្រុមសិទ្ធិមនុស្សនិងសភារបស់សហភាពអឺរ៉ុបបានស្នើឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាដោយសារតែការរំលោភសិទ្ធិមនុស្សផ្សេងទៀតផងដែរ ដែលមានដូចជាការរំលោភដីធ្លីនិងសិទ្ធិកម្មករ។
លោកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុបបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ សុក្រ ថា៖
«គោលនយោបាយពាណិជ្ជកម្មរបស់យើងគឺផ្តោតលើគុណតម្លៃគឺមិនមែនគ្រាន់តែជាពាក្យពេចន៍ធម្មតាទេ។ យើងត្រូវតែចាត់វិធានការនៅពេលណាដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា ក្រុមសហជីពតែងតែលើកទឹកចិត្តដល់រដ្ឋាភិបាលឲ្យជួបចរចាជាមួយភាគីសហភាពអឺរ៉ុប ដើម្បីរក្សាឲ្យបានប្រព័ន្ធអនុគ្រោះពន្ធ លើការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
លោកបានថ្លែងថា៖
«យើងលើកទឹកចិត្តហើយលើកទឹកចិត្តទៀតឲ្យរដ្ឋាភិបាលទៅជជែកគ្នាជាមួយសហគមន៍អឺរ៉ុប ដើម្បីដោះស្រាយបញ្ហាហ្នឹង បញ្ចៀសការផ្តាច់ EBA ហ្នឹង បើទោះបីជាតាមរូបភាពណាក៏ដោយ ហើយរយ:ពេលប្រាំមួយខែគឺជារយ:ពេលសមរម្យដែលរដ្ឋាភិបាលមានពេលគ្រប់គ្រាន់»។
កាលពីថ្ងៃអាទិត្យ ស្ថានបេសកកម្មការទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់បន្ថែមពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះជាបណ្តោះអាសន្នដែលនឹងធ្វើឡើងជាពីរដំណាក់កាល។
បើតាមនីតិវិធីគឺក្រោយពេលដែលគណៈកម្មការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបធ្វើការសម្រេចចិត្តនោះ ដំណើរការនៃការដកឋានៈអនុគ្រោះពន្ធនឹងចាប់ផ្តើមដោយមានការតាមដានរយៈពេល៦ខែដំបូងសិន។ នៅក្នុងអំឡុងពេលនេះ គណៈកម្មការដដែលនឹងទុកពេលឱ្យប្រទេសកម្ពុជាសហការនិងប្រមូលរាល់ព័ត៌មានចាំបាច់។ បន្ទាប់ពីនេះ គឺនឹងមានរយៈពេល៦ខែទៀតដើម្បីសរសេររបាយការណ៍ស្តីពីការរកឃើញនានាដើម្បីបញ្ចប់ដំណើរការ ដែលគណៈកម្មការនឹងត្រូវធ្វើការសម្រេចចិត្តជាថ្មីថាត្រូវដកឋានៈអនុគ្រោះពន្ធ EBA ឬយ៉ាងណា។
ស្ថានបេសកកម្មការទូតនៃសហភាពអឺរ៉ុបនៅកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ការចាប់ផ្តើមនៃការរៀបចំដំណើរការដកហូតនេះបង្ហាញពីការព្រួយបារម្ភធ្ងន់ធ្ងរនៃការវិវត្តន៍នានាក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពដែលមានចែងក្នុងអនុសញ្ញានានា(របស់អង្គការសហប្រជាជាតិ)។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបានបញ្ជាក់បន្ថែមពីការបើកច្រកចរចាឱ្យភាគីកម្ពុជា៖
«សហភាពអឺរ៉ុបបានបញ្ជាក់ថាយើងនឹងរក្សាច្រកចរចាជាមួយកម្ពុជានៅបើកចំហហើយបើសិនជាកម្ពុជាចាត់វិធានការរហ័សដើម្បីកែប្រែស្ថានការណ៍ដែលបានបណ្តាលឱ្យមានដំណើរការនៃការដកឋានៈនេះ គឺសហភាពអឺរ៉ុបនឹងពិចារណាឡើងវិញពីស្ថានការណ៍នេះ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេនៅថ្ងៃច័ន្ទនេះ។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយសំណួររបស់ VOA ពាក់ព័ន្ធនឹងការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនៅលើគណនីហ្វេសប៊ុក របស់លោកថា ការប្រជុំជាច្រើននឹងត្រូវធ្វើឡើងក្នុងនាមជាដៃគូសន្ទនា។ លោកថា លទ្ធផលដែលបានរំពឹងទុកនោះនឹងបានជាប្រយោជន៍ដល់ភាគីទាំងពីរ។
ក្នុងការអធិប្បាយមួយលើការផ្តល់យោបល់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបគឺលោក ហ៊ុយ វណ្ណ: អំពីប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ លោក ផៃ ស៊ីផាន បានសរសេរ តាមន័យដើមថា៖
«កម្ពុជាមិនមែនខ្ញុំគេទេ យើងមិនយកអ្នកណាជាគ្រូបង្គាប់ក្នុងកិច្ចថែរក្សានិងការពារ ផលប្រយោជន៍ខ្មែរនោះទេ។ ខ្មែរមានសមត្ថភាព។ EBA ជាប្រយោជន៍ ពាណិជ្ជកម្មរួម មិនមែនជាកិច្ចអាណានិគមនោះឡើយ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថាផលប៉ះពាល់ដែលអាចបង្កឡើងដោយការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមានវិសាលភាពទៅលើសេដ្ឋកិច្ចថ្នាក់ជាតិនិងមូលដ្ឋាន ហើយថា រដ្ឋាភិបាលគួរសិក្សាឲ្យបានល្អិតល្អន់អំពីផលប៉ះពាល់ទាំងនោះ ដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោកមានថា៖
«រដ្ឋាភិបាលគួរតែពិចារណារឿងហ្នឹង ហើយធ្វើការជួបដើម្បីចរចាជាមួយសហគមន៍អឺរ៉ុប»។
លោកបានចោទសួរពីលទ្ធភាពរបស់ចិនក្នុងការជួយជ្រោមជ្រែងកម្ពុជាថា៖
«តើសមមិត្តចិនឬក៏មហាមិត្តចិនហ្នឹងជួយរដ្ឋាភិបាលកម្ពុជាបែបម៉េចបានប៉ុណ្ណា?»
ទោះបីមានការអំពាវនាវពីខាងក្រុមអ្នកការពារសិទ្ធិកម្មករឲ្យមានការជជែកគ្នាជាមួយភាគីសហភាពអឺរ៉ុបក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសជប៉ុនថា កម្ពុជាត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួនទោះបីមានវិធានការបែបណាក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters។ ការថ្លែងរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្ពុជានៅប្រទេស ជប៉ុនកាលពីថ្ងៃអាទិត្យ។
លោក ហ៊ុន សែន បានបន្ថែមថា៖
«ខ្ញុំនិយាយម្តងហើយម្តងទៀត កុំដោះដូរអធិបតេយ្យជាតិជាមួយជំនួយ កុំដោះដូរសន្តិភាពរបស់ប្រទេសជាមួយជំនួយ»៕