លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រឈមនឹងសម្ពាធសេដ្ឋកិច្ចដើម្បីឲ្យកែប្រែស្ថានការណ៍ឡើងវិញចំពោះការបង្ក្រាបរបស់រដ្ឋាភិបាលលើក្រុមប្រឆាំង និងលើសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
អ្នកសង្កេតស្ថានការណ៍ និងអង្គការសិទ្ធិការងារមួយចំនួនបានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប្រឈមនឹងការដួលរលំ ដោយសារតែសហភាពអឺរ៉ុបត្រៀមដកឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្មដ៏សំខាន់ចំពោះកម្ពុជាចេញ ដែលករណីនេះទំនងជានឹងបង្ខំមេដឹកនាំកម្ពុជាឲ្យបញ្ឈប់ការបង្ក្រាបផ្នែកនយោបាយអស់រយៈពេលជាយូរមកហើយរបស់ខ្លួន។
កាលពីថ្ងៃទី ៥ ខែតុលាកន្លងទៅនេះ សហភាពអឺរ៉ុបបានជូនដំណឹងដល់រដ្ឋាភិបាលកម្ពុជាថា កម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប ដែលជាទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោកនៅក្នុងអំឡុងពេល ១២ ខែខាងមុខនេះ ដោយសារកម្ពុជា«មានចេតនាមិនខ្វាយខ្វល់» ចំពោះគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិការងារដែលភ្ជាប់ជាមួយនឹងការអនុគ្រោះផ្នែកពាណិជ្ជកម្មដែលខ្លួនទទួលបានក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍នេះ។
ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនចាត់វិធានការចាំបាច់ណាមួយដើម្បីដោះស្រាយបញ្ហាវិលទៅរកភាពផ្ដាច់ការវិញ ដែលខ្លួនបានធ្វើកន្លងមកចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលក្នុងនោះមានទាំងការផ្ដល់សិទ្ធិឲ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញជាដើម នៅក្នុងរយៈពេល ៦ ខែខាងមុខនេះទេ នោះឋានៈអនុគ្រោះពន្ធ EBA ដែលមានន័យថា «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» នេះ នឹងត្រូវដកចេញ។
លោក អៀ សុផល ដែលជាសេដ្ឋវិទូនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃសាកលវិទ្យាល័យ Occidental នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បាននិយាយថា៖ «ចំណុចនេះអាចជាមហន្តរាយ។ ខ្ញុំចង់មានន័យថា ប្រសិនបើខ្ញុំជាវិនិយោគិនចង់វិនិយោគលើផ្នែកកាត់ដេរ ខ្ញុំប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំងជាមិនខាន»។
លោកបានបន្ថែមថា៖ «ខ្ញុំនឹងផ្អាកគម្រោងវិនិយោគបន្ថែម ដោយសារតែស្ថានការណ៍អាចពិបាកគ្រប់គ្រង»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថាសង់ត្រាល់ បាននិយាយថា កម្មករជាច្រើនអាចនឹងគ្មានការងារធ្វើ ហើយលោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើរដ្ឋាភិបាលពិតជាខ្វាយខ្វល់ចំពោះជាតិ និងប្រជាពលរដ្ឋ នោះរដ្ឋាភិបាលគួរតែពិចារណាឡើងវិញអំពីការស្នើឡើង ឬក៏អនុសាសន៍របស់សហភាពអឺរ៉ុបនេះ»។
ផលិតកម្មកាត់ដេរគឺជាឧស្សាហកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនប្រហែល ៤០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងអាចផ្ដល់ការងារជូនពលរដ្ឋកម្ពុជាបានប្រហែល ៨ សែនការងារ ហើយកន្លងមក សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំជាងគេបំផុតសម្រាប់កម្ពុជានាំផលិតផលរបស់ខ្លួនចេញ ដោយរកចំណូលបានជិត ៦ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន បើផ្អែកតាមតួលេខផ្ទាល់របស់រដ្ឋាភិបាលកម្ពុជា។
អ្នករិះគន់លោក ហ៊ុន សែន មួយចំនួនយល់ឃើញថា ឋានៈអនុគ្រោះពន្ធនេះគឺជាអាវុធនៃការចរចាដ៏មានប្រយោជន៍មួយដើម្បីដាក់កំហិតទប់ទល់វិញជាមួយនឹងមេដឹកនាំផ្ដាច់ការដែលមានលក្ខណៈក្រអឺតក្រទមកាន់តែខ្លាំងឡើងដោយសារជំនួយ និងការគាំទ្ររបស់ចិននេះ។
ការលើកឡើងអំពីការព្រួយបារម្ភ និងការគំរាមកំហែងឲ្យពិនិត្យឡើងវិញនូវឋានៈអនុគ្រោះពន្ធនេះកាលពីលើកមុនៗ ទោះបីជាត្រូវបានបដិសេធដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏ដោយ ត្រូវបានអ្នករិះគន់លោក ហ៊ុន សែន មួយចំនួនដែលខកចិត្តដោយសារអន្តរជាតិមិនបានធ្វើអន្តរាគមន៍ដាក់ទណ្ឌកម្មឲ្យបានម៉ឺងម៉ាត់លើរឿងនេះ ចាត់ទុកថាឥតន័យ និងគួរឲ្យសោកស្ដាយ។
ប្រតិកម្មតបតភ្លាមៗរបស់លោក ហ៊ុន សែន ដែលគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមក គឺថាលោកមិនខ្វាយខ្វល់ចំពោះការប្រកាសរបស់សហភាពអឺរ៉ុបនេះទេ។
លោក ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាត្រូវតែរឹងមាំនៅក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន មិនថាសហភាពអឺរ៉ុបចាត់វិធានការអ្វីប្រឆាំងនឹងកម្ពុជានោះទេ។
នៅមុនពេលឈានចូលដល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាកាលពីខែកក្កដាកន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា ដើម្បីការពារអធិបតេយ្យភាពជាតិ គឺចាំបាច់ត្រូវតែរំលាយគណបក្សសង្គ្រោះជាតិចោល ដោយលោកបានចោទប្រកាន់គណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជានេះថាជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស និងបានចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនេះដាក់ពន្ធនាគារ។
នៅពេលនោះផងដែរ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យភាគច្រើនត្រូវបានបិទ ចំណែកឯសមាជិកអង្គការសង្គមស៊ីវិល អ្នកកាសែត សកម្មជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនដែលបង្ហាញទស្សនៈប្រឆាំង ត្រូវបានចាប់ដាក់ពន្ធនាគារ។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះអាសនៈរដ្ឋសភាទាំងអស់នៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងមក ដែលជាការបោះឆ្នោតមួយដែលសហភាពអឺរ៉ុបចាត់ទុកថា «មិនស្របច្បាប់»។
លោក អ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយ បាននិយាយថា ការប្រឆាំងរបស់លោក ហ៊ុន សែន ចំពោះសហភាពអឺរ៉ុបជាសាធារណៈនេះ គឺជាអ្វីមួយដែលគេអាចទាយទុកជាមុនបាន ទោះបីជាក្រុមផ្ទៃក្នុងរបស់លោក និងបណ្ដាញដ៏ទូលំទូលាយនៃអ្នកទទួលផលនានា មានការប្រឆាំងជាលក្ខណៈឯកជនក៏ដោយ។
លោក អ៊ូ វីរៈ និយាយដូច្នេះថា៖ «អ្នកត្រូវស្វែងយល់អំពីលោក ហ៊ុន សែន។ លោកចង់រក្សាមុខមាត់។ លោកមិនចង់ឲ្យគេមើលមកលោកថាជាមនុស្សដែលគេស្រួលបញ្ជានោះទេ។ ដូច្នេះហើយ លោកនឹងព្យាយាមធ្វើវាតាមវិធីមួយដែលមើលទៅដូចជាលោកមិនផ្ដល់អ្វីច្រើន ឬក៏មិនខ្វាយខ្វល់អ្វីនោះទេ»។
ចាប់តាំងពីការបោះឆ្នោតបានបញ្ចប់ទៅ វិធានការសម្របសម្រួលត្រូវបានធ្វើឡើង ដោយលោក ហ៊ុន សែន បានសម្របសម្រួលឲ្យមានការដោះលែងសកម្មជននានាដែលជាប់ពន្ធនាគារ និងបានបញ្ជូនលោក កឹម សុខា ពីពន្ធនាគារទៅដាក់ឃុំក្នុងគេហដ្ឋាន។
លោក មឿន តុលា បាននិយាយថា ការដាក់សម្ពាធនេះអាចធ្វើឲ្យប៉ះពាល់រហូតដល់រដ្ឋាភិបាលចិនផងដែរ ដោយលោកសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសវិនិយោគដ៏ធំបំផុតនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា វិនិយោគិនចិនប្រឈមនឹងការខាតបង់ដ៏ធ្ងន់ធ្ងរ ប្រសិនបើឧស្សាហកម្មកាត់ដេរនេះដួលរលំ។
លោក មឿន តុលា បានបន្ថែមថា ផលប៉ះពាល់ដោយប្រយោលដ៏ធ្ងន់ធ្ងរមួយអាចនឹងកើតឡើងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ ដោយសារតែកម្មករកាត់ដេរភាគច្រើនជាប់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ។
លោក មឿន តុលា បានបញ្ជាក់ដូច្នេះថា៖ «ទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងទាំងធនាគារ នឹងមានការលំបាកដើម្បីដកហូតទ្រព្យសម្បត្តិរបស់កម្មកររោងចក្រទាំងនោះ ដើម្បីសងបំណុលដែលកម្មករទាំងនោះជំពាក់ ដោយសារតែកម្មករទាំងនោះប្រាកដជាតវ៉ា ឬក៏ប្រាកដជាមានភាពចលាចលកើតឡើងជាមិនខាន»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Emerging Markets Consulting បាននិយាយថា ក្រុមគ្រួសារពលរដ្ឋខ្មែរជាង ៦០ ភាគរយ ជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ។
លោកនិយាយដូច្នេះថា៖ «ក្រុមគ្រួសារពលរដ្ឋខ្មែរពឹងពាក់ខ្លាំងលើកូនៗរបស់ពួកគេដែលធ្វើការនៅក្នុងវិស័យកាត់ដេរ ដូច្នេះករណីនេះគឺធ្វើឲ្យផ្នែកមីក្រូហិរញ្ញវត្ថុកាន់តែប្រឈមនឹងហានិភ័យខ្ពស់»។
លោក អៀ សុផល បាននិយាយថា ទោះបីជាគ្មាននរណាម្នាក់ចង់ជួបប្រទះនឹងបញ្ហាលំបាក ដែលបណ្ដាលមកពីការដួលរលំសេដ្ឋកិច្ចនេះក៏ដោយ ក៏សហភាពអឺរ៉ុបបានបង្កើតឲ្យមានរួចហើយនូវការគំរាមកំហែងដ៏ច្បាស់លាស់មួយ និងវិធីដោះស្រាយមួយសម្រាប់រដ្ឋាភិបាលកម្ពុជា។
លោកនិយាយដូច្នេះថា៖ «ចំណុចសំខាន់គឺត្រូវធ្វើសកម្មភាពដែលអ្នកចង់បាននៅក្នុងរយៈពេល ៦ ខែខាងមុខ មុនពេលការដាក់ទណ្ឌកម្មនេះចាប់ផ្ដើម និងធ្វើឲ្យមានផលប៉ះពាល់ដូចគ្នា ដូច្នេះគឺបានន័យថា អ្នកមិនដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ឬក៏លើប្រជាពលរដ្ឋកម្ពុជាណា ដែលមិនសមនឹងទទួលរងការដាក់ទណ្ឌកម្មសម្រាប់ទង្វើដែលមេដឹកនាំរបស់ពួកគេបានធ្វើនោះទេ។ បន្ទាប់មក អ្នកមិនចាំបាច់ត្រូវបំផ្លាញសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែ នោះគឺជាលទ្ធផលនៃអ្វីដែលសហភាពអឺរ៉ុបបានស្នើឡើងនេះ»។
VOA មិនអាចទាក់ទងអ្នកតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីសុំយោបល់បានទេលើរឿងនេះ។
សហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ផងដែរ ដោយបានដាក់ទណ្ឌកម្មលើមេបញ្ជាការកំពូលមួយរូបរបស់លោកកាលពីខែមិថុនាកន្លងទៅនេះ។
សមាជិកភាគច្រើនទៀតនៃក្រុមផ្ទៃក្នុងរបស់លោក ហ៊ុន សែន អាចរងការដាក់ទណ្ឌកម្មនៅក្រោមច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ (Cambodia Democracy Act of 2018) ដែលជាសំណើច្បាប់ដាក់ទណ្ឌកម្មមួយ ដែលត្រូវបានរដ្ឋសភាអាមេរិកអនុម័តកាលពីចុងខែកក្កដាកន្លងទៅនេះ។
លោក មឿន តុលា បាននិយាយថា ប្រសិនបើសហភាពអឺរ៉ុបផ្អាកឋានៈអនុគ្រោះពន្ធ EBA នេះ លោកច្បាស់ថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មដូចទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ដូចនេះដែរ។
លោកបានបន្ថែមថា៖ «សម្ព័ន្ធមិត្តដទៃទៀតរបស់សហភាពអឺរ៉ុបនឹងធ្វើតាមនេះដែរ»៕
ប្រែសម្រួលដោយ ភី សុភាដា