ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Global Witness ​ផ្ញើលិខិត​ចំហរ​ជូន​លោក​ ហ៊ុន សែន


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)

កាល​ពី​ខែ​មុន​ អង្គការ ​Global Witness ​បាន​ចេញ​របាយ​ការណ៍​មួយ​ហៅ​ថា​«ការ​ក្ដោប​ក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»។ ​របាយ​ការណ៍​នោះ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​​២០០​លាន​ដុលា្លរ។​

អង្គការ​ Global Witness​ បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋ​មន្រ្ តី​ហ៊ុន សែន​ ធានា​លើសុវត្ថិភាពរបស់ប្រជា​ពលរដ្ឋ ​រួមទាំង​អ្នក​វិភាគ ​និងអ្នក​រិះគន់​ ដោយ​គោរព​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ​របស់​ពួក​គេ ​បន្ទាប់​ពី​មាន​ការ​សម្លាប់​លោក ​កែម ឡី​ អ្នក​វិភាគ​ឯក​រាជ្យ។​

កាល​ពី​ខែ​មុន​ អង្គការ ​Global Witness ​បាន​ចេញ​របាយ​ការណ៍​មួយ​ហៅ​ថា​ «ការ​ក្ដោប​ក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»។ ​របាយ​ការណ៍​នោះ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់២០០​លាន​ដុលា្លរ។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)
រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

របាយ​ការណ៍​នោះ​ក៏​បាន​រក​ឃើញ​ថា ​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​ចំនួន​១១៤នៅស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​ចាប់​ពី​វិស័យ​ជីករ៉ែ ​វិស័យ​កសិកម្ម ​អគ្គិសនី​រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​វិស័យ​កាត់ដេរ ​ព្រៃឈើ ​និង​វិស័យ​ដឹកជញ្ជូន​ជា​ដើម។​

លោក​កែម ឡី​ត្រូវ​បាន​ខ្មាន់​កំាភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​របាយ​ការណ៍​នោះ។​

តាមរយៈ​លិខិត​ចំហ​ចេញថ្ងៃទី​០២ ​ខែសីហា ​ឆ្នាំ​២០១៦​ផ្ញើ​ជូន​លោក​ហ៊ុន សែន​ ​លោក​ផាទ្រីក អាឡេយយ៍ ​(Patrick Alley)ស្ថាបនិក​ និង​ជា​នាយក​អង្គការ​ ​Global Witness​ សរសេរ​ថា ​រយៈ​ពេល​ជិត​មួយ​ខែ​ក្រោយ​ពី​មាន​ការ​បាញ់​សម្លាប់​លោក​កែម ឡី ​មិត្ត​ភក្តិ ​និង​អ្នករួម​ការ​ងារ​របស់​លោក​កែម ឡី​រង​ការ​គំរាម​កំហែង​ និង​បំភិត​បំភ័យ។​ លោក​បន្ត​ថា ​សកម្មជន​ពីរ​រូប​គឺ​ជុំ ហួរ​ និង​ជុំ ហួត​ត្រូវបានរាយ​ការណ៍ថា បាន​ភៀសខ្លួនទៅប្រទេស​ថៃដើម្បីការពារ​ជីវិត​ឲ្យរួចផុតគ្រោះភ័យ។​

លោក​ Patrick Alley​ បន្តក្នុងលិខិតនោះថា៖​

«នេះ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាលក្នុងរបបប្រជា​ធិបតេយ្យ​ដែលការពារសិទ្ធិ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ រួមទាំង​អ្នក​រិះគន់​ផង​ដែរ។ ​ក្នុង​នាម​ជា​ហត្ថលេខី​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​សិទ្ធិ​ជន​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ផង​នោះ​ ​យើង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​របស់​សម្តេច​ធ្វើការ​ធានា​លើ​សុវត្ថិភាព​របស់​បុគ្គល​ទាំង​នេះ ​និង​អ្នក​ដែល​គាំទ្រ​ពួកគេ ​ហើយ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ»។​

នាយក​អង្គការ​ Global Witness ​បន្ថែម​ថា ​ឃាតកម្ម​លើ​លោក​កែម ឡី​ជា​ព្រឹត្តិ​ការណ៍​ថ្មី​បំផុត​នៃ​បណ្តា​អំពើ​ហិង្សា​នានា​ និង​អំពើ​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​ សកម្មជន និង​អ្នក​សារ​ព័ត៌មាន។​

លោក​លើក​ឡើង​ថា ​រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ទាល់​តែសោះ​ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​ ហើយ​លោក​ថា​ ការ​ស៊ើប​អង្កេត​នេះ​នឹង​ត្រូវ​បរាជ័យ​ក្នុង​ការ​ស្វែង​រកអ្នក​បញ្ជា​ពី​ក្រោយ ដូច​បទ​ឧក្រិដ្ឋ​មុនៗ​ដែរ។​

អង្គការ ​Global Witness ​បាន​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​ដោយ​ហ្មត់ចត់ ​និង​ឯករាជ្យ​ជា​បន្ទាន់​ចំពោះ​ករណី​ឃាតកម្ម​លោក​កែម ឡី។​

ក្នុងការ​ឆ្លើយ​តប​នឹង​លិខិត​របស់​អង្គការ​ Global Witness​ ​លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​មាន​សមត្ថកិច្ច​ និង​តុលាការ​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​រឿង​នេះ​ដើម្បី​ឲ្យ​ឆាប់​ចប់​ ដើម្បី​បិទ​សំណុំ​រឿង​នេះ។​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរ​ការ»។​

លោក​សម រង្ស៊ី ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ​បាន​ប្រាប់ ​VOA​ ថា​ ​លោក​មាន​ជំនឿ​ថា ​រដ្ឋាភិ​បាល​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​កែម ឡី ​ ​បើទោះបីជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្តឹង​លោក​សម រង្ស៊ីកាល​ពី​ថ្ងៃ​ច័ន្ទ​ចំពោះ​ការ​លើក​ឡើង​នេះ​យ៉ាង​ណា​ក៏​ដោយ។​

លោក​សម រង្ស៊ី​បញ្ជាក់​តាមរយៈ​សារ​អេឡិចត្រូនិច​តាម​ន័យ​ដើម​ថា៖​

«ខ្ញុំ​ជឿ​ថា ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ​ដូច​ក្នុង​ករណី​ការ​គប់​គ្រាប់​បែក​ក្នុង​ឆ្នាំ​១៩៩៧​ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់ ​និង​ដូច​ក្នុង​ករណី​ឃាតកម្ម​លើ​លោក​ជា វិជ្ជា ​ក្នុងឆ្នាំ​២០០៤ ​និង​ករណី​ឃាតកម្ម​លើ​លោក​ឈុត វុទ្ធី​ក្នុង​ឆ្នាំ​២០១២ ​អញ្ចឹង​ដែរ។​ ទាំងអស់​នេះ​គឺ​ជា​អំពើ​ភេរវកម្ម​រៀបចំ​ដោយ​រដ្ឋ​អំណាច»។​

មួយ​សប្តាហ៍​ ក្រោយពី​មានការ​បាញ់​សម្លាប់​លោក​កែម ឡី​ ​ លោក​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ងប់​ស្ងាត់​ និង​មិន​ឲ្យ​យក​ឃាតកម្ម​លើ​លោក​កែម ឡី​ធ្វើជា​ការ​កេង​ចំណេញ​នយោបាយ៕

XS
SM
MD
LG