ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តសៀមរាបបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់អ្នកវិភាគនយោបាយឯករាជ្យគឺលោក កែម ឡី។
ពួកគេបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយវែកមុខជនដៃដល់ដែលនៅពីក្រោយឃាតកម្មដ៏សាហាវពៃផ្សៃនៅកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនេះ។
លោក កែម ឡី ត្រូវបានជនសង្ស័យ ដែលហៅខ្លួនឯងថា ជួប សម្លាប់ បាញ់ឱ្យស្លាប់នៅនឹងកន្លែងទាំងកណ្តាលថ្ងៃក្នុងហាង Star Mart របស់ស្ថានីយ៍កាល់តិចក្នុងរាជធានីភ្នំពេញ។ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះក្នុងអត្តសញ្ញាបណ្ណថា អឿត អាង បាននិយាយនៅក្នុងវីដេអូក្លីបមួយដែលត្រូវបាន បង្ហោះតាមបណ្តាញសង្គម ថា ខ្លួនសម្លាប់លោក កែម ឡី ដោយសារតែលោក កែម ឡី ជំពាក់លុយខ្លួន៣០០០ដុល្លារ មិនព្រមសងដែលការអះអាងនេះមិនបានធ្វើឲ្យក្រុមអ្នកគាំទ្រលោក កែម ឡី ជឿនោះទេ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់ឈ្មោះ ជួប សម្លាប់ ឬ អឿត អាង ពីបទឃាតកម្មគិតទុកជា មុន និងពីបទរក្សាទុកអាវុធដោយខុសច្បាប់។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ តែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានធ្វើការបកស្រាយ ទៅលើរបាយការណ៍របស់អង្គការ Global Witness តាមបណ្តាញសារព័ត៌មានមួយចំនួនដែលរបាយការណ៍នោះបានបង្ហាញពីអាជីវកម្មមានតម្លៃ២រយលានដុល្លាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា។
លោក ជាង មុនី ជាប្រជារដ្ឋរស់នៅក្នុងទីក្រុងសៀមរាប បានមានប្រសាសន៍ប្រាប់ VOA កាលពី សប្តាហ៍មុនថា៖ «វាហាក់ដូចជាខុសប្លែក ក្រោយពីគាត់មានការវិភាគទៅលើរបាយការណ៍អង្គការ Global Witness ដែលបានចេញផ្សាយហ្នឹងមកហើយ ខ្ញុំស្តាប់គាត់ទៅ វាហាក់ដូចជាវាស៊ីចង្វាក់នឹងសាច់រឿង ដែលមន្ត្រីអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជានឹងយកទៅចាយវាយជាថវិកា។ល។ និង ។ល ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង ក្រោយពីគាត់មានការវិភាគនៅអាស៊ីសេរី និងវីអូអេ ឃើញមាន ការបាញ់សម្លាប់គាត់តែម្តង»។
លោកមានប្រសាសន៍ថា វាមានការចំាបាច់ ដែលសហគមន៍អន្តរជាតិចូលរួមការស៊ើបអង្កេតឯករាជ្យ មួយ ដើម្បីស្វែងរកឃាតករពិត។
«ខ្ញុំចង់ឱ្យអន្តរជាតិ សហរដ្ឋអាមេរិក រួមទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិគួរតែតាមដាន និង ឃ្លាំមើល ព្រោះរឿងនេះ ខ្ញុំគិតថា វាច្រើនពេក ហើយការបាញ់សម្លាប់ហ្នឹងនៅក្នុងប្រទេសកម្ពុជា វាដូចជា ផុយស្រួយតាំងពីតារាសម្តែង ពិសិដ្ឋ ពិលីកា អ្នកចម្រៀង ពៅ បញ្ញាពេជ្រ និង ទូច ស្រីនិច និងតារាសម្តែង តាតម៉ារីណា ។ល។និង ។ល។ គឺមានការបាញ់បោះសេរីរហូតមកដល់លោក ឈុត វុទ្ធី លោក កែម ឡី ដូចជាការគប់គ្រាប់បែកនៅវិមានឯករាជ្យ»។
លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវរកឱ្យឃើញជនដៃដល់នៅពីក្រោយការសម្លាប់នេះ ដើម្បីស្តារកិត្តិយសប្រទេស។
«នៅក្នុងចិត្តរបស់ខ្ញុំ ប្រសិនបើរដ្ឋាភិបាលចង់ឱ្យរដ្ឋាភិបាលរបស់គាត់ និងអណត្តិរបស់គាត់មិនចង់ខូចមុខមាត់។ គាត់ចង់បានសំឡេងឆ្នោតពីប្រជាពលរដ្ឋ ខ្ញុំចង់ឱ្យគាត់ស្រាវជ្រាវរកឃាតករពិត និងអ្នកបញ្ជាពីក្រោយខ្នង ដើម្បីស្តារមុខមាត់រដ្ឋាភិបាលទីមួយ។ ទីពីរ ដើម្បីស្តារប្រទេសជាតិ យើង ដើម្បីឱ្យមានមុខមាត់ទៅលើឆាកអន្តរជាតិ»។
យាន ថា ប្រជាពលរដ្ឋខេត្តសៀមរាបដែរនោះ បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំមិនចង់ឱ្យគាត់ស្លាប់នោះទេ ពីព្រោះគាត់ជាអ្នកស្នេហាជាតិ ហើយណាមួយ គាត់ធ្វើអ្វី ដែលពិត ប្រាកដចំពោះខ្លួនគាត់។ អាចផ្តល់ឱ្យប្រជាជន យើងឱ្យបានចេះច្រើន។ គេបាញ់គាត់សម្លាប់ អីចឹងគាត់មិនគួរណាអាយុខ្លីដល់ម្លឹងទេ»។
លោកបានបន្តថា បក្សទាំងអស់នៅក្នុងប្រទេសគួរជួយគ្នាក្នុងការស្រាវជ្រាវរកអ្នកបញ្ជាពីក្រោយការសម្លាប់នេះ។
«រដ្ឋាភិបាលខ្មែរយើងទាំងអស់គ្នា មិនថា គណបក្សណា ឬគណបក្សណាទេ បងដើម្បីឱ្យដេញចាប់ ឃាតករដែលសម្លាប់គាត់ឱ្យបានជាបន្ទាន់។ ខ្ញុំចង់ អីចឹងតែម្តងឱ្យបានឆាប់ៗ»។
លោក នីវ ដែលធ្លាប់ចូលរួមសិក្ខាសាលាជាមួយ លោក កែម ឡី បាននិយាយថា លោកតែងតែមើល និងស្តាប់លោក កែម ឡី នៅពេលដែល លោក កែម ឡី ធ្វើការបកស្រាយទៅលើបញ្ហាផ្សេងៗ។
«ខ្ញុំគិតថា លោកពូ កែម ឡី ជាមនុស្សក្លាហាន ហើយហ៊ានបកស្រាយរឿងទាំងអស់។ ហើយរឿង ដែលគាត់និយាយមានប្រយោជន៍សម្រាប់ប្រជាជន ហើយនិយាយចំៗ មិនមានការរអាក់រអួលក្នុងការនិយាយ ឬការភ័យខ្លាច។ គាត់ជាមនុស្សក្លាហាន»។
លោក ស ឡៅ ដែលតែងតែមើល និងស្តាប់លោក កែម ឡី តាមប្រព័ន្ធបណ្តាញ សង្គម Facebook បាននិយាយថា លោកក៏ចង់ឱ្យសហគមន៍អន្តរជាតិចូលរួមស៊ើបអង្កេតករណីឃាតកម្មនេះផងដែរ។
«ខ្ញុំថាមិនមែនទេ។ ឃាតករនោះធ្វើដោយខ្លួនឯងខ្ញុំអត់ជឿ។ ប្រហែលជាមានអ្នកបញ្ជា។ មានតែ អង្គការក្រៅរដ្ឋាភិបាល ដូចជា អឺរ៉ុប អូស្ត្រាលី អាមេរិកកាំង សូមឱ្យគាត់ជួយរកយុត្តិធម៌ឱ្យល្បង កែម ឡី ផង»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាជាប្រទេសដែលមានអធិបតេយ្យ និងឯករាជ្យដោយអះអាងថា ប្រទេសនេះមិនអាចឲ្យបរទេសស៊ើបអង្កេតបានទេ។ ក្រុមមន្ត្រីបានអំពាវនាវឲ្យមានការជឿជាក់លើអាជ្ញាធរផងដែរ។
សាកសពរបស់លោក កែម ឡី នឹងត្រូវគេដង្ហែទៅខេត្តតាកែវ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕