ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ការ​អត់​ឃ្លាន​មាន​លំនឹង ចំនួន​មនុស្ស​ធាត់​ហួសហេតុ​កើន​ឡើង


រូបភាព​ឯកសារ៖ លោក José Graziano da Silva អគ្គនាយក​អង្គការ​កសិកម្ម និង​ស្បឿង​អាហារ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ លោក José Graziano da Silva អគ្គនាយក​អង្គការ​កសិកម្ម និង​ស្បឿង​អាហារ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។

អង្គការ​សហប្រជាជាតិ​និយាយ​ថា មនុស្ស​ជាង​៨២០លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ស្រេក​ឃ្លាន ខណៈ​ពេល​មនុស្ស​ធាត់​ហួសហេតុ​កំពុង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត។ របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ​ដោយ​ទីភ្នាក់ងារ​អ.ស.ប.​ចំនួន៥​ធ្វើ​ការ​លើ​ផ្នែក​ម្ហូបអាហារ អាហារូបត្ថម្ភ និងសុខភាព បាន​និយាយ​ថា ខណៈ​ពេល​កម្រិត​នៃ​ភាព​អត់ឃ្លាន​ភាគច្រើន​មាន​លំនឹង មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ ព្រួយបារម្ភ​ដោយ​មិន​ដឹង​ថា គ្រួសារ​របស់​ពួកគេ​មាន​អាហារ​ទៀត​ឬ​យ៉ាង​ណា។

ពេល​ចេញ​របាយការណ៍​នេះ លោក José Graziano da Silva អគ្គនាយក​អង្គការ​កសិកម្ម និង​ស្បឿង​អាហារ​និយាយ​ថា «មនុស្ស​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​សុវត្ថិភាព​អាហារ​ពីព្រោះ​ពួកគេ​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ មិន​មាន​សុវត្ថិភាព​ដោយសារ​តែ​ពួកគេ​នៅ​ក្នុង​ប្រទេស​មាន​អត្រា​អតិផរណា​ខ្ពស់​មិន​មាន​សុវត្ថិភាព ពីព្រោះ​ពួកគេ​ទទួល​បាន​ប្រាក់ខែ​ទាប​បំផុត​ដែល​ពួកគេ​មិន​មាន​លុយ​ទិញ​ម្ហូបអាហារ។ តួលេខ​នេះ​ជា​ចំនួន​ធំ​មួយ ហើយ​យើង​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​រកឃើញ​តួលេខ​នេះ»។

របាយការណ៍​នេះ​កត់សម្គាល់​ថា​ អត្រា​អត់ឃ្លាន​ខ្ពស់​បំផុត​គឺ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ហើយ​កំពុង​តែ​រីករាលដាល​យ៉ាង​ខ្លាំង​នៅ​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់។ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​បាន​នាំ​ឲ្យ​មនុស្ស​ជាង​២៥៦លាន​នាក់​ជួប​អសន្តិសុខ​ស្បៀង។ នៅ​ទ្វីប​អាស៊ី មនុស្ស​ជាង​៥០០លាន​នាក់​កង្វះ​អាហារូបត្ថម្ភ។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ភ្នាក់ងារ​អ.ស.ប.​ប្រមូល​ទិន្នន័យ​ពី​អត្រា​មនុស្ស​ធាត់ហួសហេតុ​ក្នុង​ពិភពលោក​ដែល​មាន​ការ​កើន​ឡើង​ខ្ពស់។ លោក Graziano da Silva បាន​និយាយ​ថា មាន​មនុស្ស​ធាត់ហួសហេតុ​ប្រហែល​៨៣០លាន​នាក់​នៅ​ក្នុង​ពិភពលោក៕

XS
SM
MD
LG