វីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ នៅពេលនេះបានឆ្លងដល់មនុស្សជាង ២០លាននាក់ នៅជុំវិញពិភពលោក ហើយជំងឺរាតត្បាតនេះបានសម្លាប់ជីវិតមនុស្សជាង ៧៦០.០០០នាក់ គិតត្រឹមថ្ងៃសុក្រ។ នេះបើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។
សហរដ្ឋអាមេរិកបន្តមានការរាតត្បាតខ្លាំងជាងគេ ដោយនៅពេលនេះ មានអ្នកឆ្លងជាង ៥,២លាននាក់ និងអ្នកស្លាប់ជាង ១៦៧.០០០នាក់ ហើយរបៀបចាត់ចែងនៅក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតនេះក៏បានចូលពាក់ព័ន្ធក្នុងរឿងនយោបាយឃោសនាបោះឆ្នោតដែរ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលមិនទាន់ទទួលបានការតែងតាំងផ្លូវការនៅឡើយ បានទទូចឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ពាក់ម៉ាស់មុខ នៅពេលចេញទៅក្រៅ ក្នុងរយៈពេលយ៉ាងតិច៣ខែទៀត។ លោកក៏បានទទូចឲ្យអភិបាលរដ្ឋនានា ចេញបញ្ជាតម្រូវឲ្យពាក់ម៉ាស់ដោយលោកលើកពីការប៉ាន់ស្មានរបស់អ្នកជំនាញថា ការពាក់ម៉ាស់អាចសង្គ្រោះជីវិតមនុស្សបាន ៤០.០០០នាក់។
ការលើកឡើងរបស់លោក Biden នេះ គឺក្នុងគោលបំណងធ្វើឲ្យខុសពីរបៀបគ្រប់គ្រងស្ថានភាពរបស់លោកប្រធានាធិបតី Donald Trump ដែលកម្រពាក់ម៉ាស់ ហើយបដិសេធមិនទទូចឲ្យអភិបាលរដ្ឋចេញបញ្ជាតម្រូវការពាក់ម៉ាស់ ដោយទុកឲ្យការសម្រេចនេះទៅលើរដ្ឋនីមួយៗជាអ្នកសម្រេច។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ថាលោក ចូ បៃដឹន យកបញ្ហានេះជារឿងនយោបាយ ព្រោះការពាក់ម៉ាស់នឹងធ្វើឲ្យសេដ្ឋកិច្ចគាំងដំណើរការ ហើយពលរដ្ឋធុញថប់ចង់តែនៅ បន្ទប់ក្រោមដី រហូតដល់ចប់វិបត្តិសុខភាពនេះ។
មន្ត្រីរដ្ឋកាលីហ្វ័រញ៉ានិយាយថា ប្រព័ន្ធរាយការណ៍តួលេខកូវីដ១៩ របស់រដ្ឋនេះបានរាយការណ៍ខ្វះតួលេខអ្នកឆ្លងកូវីដ១៩ រហូតដល់ប្រមាណ ៣០០.០០០ករណី។ បើតាមទិន្នន័យរបស់កាសែត New York Times ត្រឹមថ្ងៃសុក្របង្ហាញថា រដ្ឋកាលីហ្វ័រញ៉ាជារដ្ឋដំបូងរបស់អាមេរិក ដែលមានករណីឆ្លងលើស ៦០០.០០០ករណី និងអ្នកស្លាប់ជិត ១១.០០០នាក់។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក គឺលោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយថា លោកបានសង្ឃឹមថា មកដល់ពេលនេះស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក មិនបន្តមានស្ថានភាពធ្ងន់ធ្ងរ ដូចនៅពេលនេះទេ៕