សហរដ្ឋអាមេរិក មានការឆ្លងមេរោគកូរ៉ូណាលើស៥លានករណីកាលពីថ្ងៃអាទិត្យម្សិលមិញដែលជាចំនួនច្រើនជាងគេបំផុតក្នុងពិភពលោក។
តួលេខនេះបានត្រូវចេញផ្សាយកាលពីថ្ងៃអាទិត្យដោយសាកលវិទ្យាល័យ Johns Hopkins ដែលបានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកមានចំនួនមនុស្សស្លាប់១សែន៦ ម៉ឺន២ពាន់នាក់។
វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព បានចេញផ្សាយគំរូមួយដែលទស្សន៍ទាយថា មានមនុស្សស្លាប់ជិត៣សែននាក់មុនថ្ងៃទី១ ខែធ្នូ ប្រសិនបើ ពលរដ្ឋអាមេរិកាំង មិនចាប់ផ្តើមពាក់ម៉ាសឱ្យបានទៀងទាត់ទេនោះ។
លោក Christopher Murray នាយកវិទ្យាស្ថាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើពលរដ្ឋអាមេរិកាំង៩៥ភាគរយ ចាប់ផ្តើមពាក់ម៉ាសជីវិតមនុស្សជាង៦ម៉ឺន៦ពាន់នាក់ នឹងត្រូវបានជួយសង្គ្រោះ។
ក្នុងខណៈនោះដែរ ប្រទេសប្រេស៊ីល បានក្លាយជាប្រទេសទី២ក្នុងពិភពលោកដែលមានមនុស្សស្លាប់ជាង១សែននាក់ដោយសារជំងឺកូវីដ១៩បន្ទាប់ពីសហរដ្ឋអាមេរិក។
លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលបាននិយាយកាលពីសប្តាហ៍មុនថា លោកមានមនសិការយ៉ាងច្បាស់លាស់ ថ្វីបើចំនួនស្លាប់ច្រើនក៏ដោយ។ លោកប្រធានាធិបតី Bolsonaro ខ្លួនលោកបាននៅរស់រានមានជីវិតពីជំងឺកូវីដ១៩កាលពីខែមុនហើយបាននិយាយថា លោកបានធ្វើអ្វី «ទៅតាមលទ្ធភាពដើម្បីជួយជីវិតមនុស្ស»។ពួកអ្នកជំនាញនិយាយថា ពីព្រោះតែប្រដាប់ធ្វើតេស្តមិនគ្រប់គ្រាន់ ចំនួនពលរដ្ឋប្រេស៊ីលដែលផ្ទុកវីរុសនោះអាចមាន៦ដងច្រើនជាងចំនួននេះ។
ក្រសួងសុខាភិបាលប្រទេសម៉ិកស៊ិកបានរាយការណ៍ថា មានការឆ្លងជំងឺកូវីដ១៩ជិត៦ពាន់៥រយករណីថ្មី និងមនុស្សស្លាប់ជិត៧រយនាក់កាលពីថ្ងៃសៅរ៍។ ប្រទេសម៉ិកស៊ិក មានចំនួនមនុស្សស្លាប់លំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ សាកលវិទ្យាល័យ Johns Hopkins បានប្រាប់ឱ្យដឹងថា ម៉ិកស៊ិកមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ជាង៤ម៉ឺន៦ពាន់នាក់៕