មនុស្សគ្រប់គ្នានៅក្នុងពិភពលោកដឹងថា មិនមែនជាការស្រួលក្នុងចិត្តទេនៅពេលឈឺធ្មេញ ហើយនៅពេលមានការឈឺចាប់ខ្លាំង អ្នកជំងឺទៅរកពេទ្យធ្មេញ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ការស្ទង់មតិមួយដោយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ឲ្យដឹងថា នៅក្នុងប្រទេសចំនួន១០៣នៅចន្លោះខែឧសភានិងពាក់កណ្តាលខែកក្កដា ជំងឺកូវីដ១៩មានផលប៉ះពាល់ដល់សេវាព្យាបាលធ្មេញនៅទូទាំងពិភពលោកដែលជាការមិនធ្លាប់មានពីពេលមុនៗទេ។
លោក Benoit Vareene ជាមន្ត្រីខាងទន្តសាស្ត្រផ្នែកជំងឺមិនឆ្លងនៅអង្គការ WHO។លោកនិយាយថា ៧៥ភាគរយនៃអ្នកឆ្លើយនឹងការស្ទង់មតិរាយការណ៍ថា សេវាព្យាបាលធ្មេញបានត្រូវបង្អាក់ទាំងស្រុងឬជាផ្នែកដោយសារវីរុសកូរ៉ូណា។
លោក Benoit Vareene និយាយថា ការបង្អាក់នេះជាប់ទាក់ទងជាមួយការងារផ្តល់ដោយបុគ្គលិកថែទាំសុខភាពមាត់ធ្មេញ។ លោកនិយាយថា៖
«ដូចលោកអ្នកដឹងហើយថា ពួកពេទ្យធ្មេញ គិលានុបដ្ឋាយិកាខាងធ្មេញ អ្នកអនាម័យ និងជំនួយការពេទ្យធ្មេញ ធ្វើការដោយប៉ះពាល់អ្នកជំងឺដោយផ្ទាល់ ហើយប៉ះនឹងទឹកមាត់និងឈាម។ ពួកគេក៏ប្រើអ្វីដែលយើងហៅថាឧបករណ៍បាញ់សាច ហើយឧបករណ៍ទាំងនេះនាំឱ្យមានអ្វីដែលយើងហៅថា ភាគល្អិតមើលមិនឃើញនៅក្នុងខ្យល់ឬ aerosol»។
លោក Vareene និយាយថា នៅក្នុងសហគមន៍ដែលមានការឆ្លងវីរុសកូរ៉ូណាខ្លាំង អង្គការ WHO ផ្តល់អនុសាសន៍ថា អាទិភាពព្យាបាលគួរផ្តល់ឱ្យដល់ករណីមានភាពបន្ទាន់។ លោកបានថ្លែងទៀតថា នៅក្នុងការព្យាបាលអ្នកជំងឺ អ្នកធ្វើការខាងជំងឺធ្មេញគួរជៀសវៀងទម្រង់ការដែលនាំឱ្យមានភាគល្អិតមើលមិនឃើញនៅក្នុងខ្យល់ ដែលអាចនាំឱ្យរាលដាលការឆ្លងហើយគួរផ្តល់អាទិភាពដល់ការប្រើសម្ភារៈដោយដៃ។
«ហើយជាការណ៍ពិត គេគួរពន្យារពេលការព្យាបាលខាងសុខភាពមាត់ធ្មេញធម្មតា ដែលមិនចាំបាច់ ដូចជា ការទៅឱ្យពេទ្យពិនិត្យមើលធ្មេញ ការសម្អាតធ្មេញ វិធីបង្ការកុំឲ្យខូចធ្មេញ និងការកែសោភណ្ឌភាពធ្មេញជាដើម»។
អនុសាសន៍ឯទៀតៗរបស់អង្គការ WHO មានរួមបញ្ចូលការត្រួតពិនិត្យពីចម្ងាយ ការរក្សាគម្លាតពីគ្នា និងពាក់ម៉ាស់នៅមុននិងនៅចន្លោះការព្យាបាលធ្មេញដើម្បីបញ្ចៀសនិងកាត់បន្ថយការឆ្លងវីរុស។
លោក Varenne និយាយថា បញ្ហាមួយក្នុងបណ្តាបញ្ហាជាបន្ទាន់គឺធ្វើឱ្យប្រាកដប្រជាថា អ្នកធ្វើការខាងព្យាបាលធ្មេញមានឧបករណ៍ការពារខ្លួនផ្ទាល់ខ្លួន។ លោកថ្លែងថា ការណ៍នេះមានសារៈសំខាន់ក្នុងការការពារពួកគេមិនឱ្យឆ្លងជំងឺកូវីដ១៩និងចម្លងទៅអ្នកជំងឺ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ