ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​សាកល​បង្កើត​ឡើង​ដើម្បី​ពង្រីក​កម្មវិធី​ផ្គត់ផ្គង់​​ស្បៀង​អាហារ​ក្នុង​សាលា​រៀន​សម្រាប់​កុមារ​ងាយ​រងគ្រោះ


រូបឯកសារ៖ សិស្សានុសិស្ស​អង្គុយ​រង់ចាំ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលារៀន​មួយ​ក្នុង​​ប្រទេស​កូតឌីវ័រ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។
រូបឯកសារ៖ សិស្សានុសិស្ស​អង្គុយ​រង់ចាំ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលារៀន​មួយ​ក្នុង​​ប្រទេស​កូតឌីវ័រ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។

កុមារ​ប្រមាណ​៣៨៨លាន​នាក់​ ឬ​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​ នៅ​ទូទាំង​ពិភពលោក ​បាន​ទទួល​អាហារ​តាម​សាលា​រៀនរួច​ហើយនៅពេល​ដែល​ជំងឺ​រាតត្បាត​បាន​ចាប់​ផ្តើម​ជាង​មួយ​ឆ្នាំ​មុន។​ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​និយាយ​ថា នេះ​ជា​ចំនួន​កុមារ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែលបាន​ទទួល​អាហារ​ពី​ប្រភព​ដ៏​សំខាន់​នៃ​ការ​ចិញ្ចឹម​បីបាច់។​

ត្រឹម​ខែមេសា​ ឆ្នាំ​មុន ​ទីភ្នាក់ងារ​ស្បៀង​អាហារ​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​រាយ​ការណ៍​ថា​ប្រទេស​ចំនួន​១៩៩ត្រូវ​បង្ខំ​ចិត្ត​បិទ​សាលា​របស់​ពួកគេ​ដោយសារ​វិធាន​ការណ៍​បិទ​សកម្មភាព​សង្គម​ដោយសារ​ជំងឺ​កូវីដ១៩។ ​ជាលទ្ធផល ​របាយ​ការណ៍​នេះ​បង្ហាញ​ថា ​កុមារ​៣៧០​លាន​នាក់​លែង​ទទួល​បាន​អាហារ​ប្រចាំ​ថ្ងៃ​នៅ​សាលា​រៀន ​ដែល​សម្រាប់​កុមារ​ជាច្រើន វា​ជា​អាហារ​តែ​មួយ​ពេល​គត់​របស់​ពួក​គេ។​

អ្នក​នាំ​ពាក្យ​របស់​ WFP លោក ​Tomson Phiri ​និយាយ​ថា ​ទីភ្នាក់ងារ​របស់​លោក​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ជា​សម្ព័ន្ធ​មួយ​ ​ដើម្បីជួយ​រដ្ឋាភិបាល​ស្តារ​ឡើង​វិញ​និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​បាន​អាហារ​ពី​កម្មវិធី​ផ្គត់​ផ្គង់អាហារ​នៅ​សាលា​រៀន​សម្រាប់​កុមារ​ក្រីក្រ​រាប់​រយ​លាន​នាក់​ទូទាំង​ពិភព​លោក។ ​លោក​និយាយ​ថា ​អ្នក​ចូល​រួម​ត្រូវ​បាន​ចម្រាញ់​ចេញ​ពីជួរ​រដ្ឋាភិបាល​ ទីភ្នាក់ងារ​អភិវឌ្ឍន៍ ​អង្គការ​សហប្រ​ជាជាតិ​និង​ទីភ្នាក់ងារ​ឯកជន​ក៏​ដូចជា​វិស័យ​ផ្សេងៗ។​

លោក Phiri​ និយាយ​ថា៖ ​

«សម្ព័ន្ធ​នេះ​មាន​គោល​បំណង​ស្វែង​រក​ប្រភព​មូល​និធិ​ដែល​មាន​និរន្តភាព​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ​សម្រាប់​កម្មវិធី​ផ្គត់​ផ្គង់អាហារ​នៅ​សាលា​រៀន ​ព​ង្រឹង​ភ័ស្តុតាង​និង​ការ​ណែនាំ​ដើម្បី​កែលម្អកម្មវិធី ​ក៏​ដូចជា​នាំ​ពហុ​វិស័យ​មក​ចូល​រួម​ជាមួយ​គ្នា​ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​សម្រាប់​កុមារ​នៅ​តាម​សាលា​ក្នុង​សាកល​លោក»។​

លោក​ Phiri ​និយាយ​ថា​ គំនិត​ផ្តួចផ្តើម​នេះ​ចាប់​ផ្តើម​ក្នុង​ពេល​វេលា​ដ៏​សំខាន់​បំផុត។ ​លោក​បាន​ហៅ​ ការ​ផ្គត់​ផ្គង់អាហារ​នៅ​សាលា​រៀនថា​ បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន​ ​មិន​ត្រឹម​តែ​កុមារ​ឡើយ។ ​លោក​ Phiri ​និយាយ​ថា​ ឪពុកម្តាយ ​កសិករ​ខ្នាត​តូច​និង​សហគមន៍​ទាំង​មូល​ទទួល​បាន​ផល​ប្រយោជន៍​ នៅពេល​ដែល​កុមារ​មិនខ្វះ​អាហារ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​សុខភាព និង​សុខុមាល​ភាព​របស់​ពួកគេ។​

លោក​ Phiri ​បាន​និយាយ​ថា៖ ​

«សកម្មភាព​នេះ​ជួយ​បង្ការ​ភាព​អត់ឃ្លាន ​គាំទ្រ​សុខភាព​រយៈ​ពេល​វែង ​និង​ជួយ​ឲ្យ​កុមារ​បានសិក្សា​ និង​លូតលាស់។ ​នេះ​ជាការណ៍​ពិត​សម្រាប់​កុមារី​ជាពិសេស។ ​នៅទី​កន្លែង​ដែល​មាន​កម្មវិធី​ផ្គត់​ផ្គង់អាហារ​នៅ​សាលា​រៀន ​កុមារី​បាន​ចូល​រៀន​និង​រៀន​បាន​យូរ​ជាង​នៅ​សាលាដែល​គ្មាន​កម្មវិធី​ផ្តល់​អាហារ។ ​អត្រា​ការ​រៀប​អាពាហ៍​ពិពាហ៍​កុមារ​ក៏​ថយចុះ​ ហើយ​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​ក៏​តិច​ជាងមុន»។​

កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​និយាយ​ថា ​ខ្លួន​រំពឹង​ថា ​ដៃ​គូ​ច្រើន​ទៀត​នឹង​ចូល​រួម​ក្នុង​សម្ព័ន្ធ​នេះ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ មុន​នឹង​កម្មវិធី​នេះ​ត្រូវ​បានអនុវត្ត​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រព័ន្ធ​អាហារ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​មហាសន្និបាត​ក្នុង​ខែ​កញ្ញា​ ឬ​តុលា។​

កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres​ មាន​គោល​បំណង​កែប្រែ​ការ​ផលិត ​និង​ការ​បរិភោគ​អាហារ​របស់​ពិភពលោក៕​

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG