គេឃើញមានការខ្វែងគំនិតគ្នានៅគ្រប់ទិដ្ឋភាពនយោបាយក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ម្សិលមិញ ទាក់ទិននឹងរឿងជំនួសតំណែងចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិករបស់អ្នកស្រី Ruth Bader Ginsburg ដែលបានស្លាប់កាលពីថ្ងៃសុក្រ។
ការស្លាប់របស់អ្នកស្រីបានធ្វើឲ្យតុលាការកំពូលបាត់បង់ចៅក្រមដែលមានទស្សនៈសេរីនិយមដ៏ល្បីឈ្មោះ និងអាចបណ្ដាលឲ្យតុលាការកំពូលឈានទៅដល់ករណីដែលមានចៅក្រមអភិរក្សនិយម ៦ រូប ទល់នឹងចៅក្រមសេរីនិយម ៣ រូប។ តុលាការកំពូលតម្រូវឲ្យមានចៅក្រមសរុបទាំងអស់ ៩ រូប។
រឿងជំនួសតំណែងចៅក្រមរបស់អ្នកស្រី Ginsburg នេះ បានកើតឡើងមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតតែប៉ុណ្ណោះ។ ពេលវេលា និងវិធីនៅក្នុងការជ្រើសរើសចៅក្រមសម្រាប់តំណែងនៅទំនេរនេះនឹងមានផលប៉ះពាល់នយោបាយភ្លាមៗ និងអាចមានឥទ្ធិពលជាអចិន្ត្រៃយ៍លើរបៀបដែលព្រឹទ្ធសភាដំណើរការ និងវិធីដឹកនាំសហរដ្ឋអាមេរិក។
ក្រុមអ្នកអភិរក្សនិយមបានអបអរសាទរចំពោះការសន្យារបស់មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell កាលពីយប់ថ្ងៃសុក្រ ដែលនិយាយថា បេក្ខជនណាម្នាក់ដែលលោកប្រធានាធិបតី Donald Trump ជ្រើសរើសសម្រាប់បំពេញតំណែងនេះ «នឹងទទួលបានការបោះឆ្នោតគាំទ្រពីព្រឹទ្ធសភា»។ លោក McConnell មិនបានបញ្ជាក់អំពីពេលវេលាច្បាស់លាស់នោះទេ។
អង្គការ Heritage Action ដែលជាផ្នែកមួយនៃអង្គការ Heritage Foundation បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «លោកប្រធានាធិបតី Trump និងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា បានប្រឹងប្រែងធ្វើការដើម្បីសើរើភាពតស៊ូមតិបែបសេរីនិយមនៅក្នុងប្រព័ន្ធតុលាការរបស់យើង ហើយរឿងនេះមិនគួរមានការបង្អាក់នោះទេ។ គណបក្សសាធារណរដ្ឋត្រូវតែអនុវត្តសិទ្ធិអំណាចដែលផ្ដល់ជូនដោយអ្នកបោះឆ្នោត នៅក្នុងការជ្រើសរើសអ្នកកាន់តំណែងចៅក្រមនេះបន្ត»។
ផ្ទុយមកវិញ ក្រុមអ្នកសេរីនិយម និងក្រុមអ្នកប្រជាធិបតេយ្យបានជំទាស់ចំពោះរឿងនេះ។
លោក Patrick Leahy សមាជិកព្រឹទ្ធសភាជើងចាស់ខាងគណបក្សប្រជាធិបតេយ្យតំណាងឲ្យរដ្ឋ Vermont បាននិយាយនៅក្នុងវិទ្យុ NPR ថា៖ «ខ្ញុំមិនដែលឃើញការលាក់ពុតបែបនយោបាយខ្លាំងក្លាបែបនេះទេ»។
លោក Leahy បានអះអាងថា តំណែងចៅក្រមតុលាការកំពូលនេះគួរទុកឲ្យនៅទំនេរក្នុងអំឡុងឆ្នាំបោះឆ្នោតនេះ ដូច្នេះពលរដ្ឋអាមេរិកាំងអាចថ្លឹងថ្លែងអំពីជម្រើសនេះ។
លោក Leahy ដែលជាសមាជិកគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាផងដែរនោះ បានបន្ថែមថា៖ «នេះគឺជារឿងត្រឡប់ត្រឡិន។ វាជារឿងនយោបាយសុទ្ធសាធ។ វានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់តុលាការកំពូល»។
លោក Leahy និងសមាជិកគណបក្សប្រជាធិបតេយ្យផ្សេងទៀត បានផ្ញើលិខិតមួយច្បាប់ជូនប្រធានគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាលោក Lindsy Graham ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងឲ្យរដ្ឋ South Carolina ថា៖ «មិនអាចត្រូវតែមានច្បាប់កំណត់មួយសម្រាប់ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋទេ និងមិនអាចត្រូវតែមានច្បាប់កំណត់មួយសម្រាប់ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនោះទេ ហើយការពិចារណាតែងតាំងចៅក្រមថ្មីមុនការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីនៅអាណត្តិបន្ទាប់គឺជារឿងដែលមិនសមរម្យទាល់តែសោះ»៕