នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ មានមនុស្សតិចទៅបោះឆ្នោតទោះណាជាកងកម្លាំងសន្តិសុខបានរក្សាភាពស្ងប់ស្ងៀមបានល្អគួរសមនៅទូទាំងប្រទេសនៅពេលមានការព្រមានពីពួកតាលីបាន់ក៏ដោយ។
មានជនស៊ីវិលយ៉ាងតិចណាស់បួននាក់និងបុគ្គលិកសន្តិសុខបីនាក់បានស្លាប់នៅទូទាំងប្រទេស ហើយមានជនស៊ីវិលជាង៥០នាក់ទៀតបានត្រូវរបួសនៅក្នុងអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតនេះ ភាគច្រើនដោយសារការផ្ទុះគ្រឿងផ្ទុះតូចៗ។
តួលេខទាំងនេះមានតិចតួចបើប្រៀបធៀបជាមួយអំពើហិង្សានៅក្នុងការបោះឆ្នោតកាលពីពេលមុនៗ និងអំពើហិង្សាសឹងតែរាល់ថ្ងៃដែលប្រទេសអាហ្វហ្គានីស្ថាន បានប្រឈមជាធម្មតា។
លោកឧត្តមសេនីយ៍ Khoshal Sadat អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយប្រាប់វីអូអេនៅមុនការបិទស្ថានីយ៍បោះឆ្នោតថា «នៅពេលនេះយើងគ្មានតួលេខពិតប្រាកដនៃចំនួនប្រជារាស្ត្រទៅបោះឆ្នោតនៅឡើយទេ។ ក៏ប៉ុន្តែយើងបានបង្កើតស្ថានភាពប្រកបដោយសុវត្ថិភាព។ យើងមានជំនឿថា មានជនរួមជាតិយើងច្រើនគួរសមមានវត្តមានក្នុងការបោះឆ្នោតនេះ»។
ពួកតាលីបាន់បានគំរាមកំហែងវាយប្រហារសកម្មភាពទាំងឡាយណាពាក់ព័ន្ធនឹងការបោះឆ្នោតនេះដោយបានរាំងខ្ទប់ផ្លូវនិងបានបំផ្ទុះប៉មគមនាគមន៍ដោយបានហៅការបោះឆ្នោតនេះថាជា «ដំណើរការក្លែងបន្លំ»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការគំរាមកំហែងរបស់ពួកតាលីបាន់មិនមែនជាហេតុផលតែមួយគត់ដែលប្រជារាស្ត្រសម្រេចចិត្តនៅផ្ទះនៅពេលបោះឆ្នោតទេ។ ជនជាតិអាហ្វហ្គានីស្ថានច្រើននាក់បាននិយាយថា ពួកគេទោមនស្សនៅក្រោយរយៈពេលប្រាំឆ្នាំនៃអភិបាលកិច្ចមិនល្អ និងការសន្យាមិនបានត្រូវធ្វើតាម៕