រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន៣០លានអឺរ៉ូ (ប្រមាណជា៣៤លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងទំនើបកម្មនៃប្រព័ន្ធចែកចាយថាមពលតាមទីជនបទក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍។
នេះគឺជាប្រាក់កម្ចីដំបូងបង្អស់របស់ប្រទេសអាល្លឺម៉ង់សម្រាប់ប្រទេសកម្ពុជាដែលត្រូវការបង្កើនលទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីនៅតាមតំបន់ដាច់ស្រយាលនិងបង្កើនការទុកចិត្តទៅលើការផ្គត់ផ្គង់ថាមពល។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Ingo Karsten ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីប្រកាសតាមន័យដើមថា៖
«ការទទួលបានថាមពល ដែលអាចទុកចិត្តបាន និងដែលសមស្របទៅនឹងបរិស្ថាន ជាយន្តការអូសទាញការអភិវឌ្ឍនានាឲ្យកើតមានឡើងក្នុងពេលអនាគត និងជួយបង្កើនការវិនិយោគនានាក្នុងប្រទេស»។
លោកបានថ្លែងបន្តតាមន័យដើមថា៖
«ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី ដែលមានប្រសិទ្ធភាពខ្ពស់ ជាជម្រើសដ៏ល្អ ចំពោះភពផែនដី និងប្រជាជន ពីព្រោះវាបានជួយបង្កើនការសន្សំសំចៃថាមពល និងបង្កើនលទ្ធភាពទទួលបានថាមពលអគ្គិសនីប្រើប្រាស់តាមទីជនបទដាច់ស្រយាល ព្រមទាំងអាចកាត់បន្ថយការចំណាយលើពន្ធ។ ប្រព័ន្ធបណ្តាញចែកចាយដ៏រឹងមាំគឺជាគ្រឹះសម្រាប់ឈានទៅដល់ការវិនិយោគទុនផ្នែកថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលដ៏មានសក្ដានុពលធំធេងក្នុងប្រទេសកម្ពុជា»។
សេចក្តីប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់បានលើកឡើងផងដែរថា ឥណទានចំនួនប្រមាណ៣៤លានដុល្លារនោះនឹងត្រូវប្រើប្រាស់ដោយអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជាដើម្បីធ្វើឱ្យប្រសើរឡើងនៃលទ្ធភាពបណ្តាញចែកចាយថាមពលនិងកាត់បន្ថយការសាយភាយនិងបាត់បង់ថាមពលផងដែរ សម្រាប់បណ្តាញចែកចាយនៅតាមទីជនបទប្រទេសកម្ពុជា។ សេចក្តីប្រកាសដដែលក៏សង្ឃឹមថា ថវិកាទាំងនោះនឹងរួមចំណែកជួយប្រទេសកម្ពុជាសម្រេចគោលដៅក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែនៅក្នុងវីដេអូមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុកស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក កែវ រតនៈ បានថ្លែងរំពឹងថា ជំនួយថ្មីនឹងជួយឲ្យកម្ពុជាកាន់តែអាចងាកចេញកាន់តែខ្លាំងពីការពឹងពាក់លើថាមពលមិនស្អាតដូចជាស៊ុបពែរ ទៅប្រើប្រាស់ថាមពលស្អាតដូចជាថាមពលពីពន្លឺព្រះអាទិត្យ (solar) ជំនួសវិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការផ្តល់ប្រាក់កម្ចីដោយរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់។
លោកមានប្រសាសន៍ថា៖
«ទីមួយយើងមានតែធ្វើការស្វាគមន៍ ហើយនិងថ្លែងអំណរគុណដល់អាល្លឺម៉ង់ ដែលគាត់យកចិត្តទុកដាក់ពីជនបទ ដើម្បីបំណងរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយើងអភិវឌ្ឍពីជនបទ មកកាន់ទីក្រុង ពង្រីកពីទីក្រុងដើម្បីទៅចាប់ដៃនៅជនបទ។ ដូច្នេះកម្លាំងថាមពលហ្នឹង ដែលគម្រោងរបស់យើងហ្នឹង ត្រូវឲ្យប្រជាពលរដ្ឋគ្រប់ទិសទី ត្រូវតែទទួលបានថាមពល បាទ។ អាហ្នឹងជាគម្រោងរបស់រាជរដ្ឋាភិបាល»។
ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវគេជឿថា បានពឹងផ្អែកខ្លាំងទៅលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសក្បែរខាង។ ដោយសារកង្វះការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនី និងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅតាមខេត្តនានា ក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពត កោះកុង ស្ទឹងត្រែងនិងខេត្តព្រះសីហនុ៕