បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បានជួបប្រជុំតាមអនឡាញកាលពីថ្ងៃអង្គារម្សិលមិញជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយបានសន្យាថា «នឹងឈរយ៉ាងរឹងមាំជាមួយនឹងប្រទេសអ៊ុយក្រែនមិនថាយូរប៉ុណ្ណានោះទេ» បន្ទាប់ពីប្រទេសរុស្ស៊ីបានបន្តការវាយប្រហារដោយមីស៊ីលរបស់ខ្លួនលើទីក្រុងនានារបស់ប្រទេសអ៊ុយក្រែនមក។
បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី កាណាដា និងជប៉ុនជាសមាជិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅក្រោយកិច្ចប្រជុំតាមអនឡាញនោះថា ពួកគេបានធានាចំពោះលោក Zelenskyy ថា ពួកគេ «មិនខ្លបខ្លាចនិងមិនងាករេនៅក្នុងការតាំងចិត្តដើម្បីផ្ដល់ការគាំទ្រតាមតម្រូវការរបស់ប្រទេសអ៊ុយក្រែន ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនេះ»។
បណ្ដាមេដឹកនាំទាំងនេះបានបន្តថា «ការវាយប្រហារដោយមិនរើសមុខ» របស់រដ្ឋាភិបាលរុស្ស៊ី «លើប្រជាពលរដ្ឋស្លូតត្រង់គឺជាឧក្រិដ្ឋកម្មសង្គ្រាម»។
ពួកគេបានបន្ថែមថា៖ «យើងនឹងធ្វើឱ្យប្រធានាធិបតីរុស្ស៊ីលោក [Vladimir] Putin និងអ្នកដែលប្រព្រឹត្តរឿងនេះទទួលខុសត្រូវចំពោះមុខច្បាប់»។
ទាក់ទិននឹងការគំរាមកំហែងជាបន្តរបស់លោក Putin នៅក្នុងការប្រើអាវុធនុយក្លេអ៊ែរ ក្រុមប្រទេស G-7 បានអះអាងជាថ្មីថា ខ្លួននឹងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីមាន «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើលោក Putin ប្រើអាវុធប្រល័យលោកនេះ។
អ្នកសម្របសម្រួលនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនឃើញមានសញ្ញាណាមួយដែលថាលោក Putin បានសម្រេចប្រើអាវុធនុយក្លេអ៊ែរនោះទេ និងបានគូសបញ្ជាក់ថាគោលជំហររបស់សហរដ្ឋអាមេរិករឿងនុយក្លេអ៊ែរគឺមិនប្រែប្រួលនោះឡើយ។
លោក Kirby បានលើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួនគ្មានចំណាប់អារម្មណ៍ទាល់តែសោះនៅក្នុងការឃើញសង្គ្រាម [នៅអ៊ុយក្រែន] នេះរីករាលដាលទៅដល់ការប្រើអាវុធប្រល័យលោកនោះ»៕
ក្រុមប្រទេស G-7 សន្យាបន្តគាំទ្រអ៊ុយក្រែន «មិនថាយូរប៉ុណ្ណានោះទេ»
វ៉ាស៊ីនតោន —