ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សជំទាស់ភ្លើងទៀនបានថ្លែងនៅថ្ងៃចន្ទនេះថា យុត្តិធម៌សម្រាប់ជនរងគ្រោះពីរបបខោអាវខ្មៅខ្មែរក្រហមមិនមានគ្រប់គ្រាន់នោះឡើយ បើទោះបីមានការនាំខ្លួនមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតមកកាត់ទោសនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហមដែលត្រូវគេស្គាល់ថា ជាតុលាការកូនកាត់នោះ បានបិទបញ្ចប់ដំណើរការជម្រះក្តីរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីតុលាការនេះបានរក្សាការសម្រេចចិត្តរបស់ខ្លួនផ្តន្ទាទោសលោកខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ការសម្រេចនេះធ្វើឡើងនៅក្នុងអង្គជំនុំជម្រះនៃតុលាការកំពូលសាលាក្តីខ្មែរក្រហម។
នៅឯពិធីសាសនាមួយដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលរៀបចំពិធីនេះនៅក្នុងបរិវេណមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនាព្រឹកថ្ងៃចន្ទនេះ ថ្លែងថា ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមមិនបានទទួលយុត្តិធម៌ពេញលេញ តាមរយៈការជំនុំជម្រះក្តីដែលមានកំហិតនេះទេ។
លោកបានឱ្យដឹងទៀតថា សាលាក្តីខ្មែរក្រហមបានកំណត់ដែនសមត្ថកិច្ចរបស់តុលាការក្នុងការនាំខ្លួនជនសង្ស័យយកមកកាត់ទោស និងមិនអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើប្រទេសដែលជាប់ពាក់ព័ន្ធក្នុងសម័យខ្មែរក្រហម។
លោកថ្លែងថា៖ «វិសាលភាពនៃច្បាប់នោះ ហាក់បីដូចជាមានដែនកំណត់ មិនបានបើកឱ្យទូលំទូលាយ ដើម្បីធ្វើការស៊ើបអង្កេតទៅដល់ប្រទេសដែលជាប់ពាក់ព័ន្ធ រឿងបញ្ហារបបខ្មែរក្រហមដែលធ្វើឱ្យជនរួមជាតិបាត់បង់រាប់លាននាក់នេះ»។
លោកបានបន្ថែមថា៖ «ដូច្នេះការណ៍ដែលផ្តល់យុត្តិធម៌ទៅដល់ជនរងគ្រោះ ក៏ដូចជាសាច់ញាតិ យើងគិតថា មិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ពីព្រោះច្បាប់បានកំណត់បិទផ្លូវមិនឱ្យតុលាការកូនកាត់នោះ ធ្វើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ»។
លោក នល់ ពង្សធិរិទ្ធ ដែលជាសកម្មជនគណបក្សភ្លើងទៀនមួយរូប ប្រាប់វីអូអេថា យុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម មិនទាន់ត្រូវបានរកឃើញឱ្យត្រឹមត្រូវទេ។ លោកលើកហេតុផលថា មេដឹកនាំនៃរបបនោះមួយចំនួនមិនព្រមសារភាពទទួលទោសកំហុសរបស់ពួកគេពេលចូលរួមការជំនុំជម្រះក្តី តែបែរជាព្យាយាមដាក់បន្ទុកទៅលើប្រទេសផ្សេងទៅវិញចំពោះអ្វីដែលបានកើតឡើងពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកថ្លែងថា៖ «ដូចខ្ញុំនិយាយដដែលត្រឡប់មកវិញថា ពួកគាត់រុញដាក់គ្នា រុញទៅវៀតណាម រុញទៅចិន អ៊ីចឹងទៅណ៎ា! ហើយគាត់ទទួលនយោបាយពីចិន គាត់ទទួលនយោបាយពីវៀតណាមយកមកសម្លាប់ប្រជាពលរដ្ឋខ្លួនឯង ហើយគាត់ចោទថា ២ប្រទេសហ្នឹងជាអ្នកទទួលខុសត្រូវ ដើម្បីឱ្យគាត់បានរួចខ្លួន។ ខ្ញុំអត់ទទួលយក។ ធម្មតាស្ថិតនៅក្នុងផ្ទះអ្នកណា ឪពុកហើយនិងម្តាយនៅផ្ទះហ្នឹងអ្នកត្រូវទទួលខុសត្រូវហើយ ដូចគ្នា។ អ៊ីចឹង បើជំនាន់នោះរបបលោកឯងជាអ្នកកាន់កាប់ របបហ្នឹងគឺមានការសម្លាប់មនុស្ស គឺលោកឯងត្រូវទទួលខុសត្រូវ»។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោកនេត្រ ភក្ត្រា ចាត់ទុកថា ការអត្ថាធិប្បាយរបស់ថ្នាក់ដឹកនាំគណបក្សជំទាស់ជារបៀបវារៈនយោបាយដើម្បីទាញយកផលចំណេញពីវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។
លោកប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «ការណ៍ដែលអ្នកនយោបាយបានរៀបចំ ពិធីនៅថ្ងៃទី១៧ មេសា ដែលជាថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហមកាលពី៤៨ឆ្នាំមុន វាគ្រាន់តែជារបៀបវារៈនយោបាយមួយដែលគេរៀបចំឡើងដើម្បីទាញយកផលចំណេញពីវិញ្ញាណក្ខន្ធនៃជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត និងអ្នកដែលរងគ្រោះនៃរបបខ្មែរក្រហមដែលកំពុងរួចរស់ជីវិតតែប៉ុណ្ណោះ។ វាជាការប្រមាថទៅលើវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ»។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា សាលាក្តីខ្មែរក្រហមបានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សាជាតិ។
លោកបានបន្ថែមថា៖ «ការជំនុំជម្រះក្តីនៅចំពោះមុខតុលាការខ្មែរក្រហម គឺជាដំណើរការនីតិវិធី ស្របតាមនីតិវិធីច្បាប់ ដែលបានចូលរួមយ៉ាងសំខាន់នៅក្នុងការផ្សះផ្សាជាតិ ផ្សះផ្សាផ្លូវចិត្ត និងពង្រឹងសន្តិភាពនៅកម្ពុជារបស់យើង»។
គិតចាប់តាំងពីការបង្កើតសាលាក្តីខែ្មរក្រហមនៅឆ្នាំ ២០០៦ សាលាក្តីដែលមានការចូលរួមពីអ្នកជំនាញច្បាប់អន្តរជាតិមួយនេះ បានទទួលភ័ស្តុតាងពីជនរងគ្រោះជាង ១០.៣០០នាក់ និងបានចេញសេចក្តីសម្រេចជាង ១.៣៤៥ ហើយបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួន ៣ លានទំព័រ។
មុននឹងការបិទបញ្ចប់នៃការជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហម មេដឹកនាំជាន់ខ្ពស់មួយចំនួនរបស់ខ្មែរក្រហមត្រូវបាននាំខ្លួនយកមកកាត់ទោសក្នុងនោះគឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង និងនួន ជា ដែលបានស្លាប់ និងខៀវ សំផន។ លោកខៀវ សំផន អាយុ ៩១ ឆ្នាំ គឺជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ ដែលនៅរស់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតជាបន្តបន្ទាប់ ពីបទឧក្រិដ្ឋនានាពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ក្នុងរបបដ៏ឃោរឃៅរបស់ខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ១ លាន ៧ សែននាក់។
ក្រៅពីមេដឹកនាំទាំង៣នាក់នោះ ក៏មានអតីតមេដឹកនាំផ្សេងទៀត ដូចជាអៀង ធីរិទ្ធ និង អៀង សារី បានស្លាប់ ក្នុងអំឡុងពេលដំណើរសវនាការរបស់តុលាការខ្មែរក្រហមផងដែរ៕