ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក ខឹម ចាន់វណ្ណៈ ប្រកាន់​ជំហរ​រឹងមាំ បើ​ទោះ​ជាប់​ពន្ធនាគារ


អ្នកស្រី ឡង់ សូដានី អង្គុយមើលរូបស្វាមី គឺលោក ខឹម ចាន់វណ្ណៈនុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ឡង់ សូដានី អង្គុយមើលរូបស្វាមី គឺលោក ខឹម ចាន់វណ្ណៈនុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

នៅ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​ ដែល​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស អ្នកស្រី ឡង់ សូដានី បាន​ទទួល​ពាក្យ​ផ្តាំ​ផ្ញើ​ពី​ស្វាមី​របស់​អ្នកស្រី គឺ​លោក ខឹម ចាន់​វណ្ណៈ ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែមករា។

អ្នកស្រី សូដានី អាយុ​៤២​ឆ្នាំ ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ផ្ទះ​របស់​អ្នក​ស្រី​ កាល​ពី​ពេលថ្មីៗ​នេះ​ថា៖ ​«គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​ ឱ្យ​ខ្ញុំ​ហ្នឹង​មើល​ថែ​កូន ហើយ​ផ្ទះ​សម្បែង​អីអ៊ីចឹង ព្រោះ​គាត់​ប្រកាន់​ជំហរ​គាត់​រឹងមាំ»។

ស្វាមី​របស់​អ្នកស្រី គឺ​លោក ខឹម ចាន់វណ្ណៈ អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​មក ក្រោម​បទ​ចោទ​ប្រកាន់​ថា ​លោក​ក្លែង​បន្លំ​ឯកសារ​។

លោក ខឹម ចាន់វណ្ណៈ គឺ​ជា​ចៅ​សង្កាត់​រង​ទី​ ២ ​នៃ​សង្កាត់​កាកាប​ទី ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មក​ពី​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​រូប​លោក កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ខែ​មិថុនា ឆ្នាំ ​២០២២។ លោក​ក៏​មាន​តួនាទី​ជា​ប្រធាន​ស្តីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ រាជ​ធានី​ភ្នំពេញ និង​ជា​ប្រធាន​ប្រតិបត្តិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

កំពុង​អង្គុយ​លើ​កៅអី​ថ្ម​នៅ​មុខ​បន្ទប់​ស្នាក់​នៅ ដែល​ជា​ទីលំ​នៅ​បច្ចុប្បន្ន ​ក្នុង​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប​ទី ១ ខណ្ឌ​ពោធិ៍សែនជ័យ ​អ្នកស្រី ឡង់ សូដានី បាន​រៀប​រាប់​ប្រាប់​អ្នកសារព័ត៌​មាន​វីអូអេ​ក្នុងទឹក​មុខ​ក្រៀម​ក្រំ​ថា​ ពេល​អ្នកស្រី​ទៅ​សួរ​សុខ​ទុក្ខ​និង​យក​ថ្នាំ​ឱ្យ​ស្វាមី​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ស្វាមី​បាន​ផ្តាំ​អ្នកស្រី​ឱ្យ​បន្ត​តស៊ូ និង​មើល​ថែកូន​ទាំង​២​នាក់​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា។

អ្នកស្រី​លើក​ឡើង​ថា៖ «គាត់​ប្រាប់​ថា​ឱ្យ​ខ្ញុំ​តស៊ូ អ៊ីចឹង​ទៅ​ នៅ​ផ្ទះ​មើល​ថែ​កូន ឱ្យ​កូន​រៀន​សូត្រ​ អ៊ីចឹង​ទៅ ​គាត់​នៅ​ក្នុង​នោះ​ [ពន្ធនាគារ] គាត់​អាច​តស៊ូ​ បាន​អ៊ីចឹង។ ហើយ​ឆន្ទៈ​គាត់​នៅ​រឹងមាំ»។

តុលាការ​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​លោក ខឹម ចាន់​វណ្ណៈ ពី​បទ​«ក្លែង​បន្លំ​ឯកសារ»និង​«ប្រើប្រាស់​ឯកសារ​ក្លែង» ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣។ នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អ្នកស្រី ឡង់ សូដានី ត្រូវ​ជា​ភរិយា​របស់​លោក ខឹម ចាន់​វណ្ណៈ ច្រាន​ចោល។

អ្នកស្រី ឡង់ សូដានី យល់​ថា​ស្វាមី​របស់​អ្នកស្រី​ជា​មនុស្ស​ស្អាត​ស្អំ ហើយ​ប្រជា​ពលរដ្ឋ​អាណិត​ស្រឡាញ់​ ដោយ​សារគាត់​តែង​តែ​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ។

លោក ខឹម ចាន់វណ្ណៈ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាង​២០​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​មុន​លោកមិន​ទាន់​រៀប​ការ​ជាមួយ​អ្នកស្រី ឡង់ សូដានី។ លោក​ធ្លាប់​ធ្វើ​ជា​អតីត​ចៅ​សង្កាត់​ទី១​នៃ​សង្កាត់​កាកាប​ទី ២ កាល​ពី​ឆ្នាំ​ ២០១៧ នៅពេលអតីត​គណបក្ស​សង្រ្គោះ​ជាតិ​មាន​វត្តមាន។ ប៉ុន្តែ​កាល​នោះ លោក​បំពេញ​ការងារ​បាន​តែ​រយៈ​ពេល​ប្រមាណ​ ៣ ​ខែ​ប៉ុណ្ណោះ លោក​បាន​បាត់​បង់​ការងារ​នេះ នៅ​គ្រា​តុលា​ការ​កំពូល​បាន​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក ដូច្នេះ​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ក្នុង​សង្កាត់​ត្រូវ​បាន​ផ្តល់​ឱ្យ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា។ កាល​នោះ លោក ខឹម ចាន់​វណ្ណៈ មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​រក្សា​តំណែង ដូច​ក្រុម​ប្រឹក្សា​មួយ​ចំនួន​ទៀត​ឡើយ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ភរិយា​លោក។

ក្រោយ​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ ​២០១៧ សកម្មជន​មួយ​ចំនួន​ក៏​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង​ និង​ខ្លះ​គេច​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ចៀស​ពី​ការ​តាម​យាយី​ក្រោម​រូបភាព​ផ្សេងៗ​។ ប្រឈម​នឹង​ការ​យាយី​នេះ​ដូចគ្នា លោក ខឹម ចាន់​វណ្ណៈ កាល​នោះ ក៏​បានគេច​ខ្លួន​មួយ​រយៈ​ទៅ​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ក្រោយ​មក​លោក​វិល​មក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ទីលំនៅបច្ចុប្បន្ន​របស់​លោក។ ប៉ុន្តែ​លោក​បាន​ផ្អាក​សកម្មភាព​នយោ​បាយជាមួយ​អតីតគណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​មក ដោយ​សារ​តែ​មាន​គោល​បំណងចង់​បម្រើ​ប្រជាពលរដ្ឋ ទើប​លោក ចាន់​វណ្ណៈ ចូល​ធ្វើ​សកម្ម​ភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

ភរិយា​របស់​លោក គឺ​អ្នកស្រី ឡង់ សូដានី ថ្លែង​ថា៖ «ក្តី​ស្រមៃ​គាត់ គាត់​ចង់​ធ្វើការ​អ៊ីចឹង មាន​ការងារ ​មាន​ប្រាក់​ខែ​ត្រឹមត្រូវ ដើម្បី​ឱ្យ​កូន​បាន​រៀន​ចប់​ចុង ចប់​ដើម​អ៊ីចឹង​។ ប៉ុណ្ណឹង​គាត់​សប្បាយ​ចិត្ត​ហើយ។ ហើយ​ដូច​ថាគាត់​បំពេញ​តួនាទី​ធ្វើ​ការ​បម្រើ​ប្រជាពល​រដ្ឋ​អ៊ីចឹង។ ក្តីស្រមៃ​របស់​គាត់​អ៊ីចឹង»។

អ្នកស្រី ឡង់ សូដានី ភរិយារបស់លោក ខឹម ចាន់ វណ្ណៈ អង្គុយខាងមុខបន្ទប់ស្នាក់នៅក្នុងសង្កាត់និងមើលរូបស្វាមីដែលកំពុងជាប់ពន្ធនាគារ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ឡង់ សូដានី ភរិយារបស់លោក ខឹម ចាន់ វណ្ណៈ អង្គុយខាងមុខបន្ទប់ស្នាក់នៅក្នុងសង្កាត់និងមើលរូបស្វាមីដែលកំពុងជាប់ពន្ធនាគារ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
សកម្មជនគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ ថតរូបនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ (រូបផ្តល់ឱ្យដោយ អ្នកស្រី ឡង់ សូដានី)
សកម្មជនគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ ថតរូបនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ (រូបផ្តល់ឱ្យដោយ អ្នកស្រី ឡង់ សូដានី)

ក្រោយ​ឃើញ​ស្វាមី​ប្រឡូក​នយោ​បាយ​ជាមួយ​គណបក្ស​ជំទាស់ បើ​ទោះ​ដឹង​ថា​មាន​បញ្ហា​ប្រឈម​ច្រើន អ្នកស្រី ឡង់ សូដានី ក៏​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ចង់​ធ្វើ​នយោបាយ​ដូច​ស្វាមី​ដែរ។ អ្នកស្រី​បាន​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន កាល​ពី​ឆ្នាំ​ ២០២២។ បន្ទាប់​មក​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២២ អ្នកស្រី​បាន​ជាប់​ឆ្នោត​ជាសមាជិក​ក្រុមប្រឹក្សា​នៃ​សង្កាត់​កាកាប​ទី ១។

អ្នកស្រីបញ្ជាក់​ថា៖ «ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ មាន​អារម្មណ៍ ដូច​គិត​ថា​វា​ប្រឈម​ដែរ ប៉ុន្តែ​ត្រូវ​តែ​ហ៊ាន​លះ ​ព្រោះថា​រាល់​ថ្ងៃ ចង់​ឃើញ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រួល ​អីស្រួល​ កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក ទៅ​ស្រុក​គេអីអ៊ីចឹង។ ចង់​ឃើញ​ប្រជាពលរដ្ឋ​ រស់​នៅ​ និង​ការ​ហូបចុក​អីស្រួល»។

ក្រោយ​ស្វាមី​ជាប់​ពន្ធនាគារ អ្នកស្រី​កំពុង​តែ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ដោយ​សារ​បាត់​បង់​ចំណូល​របស់​ស្វាមី​ជាង ​៩០ ​ម៉ឺន​រៀល ​ដែល​ជា​ប្រាក់​ខែ​បាន​មក​ពី​តំណែង​ជា​ចៅ​សង្កាត់​រង​ទី ២។

អ្នកស្រី​ថ្លែង​ថា៖ «ឮ​ថា​បន្តិច​ទៀត គេ​កាត់​ប្រាក់​ខែ​អី​អ៊ីចឹង។ បង​ពិបាក​ដែរ បង​បាត់​ចំណូល។ ហើយ​គាត់​ជា​មេគ្រួសារ បាត់​គាត់​មួយ ដូច​ពិបាក​ណាស់។ ចាស! ពិបាក​ក្នុង​គ្រួសារ​។ កូនៗ កំពុង​តែ​រៀន គ្នា​ដូច​បាក់​ទឹក​ចិត្ត ដែល​គេ​ចាប់​ឪពុក​អ៊ីចឹង ​គ្នា​ពិបាក​ចិត្ត ពិបាក​អីអ៊ី​ចឹង​ដែរ»។

កូន​ប្រុស​របស់​លោក ខឹម ចាន់​វណ្ណៈ ជា​និស្សិត​ឆ្នាំ​ទី​ ៤ ​នៅ​សកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​កូនស្រី​របស់​លោក​វិញ​ទើប​តែ​បញ្ចប់​ថ្នាក់​ទី ​១២ ហើយ​កំពុង​សំឡឹង​ចូល​រៀន​សកលវិទ្យាល័យ។

អ្នកស្រី ឡង់ សូដានី នៅ​តែ​ទទូចសុំ​ទៅ​តុលាការ​ឱ្យ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី​ឱ្យ​មាន​សេរីភាព ដើម្បីកុំ​ឱ្យ​គ្រួសារ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច ជា​ពិសេស​ការ​ជួយ​ទំនុក​បម្រុង​កូន​ទាំង២​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា។

ងាកមក​កូន​ប្រុស​ច្បង​របស់​លោក ខឹម ចាន់វណ្ណៈ គឺ​លោក ខឹម ​ចាន់​សុវណ្ណ​មង្គល ​អាយុ ​២១ ​ឆ្នាំ ដែល​កំពុង​រៀន​ជំនាញ​ច្បាប់ ​បាន​បង្ហាញ​ភាពសោក​សៅ ដោយសារ​ឪពុក​ធ្លាប់​នៅ​ផ្ទះ​ជាមួយ​គ្នា ប៉ុន្តែ​បែរ​ទៅ​ជាប់​ពន្ធនាគារ​ព្រៃ​ស​ទៅ​វិញ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​ចេះ​តែ​មក​ផ្ទះ ​ឃើញ​ប៉ា ឃើញ​អីអ៊ីចឹង។ដល់​ឥឡូវមក​ដល់​អត់​ឃើញ​ប៉ា ចេះ​តែ​គិត​ពី​គាត់ អត់​ដឹង​សុខ​ទុក្ខ​គាត់​ម៉េច ហើយ​យើង​អត់​សូវ​បាន​ទៅ​មើល​គាត់​ទៀត។ បារម្ភ​អំពី​សុខភាព​គាត់​ ព្រោះ​ក្នុង​ហ្នឹង [ពន្ធនា​គារ] សុទ្ធ​តែ​គេ​ជក់​បារី មាន​គេ​ប្រាប់​ថា​អាច​នឹង​ប៉ះពាល់​ដល់​ការ​រលាក​សួតនិង​មាន​ជំងឺ»។

រហូត​មក​ដល់​ពេលនេះ គេ​មិន​ទាន់​ដឹង​ថា​ការ​ចោទ​ប្រកាន់លោក ខឹម ចាន់វណ្ណៈ ​ពី​បទ​«ក្លែង​បន្លំ​ឯកសារ» និង​«ប្រើ​ប្រាស់​ឯកសារ​ក្លែង»​អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៣​ នោះ ពាក់ព័ន្ធ​អ្វី​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ សមត្ថកិច្ច​អះអាង​ថា ​ពលរដ្ឋ​ ៣ ​នាក់ ​ដែល​សមត្ថកិច្ច​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្តឹង​លោក ខឹម ចាន់វណ្ណៈ ថា​ក្លែង​បន្លំ​ឯកសារ​ស្នាម​មេដៃ និង​ហត្ថលេខា​ក្លែង ដោយ​ចុះ​ឈ្មោះ​ពួក​គេ​ក្នុង​បញ្ជី​រាយ​នាម​បេក្ខជន​បម្រុង​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារ​ថ្មី​ទី​ ៣ ​របស់​គណបក្ស​ភ្លើងទៀន ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​ពួកគេ។

លោក ជូង ជូងី ​មេធាវី​ការពារក្តី​ឱ្យ​លោក ខឹម ចាន់វណ្ណៈ បានប្តឹង​ឧទ្ធរណ៍​ចំពោះ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ត្រង់​ចំណុច​ទាំង​មូល ដែល​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​ឃុំ​ខ្លួននោះ។

កាល​ពី​ខែ​មករា មន្រ្តី​គណបក្ស​ជំទាស់​ភ្លើង​ទៀន ​៤ ​នាក់ រួម​មាន​លោក ខឹម ចាន់​វណ្ណៈ​ដែរ ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ ក្នុង​ការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ គណបក្ស​ភ្លើង​ទៀន​បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​នេះ ហើយ​ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង​ថ្មី និង​ដើម្បី​បំបាក់​ស្មារតី​ប្រជា​ពល​រដ្ឋ​ខ្មែរ មិន​ឱ្យ​ចូល​រួមសកម្ម​ភាព​នយោ​បាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន និង​ធ្វើ​ឱ្យ​បរិយា​កាស​នយោ​បាយ​អាប់អួរ​បន្ថែម​ទៀត មុន​ការ​បោះ​ឆ្នោតជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា នា​ថ្ងៃ​ទី ​២៥ ខែ​កុម្ភៈ​ខាង​មុខ។

លោក ខឹម ចាន់វណ្ណៈ គឺជា​អង្គ​បោះ​ឆ្នោត​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៥ ខែ​កុម្ភៈ​ខាង​មុខ។ ដូច្នេះ​ប្រសិន​តុលាការ​បន្ត​ឃុំ​ខ្លួន​រូប​លោក នោះ​គណបក្ស​ភ្លើង​ទៀន​នឹងបាត់​បង់​អង្គ​បោះ​ឆ្នោតម្នាក់​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ។

អ្នកស្រី ខឹម ចាន់​សុជាតិ ​អាយុ​ ៥០ ​ឆ្នាំ ​ដែល​ត្រូវ​ជា​បងស្រី​បង្កើត​របស់​លោក ខឹម ចាន់​វណ្ណៈ ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​៦នាក់ និងរស់​នៅ​ផ្ទះ​ជាប់​គ្នា នៅ​តែ​មាន​អារម្មណ៍សោក​សៅ​ចំពោះ​រឿង​ហេតុ​ដែល​កើត​លើ​ប្អូន​ប្រុស​របស់​អ្នកស្រី គឺ​នៅ​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​មករា។ អ្នកស្រី​បាន​រំឭក​ស្ថានភាព ពេល​អាជ្ញាធរ​ចុះ​មក​ចាប់​ខ្លួនប្អូន​ប្រុស យ៉ាង​ដូច្នេះ​ថា៖ «ដំបូង​ខ្ញុំ​នៅ​ក្នុង​ផ្ទះ ចាប់​អារម្មណ៍​ទេ។ ឃើញ​គេ​ចុះ​មក​ហ្នឹង ខ្ញុំ​ក៏​ចុះ​ទៅ​មើល​ ខ្ញុំ​ដើរ​ចេញ​ទៅ​មើល​ គេ​ក៏​មិន​ទាន់​សួរ​ដែរ ​ដល់​មួយ​សន្ទុះ​បាន​គេ​សួរ​ខ្ញុំ​ថា សួរ​រក​ម្ចាស់​ផ្ទះ ហើយ​ខ្ញុំ​សួរ​ថា​អូន​ឯង​មាន​ការ​អី​? ដល់​ពេល​ហ្នឹង​គេ​ថា ខាង​ដីកា​គេ​ឱ្យ​ចុះ​មក​ចាប់​មនុស្ស​ម្នាក់។ ហើយ​ខ្ញុំ​សួរ​មនុស្ស​ម្នាក់ ឈ្មោះ​អី​ បាន​គេ​ប្រាប់​ថាខឹម ចាន់វណ្ណៈ។ ខ្ញុំ​គ្រាន់​តែ​ឮ​ថា​ឈ្មោះ​ប្អូន ខ្ញុំ​ធ្លាក់​ថ្លើម​ក្តុក​ហ្មង»។

អ្នកស្រីមិន​ជឿ​ថា ​ប្អូន​ប្រុស​បង្កើត​របស់​អ្នកស្រី​ក្លែង​បន្លំ​ឯកសារ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ជឿ​ទេ ​ព្រោះ​ប្អូន​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ធ្វើ​អី ដោយ​យុត្តិធម៌»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG