ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ»


ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

សមាជិក​គណបក្ស​ភ្លើងទៀន​ ២ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃពុធ ​ក្រោម​ការ​ចោទ​ប្រកាន់ ​«ក្លែង​បន្លំ​ឯកសារ» ​នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​មួយ​ ដែល​សកម្មជន​គណបក្ស​ជំទាស់​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​មករា។​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ​និង​មន្រ្តី​នគរបាល​រាជធានី​ភ្នំពេញ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើងទៀន ​ចុះ​ថ្ងៃទី​ ១ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៤​ សមាជិក​គណបក្ស​ ២ ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ​មាន​លោក ​ហាក់ កុសល​ លេខាធិការ​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ​ខណ្ឌ​ជ្រោយ​ចង្វា ​និង​លោក ​ម៉ា ចិន្តា ​អនុប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ ខណ្ឌ​ដូន​ពេញ។ ​គណបក្ស​ភ្លើងទៀន​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សមាជិក​ទាំង ​២ ​នាក់ ​«គឺ​ជា​រូប​ភាព​គំរាម​កំហែ​ង​ថ្មីៗ​ទៀត ​ដើម្បី​បំបាក់​ស្មារតី​ប្រជា​ពលរដ្ឋ​ខ្មែរ ​មិន​ឱ្យ​ចូល​រួម​សកម្ម​ភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​ និង​ជា​ការ​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​អសកល​ក្នុង​ឆ្នាំ ​២០២៤ ​នេះ​ (បោះ​ឆ្នោត​ព្រឹទ្ធសភា) ​រឹត​តែ​មាន​ភាព​អាប់​អួរ​ថែម​ទៀត»។​

គណបក្ស​ភ្លើង​ទៀន​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សមាជិក​គណបក្ស ​ដើម្បី​ធានា​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ ​ក្នុង​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ទី​ ២៥ ​ខែ​កុម្ភៈ​ខាង​មុខ។​

ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ន៍​ជាមួយ​វីអូអេ ​អតីត​អ្នក​នាំពាក្យ​គណ​បក្ស​ភ្លើងទៀន ​លោក គីមសួរ ភិរិទ្ធ ​ដែល​បច្ចុប្បន្ន​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ ​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​ទាំង​ ២ ​នាក់​នោះ​គឺ​ជា​សម្ពាធ​បន្ថែម​ទៀត​មក​លើ​គណបក្ស​ភ្លើងទៀន។​

លោក​បញ្ជាក់​ថា៖ ​«អាហ្នឹង​ខ្ញុំ​គិត​ថា ​តិច ​ឬច្រើន​ពាក់ព័ន្ធ​ជាមួយ​ហេតុ​ផល​នយោបាយ​ហើយ​ការ​គំរាម​កំហែង​នៅ​ជាមួយ​ហ្នឹង​ដែរ។ ​អ៊ីចឹង​ទេ​ ខ្ញុំ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កុំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ ដោយ​ឥត​ដីកា​អ៊ីចឹង»។​

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធា​នី​ភ្នំពេញ ​លោក ​សំ វិច្ឆិកា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួកគេ​ទាំង​ ២ ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ​៣១​ ខែ​មករា​ ឆ្នាំ ​២០២៤​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​បន្លំ​ឯក​សារ។ ​បើ​តាមអ្នក​នាំ​ពាក្យ​រូប​នេះ​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ទៅ​តាម​ដីកា​របស់​តុលាការ​ដែល​ប្តឹង​ដោយ​ប្រជា​ពល​រដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​យក​ឈ្មោះ​ពួកគេ​ទៅ​ឈរ​ឈ្មោះ​ដោយ​មិន​ដឹង​ខ្លួន។​

លោក​ សំ វិច្ឆិកា ​បញ្ជាក់​ថា៖ ​«ពួក​គាត់​ទាំង​ពីរ​ហ្នឹង​ចូលរួម​ជា​ក្រុម​ក្នុង​ការ​ក្លែង​បន្លំ​ឯកសារ។ ​អ៊ីចឹង​សមត្ថ​កិច្ច​យើង​អនុវត្ត​ទៅ​តាម​ដីកា​របស់​តុលាការ»។​

បើ​តាម​លោក ​សំ វិច្ឆិកា ​អ្នក​ទាំង ​២ ​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​តែ​មួយ ​ដែល​សកម្ម​ជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន ​គឺ​លោក​ ខឹម ចាន់វណ្ណៈ ​ប្រធាន​ស្តីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​មករា ​ឆ្នាំ​ ២០២៤។​

កាល​ពី​ពាក់​កណ្តាល​ខែ​មករា ​សកម្មជន​គណបក្ស​ភ្លើងទៀន​២​នាក់ ​ក្នុងនោះ​មាន​លោក ​ខឹម ចាន់វណ្ណៈ ​និង​អ្នកស្រី ​ឆាយ ចិន្តា​ ប្រធាន​ចលនា​ស្ត្រី​ខណ្ឌ​ជ្រោយ​ចង្វា​ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ «ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ» ​និង​«ប្រើប្រាស់​ឯក​សារ​ក្លែង» ​នៅ​ក្នុង​សំណុំ​រឿង​ពីរ​ផ្សេង​គ្នា។ ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។​

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ខ្លួន​សកម្មជនគណបក្ស​ភ្លើងទៀន ​កាល​ពី​ថ្ងៃ​ពុធ ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​លើ​ឯកសារ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​បម្រុង​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​សង្កាត់ ​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី ៣ ​ដែល​អ្នក​ប្តឹង​ថា​មិន​បាន​ដឹង​ខ្លួន​អំពី​ការ​ឈរ​ឈ្មោះ​នោះ​ទេ។​

ពួកគេ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។​

អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ ​លោក ​ប្លង់ សុផល ​ថ្លែង​ថា​ លោក​មិន​ទាន់​មាន​ព័ត៌មាន​ទាក់ទង​នឹង​សកម្មជន​ទាំង ​២ ​នាក់​នោះ​ទេ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​គ្រួសារ​របស់​ពួកគេ​ទាំង​ពីរ​នាក់​បាន​នៅ​ឡើយ​ទេ។​

វីអូអេ​បាន​ព្យាយាម​ស្វែង​រក​ដើម​បណ្តឹង​ ដែល​ប្តឹង​ថា​ ​មន្ត្រី​គណបក្ស​ភ្លើង​ដាក់​ខ្លួនជា​បេក្ខជន​បម្រុង​ឈរ​ឈ្មោះក្នុង​ការ​បោះឆ្នោត​ដោយ​មិន​ដឹង​ខ្លួន ​ប៉ុន្តែ​មិន​អាច​រក​បាន​ដើម្បី​ផ្ទៀងផ្ទាត់​ និង​ស្វែង​យល់​ថា​ ហេតុ​អ្វី​ក៏​បណ្តឹង​នេះ​មិន​បាន​កើត​មាន​អំឡុង​ពេលបញ្ជី​បេក្ខជន​ត្រូវ​បាន​ផ្សព្វផ្សាយ។

ការចាប់​ខ្លួន​ដោយ​មិន​មាន​ព័ត៌មាន​អំពី​ដើម​បណ្តឹង​នេះ​បាន​រង​ការ​រិះគន់ទាក់​ទង​នឹង​ការ​អនុវត្តច្បាប់​និង​រំលោភ​សិទ្ធិមនុស្ស។

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ ​អង្គការ​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​មួយ ​ដោយ​លើក​ឡើង​ថា​ ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណ​បក្ស​ប្រឆាំង ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​សកម្ម​ជន​ដី​ធ្លី​ មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព​នៅ​តែ​កើត​មាន​ឡើង។

​អង្គការ​នេះ​រិះគន់​ថា​ ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​មាន​«ភាព​យ៉ាប់​យ៉ឺន​បន្ថែម​ទៀត»​ក្នុង​ឆ្នាំ​ ២០២៣។ ​អង្គការ​នេះ​អះអាង​ថា នាយក​រដ្ឋមន្រ្តី​ថ្មី​ លោក ​ហ៊ុន ម៉ាណែត ​ដែល​កាន់​អំណាច​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២២ ​ខែ​សីហា ​ឆ្នាំ​ ២០២៣ ​មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ឡើយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG