ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ថា ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់


រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ពន្លឺ​ភ្លើង​ ចូល​រួម​ដង្ហែ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ពន្លឺ​ភ្លើង​ ចូល​រួម​ដង្ហែ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។

ភរិយា​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ​អះ​អាង​ថា​ ស្វាមី​របស់​ពួក​គេ​មិន​បាន​«ក្លែង​បន្លំ​ឯកសារ» ​និង «ប្រើ​ប្រាស់​ឯកសារ​ក្លែង» ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ​ពួកគេ​ទាមទារ​ឱ្យដោះ​លែង​ស្វាមី​របស់​ពួក​គេ​ឱ្យ​មាន​សេរីភាព​ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​អយុត្តិធម៌ ​និង​ជា​រូបភាព​គំរាម​កំហែង​ដល់​ស្វាមី​ដែល​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​ជំទាស់។​

បើ​តាម​គណបក្ស​ភ្លើង​ទៀន​ ចាប់​តាំង​ឆ្នាំ​២០២៣ ដល់ដើម​ឆ្នាំ​២០២៤​នេះ​ ថ្នាក់​ដឹក​នាំ ​និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន​១២​នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ​ដោយ​ក្នុង​នោះ ​សកម្មជន​២​នាក់​ទើប​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួននៅ​ថ្ងៃទី​៣១ ​ខែ​មករា​ ឆ្នាំ​២០២៤​ ដែល​រួមមាន​លោក ​ម៉ា ចិន្តា ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ​ខណ្ឌ​ដូនពេញ​ និង​លោក ​ហាក់ កុសល ​លេខាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ។ ​ដូច្នេះ​ក្នុង​ខែ​មករា​នេះ ​សកម្មជន​គណបក្ស​ភ្លើងទៀន​ក្នុង​រាជធានីភ្នំពេញ​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​«ការ​ក្លែង​បន្លំ​ឯកសារ» ​និង​«ប្រើប្រាស់​លិខិត​ក្លែង»។​

អ្នកស្រី ​ផុន ម៉ាឡា ​អាយុ​៥០​ឆ្នាំ ​ភរិយា​របស់​លោក ​ម៉ា ចិន្តា ​អះអាង​ថា​ ស្វាមី​របស់​អ្នកស្រី​មិន​បាន​ក្លែង​បន្លំ​ឯកសារ​អ្វី​នោះ​ទេ។ ​អ្នកស្រី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​ឱ្យ​មាន​សេរីភាព។​

អ្នកស្រី​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា៖ ​«ខ្ញុំ​ជឿ​ជាក់​លើ​ប្តីខ្ញុំ ​អត់​ធ្វើ​អ៊ីចឹង​ទេ ​ព្រោះ​គាត់​ស្រឡាញ់​ប្រពន្ធ​កូន​ណាស់»។​

អ្នកស្រី​បន្ត​ថា៖ ​«ឱ្យ​គាត់​ដោះ​លែង​គ្រួសារ​របស់​ខ្ញុំ​មក​វិញ​មក​ ព្រោះ​ពេល​នេះ​មាន​តែ​ខ្ញុំ​មា្នក់​ឯង ​ហើយ​ព្រោះ​គាត់​ជា​ជំហរ​គ្រួសារ​ខ្ញុំ»។​

ចំណែក​អ្នកស្រី ​មាស ស្រីម៉ៅ ​ភរិយា​របស់​លោក ​ហាក់ កុសល ​ក៏​អះអាង​ដូច​ទៅ​នឹង​អ្នកស្រី ​ផុន ម៉ាឡា ​ផង​ដែរ ​ដោយ​ជឿជាក់​ថា​ ស្វាមី​របស់​អ្នកស្រី​មិន​បាន​បំភ្លៃ​ឯកសារដូច​ការ​លើក​ឡើង​ក្នុង «ដីកា​បង្គាប់​ឱ្យនាំខ្លួន» ​ដែលចេញ​ដោយចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​យី សុខវួច នោះ​ទេ។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«គាត់​ថា​ អត់​មាន​បាន​ក្លែង​បន្លំ​អ៊ីចឹង​ផង»។​

អ្នកស្រី​បន្ថែម​ថា ​មក​ដល់​ពេលនេះ អ្នកស្រី​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​នៅ​ឡើយ​ទេ។ ​ អ្នកស្រី​ក៏​ចង់​ដឹង​អំពី​ដំណើរ​រឿងពិត​ប្រាកដ​ផង​ដែរ។ ​អ្នក​ស្រី​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី​ឱ្យ​មាន​សេរី​ភាព។​

បើ​តាម ​«ដីកា​បង្គាប់​ឱ្យនាំ​ខ្លួន» ​ចុះថ្ងៃទី​៣១ ​ខែ​មករា ​ឆ្នាំ​២០២៤ ​ដោយចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក ​យី សុខវួច ​ដែល​វីអូអេ​ទទួល​បាន​ចំនួន​២​ច្បាប់​ផ្សេង​គ្នា ​ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​កង​កម្លាំង​សាធារណៈ​ចាប់​ និង​នាំខ្លួន​លោក​ ហាក់ កុសល ​និង​លោក ​ម៉ា ចិន្តា ​ប្រគល់​ជូន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ​ចាប់​ពី​ថ្ងៃ​ទី​៣១ ​ខែ​មករា ​ដល់​ថ្ងៃទី​២៩ ​ខែ​កុម្ភៈ ​ដើម្បី​បំភ្លឺ​ការណ៍​ពិតពីបទ​«ក្លែងបន្លំ» ​និង​បទ​«ប្រើប្រាស់​លិខិត​ក្លែង»​ ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ ​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ​៦២៦​ដល់​មាត្រា​៦២៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

តុលាការ​ថា ​ការ​សម្រេច​នាំ​ខ្លួន​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​ទាំង​ពីរ​នាក់​នេះ​ដើម្បី​ធានា​ដល់​ការ​បង្ហាញ​ខ្លួន​ជន​ត្រូវ​ចោទ​ចំពោះ​មុខ​ចៅក្រម​ និង​ធានា​ដល់​ការ​ស៊ើប​សួរ​ឱ្យ​បាន​ពេញ​លេញ។ ​តុលាការ​បន្ថែម​ថា​ លោក ​ម៉ា ចិន្តា ​និង​លោក ​ហាក់ កុសល ​គឺ​ជា​គ្នីគ្នា​របស់​លោក ​ខឹម ចាន់វណ្ណៈ ​ប្រធាន​ស្តីទី​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ​រាជធានី​ភ្នំពេញ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃទី​១៥ ​ខែ​មករា ​ឆ្នាំ​២០២៤​ ពាក់​ព័ន្ធ​នឹង​បទ ​«ក្លែងបន្លំ»​និង​បទ​ «ប្រើប្រាស់​លិខិត​ក្លែង»ដូច​គ្នា។​

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​លោក ​សំ វិច្ឆិកា ​ប្រាប់​វីអូអេ​ថា​អាជ្ញាធរ​ឃាត់​ខ្លួន​ពួកគេ​ទាំង​២​នាក់ កាល​ពី​ថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០២៤​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​បន្លំ​ឯក​សារ។ ​បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ទៅ​តាម​ដីកា​របស់​តុលាការ​ ដែល​ប្តឹង​ដោយ​ប្រជា​ពល​រដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​យក​ឈ្មោះ​ពួកគេ​ទៅ​ឈរ​ឈ្មោះ​ដោយ​មិន​ដឹង​ខ្លួន។​

រហូត​មក​ដល់​ពេលនេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​ទេ​ថា​ តើ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណ​បក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធនឹងការក្លែង​បន្លំឯក​សារ ​ឬ​លិខិតអ្វី​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ ​បើទោះ​បីជា​អាជ្ញាធរ​ធ្លាប់​ប្រាប់​វីអូអេ​ថា​ ពួក​គេ​ត្រូវ​បាន​ពលរដ្ឋ​ប្តឹង​ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​លើ​ឯកសារ​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​បម្រុង​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​សង្កាត់ ​ដែល​អ្នក​ប្តឹង​ថា​ មិន​បាន​ដឹង​ខ្លួន​អំពី​ការ​ឈរ​ឈ្មោះ​ទាំង​នោះ។​

គណបក្ស​ភ្លើង​ទៀន​នៅ​តែ​ចាត់​ទុក​ថា​ ការចាប់​ខ្លួន​សកម្ម​ជន​របស់​ខ្លួន​បន្ថែម​ទៀត​នេះ​ គឺ​ជា​រូប​ភាព​គំរាម​កំហែង ​ដើម្បី​បំបាក់​ស្មារតី​ប្រជា​ពល​រដ្ឋ​ខ្មែរ ​មិន​ឱ្យ​ចូល​រួមសកម្ម​ភាព​នយោ​បាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ និង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​អាប់អួរ​បន្ថែម​ទៀត​ មុន​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ​ ២០២៤ ​ទាំង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​នាខែកុម្ភៈ​ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត ក្រុង ​ស្រុក ​ខណ្ឌ ​នាខែ​ឧសភា​ខាង​មុខ។ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើងទៀន ​ចុះ​ថ្ងៃ​ទី​១ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៤។ ​

លោក ​លី សុធារ៉ាយុត្តិ ​អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន​ ប្រាប់​វីអូអេ​ថា​ ​គណបក្ស​ភ្លើងទៀន​ទាម​ទារ​ឱ្យ​ដោះ​លែងលោក​ ហាក់ កុសល ​និង​ លោក ​ម៉ា ចិន្តា ​ដោយ​ឥត​លក្ខខណ្ឌ ​និង​បញ្ឈប់​ការ​ចាប់​ខ្លួន ​ការ​ឃុំ​ខ្លួន ​ការ​គំរាម​កំហែង ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់រូប​ភាព​លើ​ថ្នាក់​ដឹកនាំ ​និង​សមាជិក​គណបក្ស​ភ្លើងទៀន ​ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​នៅ​មុន​ការ​បោះ​ឆ្នោត។​

លោក​ថ្លែង​ថា៖ ​«នេះ​គឺជា​រូបភាព​មួយ​មិន​ល្អ ​ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​មុន​ពេលការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​គឺការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​នា​ពេល​ខាង​មុខ»។ ​

បើ​តាម​លោក ​លី សុធារ៉ាយុត្តិ ​គណបក្សភ្លើងទៀន​នឹង​ចាត់​ចែង​មេធាវី ​ដើម្បី​ការពារក្តីឱ្យ​លោក​ ហាក់ កុសល​ និង​លោក​ ម៉ា ចិន្តា ​ផង​ដែរ។​

ស្នងការ​រដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​គណបក្ស​ភ្លើងទៀន។​ សមត្ថកិច្ច​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​នេះ​ពុំ​មាន​ហេតុផល​អ្វី​ពាក់ព័ន្ធ​ដល់​ការ​គំរាម​កំហែង​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សកម្មជន​ឡើយ។ ​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ​អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រាប់​វីអូអេ​ថា​ ឱ្យ​តែ​ដល់​ការបោះ​ឆ្នោត​ម្តងៗ ទាំង​ការ​បោះ​ឆ្នោតសកល ​និង​អសកល​ តែងតែ​មានការ​ចាប់​ខ្លួន​នានា​ដែល​កើត​ឡើង​លើ​សកម្ម​ជន​គណបក្ស​ប្រឆាំង ​ដូច​ជាក់​ស្តែង ​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ពី​បទ​ផ្សេងៗ ​ក្នុង​នោះ​មាន​ការក្លែង​បន្លំ​ឯកសារ​ជាដើម ​ដែល​ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ ​និង​រង​ការ​រិះគន់​ពាក់​ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​នយោបាយ។​

លោក​ថ្លែង​ថា៖​ «តាំង​ពី​អាណត្តិ​បោះ​ឆ្នោត​ជាតិ​ហើយ​ថ្មីៗ ​ក៏​អ៊ីចឹង ​ហើយ​មក​ជិត​ការ​បោះឆ្នោត​នៃ​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ទៀត ​វា​ហាក់​ដូចជា​អត់ទាន់ ​អត់​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ដែល​សហគមន៍​ជាតិ ​អន្តរជាតិ​គេ​តែង​តែ​ទទូច​ឱ្យ​មាន​ការ​បើក​លំហ ​ការ​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ​ និង​ប្រជា​ធិបតេយ្យ​ហ្នឹង ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ»។

វីអូអេ​បាន​ព្យាយាម​ស្វែង​រក​ដើម​បណ្តឹង​ ដែល​ប្តឹង​ថា​ ​មន្ត្រី​គណបក្ស​ភ្លើង​ដាក់​ខ្លួនជា​បេក្ខជន​បម្រុង​ឈរ​ឈ្មោះក្នុង​ការ​បោះឆ្នោត​ ដោយ​មិន​ដឹង​ខ្លួន ​ប៉ុន្តែ​មិន​អាច​រក​បាន​ដើម្បី​ផ្ទៀងផ្ទាត់​ និង​ស្វែង​យល់​ថា​ ​ហេតុ​អ្វី​ក៏​បណ្តឹង​នេះ​មិន​បាន​កើត​មាន​អំឡុង​ពេលបញ្ជី​បេក្ខជន​ត្រូវ​បាន​ផ្សព្វផ្សាយ។​

ការ​ចាប់​ខ្លួន​ដោយ​មិន​មាន​ព័ត៌មាន​អំពី​ដើម​បណ្តឹង​នេះ​បាន​រង​ការ​រិះគន់ទាក់​ទង​នឹង​ការ​អនុវត្តច្បាប់​ និងសិទ្ធិមនុស្ស។

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ ​អង្គការ​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​មួយ ​ដោយ​លើក​ឡើង​ថា​ ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណ​បក្ស​ប្រឆាំង ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​សកម្មជន​ដី​ធ្លី​ មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព​នៅ​តែ​កើត​មាន​ឡើង។​

អង្គការ​នេះ​រិះគន់​ថា ​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​មាន​ «ភាព​យ៉ាប់​យ៉ឺន​បន្ថែម​ទៀត»​ ក្នុង​ឆ្នាំ​២០២៣។ ​អង្គការ​នេះ​អះអាង​ថា ​នាយក​រដ្ឋមន្រ្តី​ថ្មី​ លោក ​ហ៊ុន ម៉ាណែត ​ដែល​កាន់​អំណាច​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ​ខែ​សីហា ​ឆ្នាំ​ ២០២៣ ​មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ឡើយ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG