ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី បើកការវាយប្រហារគ្នាជាពាក្យសម្តីមកនោះ តុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យតាមចាប់លោក សម រង្ស៊ី នាថ្ងៃសុក្រនេះ។ ដីកាបង្គាប់ឲ្យនាំខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ គឺទាក់ទងនឹងសំណុំរឿងករណី «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» របស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០០៨មកម្ល៉េះ។
មិនប៉ុន្មានថ្ងៃបន្ទាប់ពីមានការឡើងកម្តៅនយោបាយ និងការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗដាក់គ្នារវាងអ្នកនយោបាយកម្ពុជា អយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ នារសៀលថ្ងៃសុក្រនេះ។
ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះគឺធ្វើឡើងមិនបានប៉ុន្មានម៉ោងផង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងប្រធានគណបក្សជំទាស់រូបនេះ ដែលបានថ្លែងនៅប្រទេសជប៉ុនថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមានចេតនាបង្អាក់មិនឲ្យមានការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។
យោងតាមដីកាចាប់ខ្លួន ដែល VOA បានទទួល នារសៀលថ្ងៃសុក្រនេះ បានឲ្យដឹងថា តំណាងអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមចាប់ខ្លួន លោក សម រង្ស៊ី ពីបទ«បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» តាំងពីខែមេសាឆ្នាំ២០០៨មកម្ល៉េះ។ ពេលនោះលោកបញ្ជាក់ថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស មានពាក់ព័ន្ធនឹងពួកខ្មែរក្រហម។ យោងតាមដីកាដដែលបានឲ្យដឹងថា ការអនុវត្តដីកានេះគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមានពាក្យសុំការអនុវត្តសាលដីកាស្តាពររបស់លោកមេធាវីការ សាវុធ តំណាងឲ្យលោក ហោ ណាំហុង នាថ្ងៃសុក្រនេះ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី នាថ្ងៃសុក្រនេះបានសរសេរយ៉ាងដូច្នេះថា៖
«១- ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ដែលមានអត្តសញ្ញាណខាងលើនេះ តាមអំណាចសាលដីកាស្ថាពរលេខ១៧ក្រ.៥ប ចុះថ្ងៃទី១២ខែមិនា ឆ្នាំ២០១៣របស់សាលាឧទ្ធរណ៍។ ២- បង្គាប់មកកងកម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនទណ្ឌិតឈ្មោះ សម រង្ស៊ី យកទៅអនុវត្តទោសនៅពន្ធនាគារនៃក្រសួងមហាផ្ទៃ»។
សាលដីការបស់លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា សំណុំរឿងរបស់លោក សម រង្ស៊ី ត្រូវបានចូលជាស្តាពរចាប់តាំងពីខែមីនាឆ្នាំ២០១៣មកម៉្លេះ។ ក្នុងនោះ តុលាការបានសម្រេចឲ្យជាប់ទោសក្នុងពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀលចំពោះបទ«បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ដែលប្រព្រឹត្តនៅសារមន្ទីរជើងឯក កាលពីខែមេសា ឆ្នាំ២០០៨។
VOA មិនអាចសុំសេចក្តីអត្ថាធិប្បាយបន្ថែមពីមន្ត្រីតុលាការក្រុងភ្នំពេញបានទេ នាល្ងាចថ្ងៃសុក្រនេះ រីឯលោក ការ សាវុធ មេធាវីរបស់លោករដ្ឋមន្ត្រី ហោ ណាំហុង ប្រកែកមិនធ្វើអធិប្បាយទេ ដោយសារលោកជាប់ប្រជុំ។
លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ បានប្រាប់ VOA ថា ការចេញដីកានេះគឺជារឿង«គួរឲ្យអស់សំណើច» ដែលគណបក្សកាន់អំណាចព្យាយាមបំបិទសំឡេងរបស់គណបក្សជំទាស់ ក្រោយពេលមានកម្តៅនយោបាយនាពេលថ្មីៗនេះ។ ហើយការចេញដីកានេះទៀតសោតគឺវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ មាត្រាទី៨០ ដោយលោក សម រង្ស៊ី ជាសមាជិករដ្ឋសភាក្នុងអភ័យឯកសិទ្ធិ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
លោក អេង ឆៃអ៊ាង បានបន្តថា៖
«ហើយចំណុចមួយទៀត គឺករណីទោសទណ្ឌរបស់លោក សម រង្ស៊ី ហ្នឹងគឺត្រូវបានព្រះមហាក្សត្រលោកបានប្រទានការលើកលែងទោសចាប់តាំងពីខែមិថុនាឆ្នាំ២០១៣មកម៉្លេះ។ ហើយអាទោសហ្នឹងគឺត្រូវលើកលែងទោសទាំងអស់។ វាមិនមែននៅសល់មានទោសទណ្ឌអីទៀតទេ។ អ្នកធ្វើពង្រាងឲ្យព្រះមហាក្សត្រលើកលែងទោសហ្នឹង វាស្រង់មិនអស់។ ដូច្នេះទៅ គេមិនដឹងយករឿងអីអាចធ្វើបាន គេយកអារឿងដដែល រឿងចន្លោះប្រហោងហ្នឹង មកជាល្បែងនយោបាយ ដើម្បីផ្ចាញ់ផ្ចាលទៅវិញបាទ!»។
លោកបញ្ជាក់ថា៖
«អាហ្នឹងដែលយើងឃើញហេតុការណ៍ដែលកើតឡើងថ្ងៃនេះមកទៀតហ្នឹងគឺវាពាក់ព័ន្ធគ្នាទំាងអស់ហ្នឹងឯង។ វាពាក់ព័ន្ធគ្នា។ រឿងហ្នឹងវាពាក់ព័ន្ធរឿងថ្ងៃ២៦តុលា ថ្ងៃ៣០តុលា និងបន្តបន្ទាប់មកហ្នឹងណា។ អញ្ចឹងហើយបានថា រឿងទាំងអស់ហ្នឹងគឺនៅស្រុកខ្មែរយើងហ្នឹង គឺធ្វើរឿងអីដែលប្លែកៗ ចំឡែកជាងគេណាស់»។
នាប៉ុន្មានខែចុងក្រោយនេះ នយោបាយនៃប្រទេសកម្ពុជាបានឡើងកម្តៅសាជាថ្មី ក្រោយពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ពីការមន្ទិលសង្ស័យក្នុងការប្រើប្រាស់ផែនទីនិងការបោះបង្គោលព្រំដែនរវាងប្រទេសវៀតណាម ការឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ ការចាប់ឃុំខ្លួន និងកាត់ទោសសកម្មជន និងសមាជិកព្រឹទ្ធសភាគណបក្សជំទាស់ ការវាយប្រហារលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាជាដើម។
នាថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ ធ្វើការព្រមាននិងវាយប្រហារពាក្យសម្តីធ្ងន់ៗទៅកាន់លោក សម រង្ស៊ី រួមទាំងការហៅលោកថាជា «កូនអាក្បត់ជាតិ» ដោយចោទលោក សម សារី ឪពុកលោក សម រង្ស៊ី ថា ជាជនក្បត់ជាតិ ហើយគំរាមប្រើប្រព័ន្ធតុលាការចំពោះការថ្លែងរបស់លោក សម រង្ស៊ី នៅប្រទេសជប៉ុន ដែលចោទថា រដ្ឋបាលរបស់លោក ហ៊ុន សែន ព្យាយាមមិនឲ្យមានការបោះឆ្នោតដោយសេរី និងប្រជាធិតេយ្យនាពេលខាងមុខ។
ក្នុងវីដេអូខ្លី ដែលផ្សាយតាមទំព័រហ្វេសប៊ុករបស់លោក លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅអ្នកគាំទ្ររបស់លោកយ៉ាងដូច្នេះថា៖
«ហើយសុំអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្ររដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនដើម្បីឆ្លើយតបចំពោះទង្វើអាក្រក់របស់កណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ពួកគេ។ មិនមែនជាការក្តិចសង្អារឲ្យជល់គ្នានោះទេ ក៏ប៉ុន្តែយើងឆ្លើយតបសិទ្ធិទល់នឹងសិទ្ធិ ច្បាប់ទល់នឹងបទល្មើស ប្រដាប់អាវុធ និងអំពើ ដែលមានចរិតជាការផ្តួលរំលំ។ នេះហើយជាការគ្រប់គ្រងអំណាច»។
ឆ្លើយតបនឹងការប្រមាថឪពុករបស់លោក លោក សម រង្ស៊ី បានសរសេរក្នុងសារមួយដែលផ្ញើមកកាន់អ្នកសារព័ត៌មាន នាថ្ងៃសុក្រ យ៉ាងដូច្នេះថា៖
«បើថ្ងៃណាមួយលោក ហ៊ុន សែន ត្រូវគេចោទប្រកាន់ពីរឿងអ្វីមួយ នៅចំពោះមុខតុលាការណាមួយ ខ្ញុំនឹងចេញមុខមុនគេការពារកូនរបស់លោក បើកូនទាំងនោះទទួលនូវការស្តីបន្ទោសណាមួយ ពីព្រោះកូនមិនមែនជាអ្នកទទួលខុសត្រូវ ហើយក៏មិនពាក់ព័ន្ធទៅនឹងរឿងដែលគេចោទប្រកាន់ឪពុកនោះទេ»។
ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី នាថ្ងៃសុក្រនេះក៏បានផ្សាយពីដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកផងដែរ។ លោក អេង ឆៃអ៊ាងបានឲ្យដឹងថា តាមគម្រោង លោក សម រង្ស៊ី នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ មុននឹងលោកធ្វើមាតុភូមិនិវត្តន៍នាថ្ងៃទី១៦ខាងមុខនេះ៕