ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សជំទាស់នៅមីយ៉ាន់ម៉ា ឬ ភូមា របស់លោកស្រី អោងសាន ស៊ូជី និងការទទួលស្គាល់ជ័យជម្នះនេះដោយគណបក្សកាន់អំណាចនៅមីយ៉ាន់ម៉ា គឺជាប្រធានបទមួយដ៏ក្តៅគគុកសម្រាប់អ្នកនយោបាយកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ដោយមានការវាយប្រហារជាពាក្យសម្តីធ្ងន់ៗរវាងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សជំទាស់របស់លោក សម រង្ស៊ី។
នាពាក់កណ្តាលយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ និងពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាបានសរសេរអត្ថបទពីរផ្សេងគ្នា និងវីដេអូលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក វាយបកទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាដៃគូបដិបក្ខនឹងគ្នា។ លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី តាមពាក្យដើមថា ជា «កូនអាក្បត់ជាតិ» ដោយចោទថា ឪពុករបស់លោកសម រង្ស៊ី គឺលោក សម សារី ជាអ្នកក្បត់ជាតិ ខុសពីលោកស្រី អោងសាន ស៊ូជី ដែលមានឪពុកជាអ្នករំដោះជាតិមីយ៉ាន់ម៉ាពីអាណានិគន៍និយមអង់គ្លេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពល បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖
«គណបក្សប្រឆាំងនៅភូមាឈ្នះឆ្នោត គេប្រើជាប្រយោជន៍ដើម្បីវាយប្រហារគណបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាល និងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ២០១៥ ហើយមួយទៀតឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាក និងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ»។
លោក ហ៊ុន សែន បានសរសេរបន្តទៀតថា៖
«ឯពូជពង្សវង្សត្រកូលឯកឧត្តមប្រៀបធៀបជាមួយ អោងសាន សូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ។ បើពុំមានការធ្វើនីតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថា ជាកូនអាក្បត់ជាតិ។ ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ធនាមឲ្យ។ ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ»។
ការបរិហារធ្ងន់ៗរបស់លោក ហ៊ុន សែន បែបនេះ គឺមិនប៉ុន្មានថ្ងៃបន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ ធៀបការបោះឆ្នោតនៅកម្ពុជា និងមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ តាមរយៈបណ្តាញសង្គម និងសន្និសីទសារព័ត៌មាន។ ក្នុងនោះលោក សម រង្ស៊ី បានលើកឡើងថា ជ័យជម្នះរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី «គឺជាដំណឹងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា»។
កាលពីថ្ងៃអង្គារកន្លងទៅ លោក សម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មាននាប្រទេសជប៉ុនថា គណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាកំពុងព្យាយាមប្រើយុទ្ធសាស្ត្រមិនឲ្យមានការបោះឆ្នោតដោយសេរីនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ខាងមុខ ដោយបង្កើតបញ្ហាផ្សេងៗ ដូចជាការប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ការកែប្រែច្បាប់បោះឆ្នោតជាដើម។
ថ្លែងប្រាប់អ្នកសារព័តមានជាភាសាអង់គ្លេសនៅប្រទេសជប៉ុន និង ផ្សាយតាមទំព័រហ្វេសប៊ុករបស់លោកនាសប្តាហ៍នេះ លោក សម រង្ស៊ី បញ្ជាក់ថា៖
«អញ្ចឹង ពូកគេបានបង្កើតហេតុការណ៍ផ្សេងៗ។ ពួកគេបង្កើតអំពើហិង្សា បង្កើតអ្នករិះគន់ និងបង្កើតឲ្យមានឆាក ឬក៏នីតិវិធីលើកលែងណាមួយ ដែលធ្វើឲ្យមានការប្រកាសអាសន្ន ដើម្បីកុំឲ្យមានការបោះឆ្នោតនេះ។ ដូច្នេះវាច្បាស់ខ្លាំងណាស់ ដែលពួកគេចង់បញ្ជៀសកុំឲ្យមានដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោតដោយប្រជាធិបតេយ្យណាមួយនៅពេលអនាគតនេះ។
លោក សម រង្ស៊ី ក៏បានស្នើឲ្យប្រទេសសេរី ជាពិសេសប្រទេសជប៉ុន ត្រូវផ្តោតចិត្តទុកដាក់ចំពោះការវិវឌ្ឍស្ថានការណ៍នយោបាយនៃប្រទេសកម្ពុជាពេលបច្ចុប្បន្ន ដើម្បីធានាថា ការបោះឆ្នោតនៅពេលខាងមុខ ជាការការបោះឆ្នោតមួយដោយសេរី យុត្តិធម៌ និងប្រជាធិបតេយ្យ។
កាលពីខែឧសភាកន្លងទៅ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង ដែលធ្លាប់មានអរិភាពនឹងគ្នា បានចេញសេចក្តីថ្លែងការណ៍រួម ស្នើសុំឲ្យដៃគូសន្ទនាទាំងពីរ និងសមាជិករបស់ខ្លួន បញ្ឈប់ ការលាបពណ៌គ្នាចៀសវាងការញុះញង់ និងការប្រើពាក្យអសុរោះ ការជេរប្រមាថ ដោយប្រើពាក្យដូចជា «ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ» និង«អាកូនចោរ»ជាដើម។
ក៏ប៉ុន្តែកិច្ចព្រមព្រៀងនយោបាយ ដែលគេស្គាល់ថា ជា«វប្បធម៌សន្ទនា» បានទទួលរងភាពរង្គោះរង្គើសាជាថ្មី ក្រោយពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ពីការមន្ទិលសង្ស័យក្នុងការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនរវាងប្រទេសវៀតណាម ការឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ ការចាប់ឃុំខ្លួន និងកាត់ទោសសកម្មជននិ ងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ ការវាយប្រហារលើតំណាងរាស្ត្របក្សសង្គ្រោះជាតិ និង ការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាជាដើម។
លោក ហ៊ុន សែន ដ៏មានឥទ្ធិពល ធ្លាប់បានព្រមានគណបក្សសង្គ្រោះជាតិ និងមេដឹកនាំរបស់គណបក្សនេះជាច្រើនលើកច្រើនសាក្នុងសប្តាហ៍កន្លងទៅ។ លោកបានព្រមាន និងបានវាយប្រហារលោក សម រង្ស៊ី ទាក់ទិននឹងការសរសេរលិខិតសុំទោសទៅលោក ក្រោយពេលដែលលោក សម រង្ស៊ី ប្រដូចរូបលោក ហ៊ុន សែន ទៅពួកផ្តាច់ការហ្វាស៊ីស។
នាថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានចុះផ្សាយលិខិតសុំទោសជាផ្លូវការរបស់លោក សម រង្ស៊ី ដែលសរសេរយ៉ាងដូច្នេះថា៖
«ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើង និងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះពីទឹកចិត្តពិតប្រាកដរបស់ខ្ញុំចំពោះក្រុមគ្រួសារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្ត ឬខកចិត្ត កន្លែងណាមួយ ដោយអចេតនា»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ នាយកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ បានយល់ឃើញថា ការជេរប្រទេចគ្នា គឺវាមានទាំងសងខាងពីលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលការនេះបញ្ជាក់ពីសីលធម៌របស់អ្នកនយោបាយកម្ពុជា។ លោកថា ការប្រើប្រាស់ពាក្យពេចន៍បែបនេះ វាជះឥទ្ធិពលមិនល្អដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលគាំទ្រគណបក្សទាំងពីរ។
«ជាការឡើងកម្តៅនយោបាយមួយ ដែលខ្ញុំមើលទៅ វាគ្មានបានប្រយោជន៍សម្រាប់ប្រទេសជាតិ ហើយក៏គ្មានបាននាំមកនូវកិត្តិយសដល់ប្រទេស និង ប្រជាពលរដ្ឋកម្ពុជាដែរ។ ហើយយើងឃើញការណ៍ពិត គឺការប្រើប្រាស់ពាក្យអសុរោះ ឬអសីលធម៌មួយ ដែលខ្ញុំតាមដានមកគឺទាំងសងខាង។ ទាំងសងខាងដោយសារលោក សម រង្ស៊ី ក៏ធ្លាប់ហៅលោក ហ៊ុន សែន ថា ជា'អាក្បត់ជាតិ'ដែរ 'អាខូចជាងគេគឺនៅកណ្តាល' 'អាមួយនៅកណ្តាលខូចជាងគេ'ដែរ។ ដោយសារអញ្ចឹង នយោបាយនៅក្នុងប្រទេសកម្ពុជាគឺនយោបាយពឹងផ្អែកទៅលើការឈ្លោះគ្នា»។
ចុចទស្សនាមតិសាធារណៈរបស់ប្រជាជនកម្ពុជាជំវិញការបោះឆ្នោតនៅមីយ៉ាន់ម៉ា៖
លោក អ៊ូ វីរៈ បានអះអាងថា ប្រទេសកម្ពុជាពុំគួរយកគម្រូពីប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែប្រទេសមួយនេះនៅក្រោមការគ្រប់គ្រងដោយយោធានៅឡើយ បើទោះបីជាលោកស្រី អោងសាន ស៊ូជី មានឥទ្ធិពលក្នុងឆាកនយោបាយ ហើយប្រទេសភូមាមិនទាន់មានប្រជាធិបតេយ្យពេញលេញ ដូចប្រទេសកម្ពុជានៅឡើយនោះទេ ព្រោះថា សមាជិកសភា២៥ភាគរយនឹងត្រូវជ្រើសតាំងដោយពួកយោធាភូមាដដែល។
«ប្រទេសភូមានៅតែមានការប្រឈមច្រើន មិនអាចជាគម្រូនៃប្រទេសកម្ពុជានោះទេ។ ប្រឈមទី១គឺយោធាភូមានៅតែគ្រប់គ្រងអំណាចយោធា គ្រប់គ្រងក្រសួងមហាផ្ទៃ គ្រប់គ្រងក្រសួងការពារជាតិ គ្រប់គ្រងព្រំដែន ហើយនៅតែគ្រប់គ្រងក្រុមហ៊ុនធំៗ និងសេដ្ឋកិច្ចដដែល។ អញ្ចឹងយោធានៅតែមានអំណាចយោធា និងអំណាចសេដ្ឋកិច្ច ហើយលោកស្រី អោងសាន ស៊ូជី គ្រាន់តែមានអំណាចនយោបាយប៉ុណ្ណឹង គឺមិនទាន់អាចធ្វើការកែទម្រង់ស៊ីជម្រៅបាននោះទេ។ ហើយក៏មិនទាន់មានប្រជាធិបតេយ្យដែរ ព្រោះដោយសារតែយោធាធានា២៥ភាគរយគឺខ្លួនជាអ្នករើស។ សមាជិកសភា២៥ភាគរយគឺបានន័យថា សមាជិកសភា២៥ភាគរយគឺសុទ្ធតែជាយោធាទំាងអស់»។
ការវាយប្រហារគ្នារវាងគណបក្សទាំងពីរមានភាពស្ងប់ស្ងាត់មួយរយៈកាលពីសប្តាហ៍កន្លងទៅ ក្រោយពេលជំនួបសម្ងាត់មួយរវាងលោក សម រង្ស៊ី និងលោក ស ខេង ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយតានតឹងនៅកម្ពុជា។ ក៏ប៉ុន្តែ មានភាពតានតឹងឡើងវិញ បន្ទាប់ពី គណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា បង្ហាញលទ្ធផលចុងនៃការបោះឆ្នោតនាថ្ងៃអាទិត្យកន្លងទៅថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈចំនួន១៣៥ នៅក្នុងសភា ឬស្មើនឹងជិត៩០ភាគរយនៃលទ្ធផលដែលត្រូវបានប្រកាសកន្លងមក។ ការណ៍នេះធ្វើឲ្យមានភាពរំជើបរំជួលក្នុងប្រទេសអាស៊ីមួយចំនួន៕