ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចពិភាក្សា​ថ្មី​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​វីយែន


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ ប្រទេស​មហា​អំណាច​ពិភពលោក​និង​អ៊ីរ៉ង់ ​បាន​យល់ព្រម​កាលពី​ថ្ងៃសុក្រ​ ដើម្បី​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​ក្រោយ​នៅទីក្រុង​វីយែន​ស្តីពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដោយ​អ្នក​សម្រុះ​សម្រួល​ធ្វើ​ទំនាក់​ទំនង​ដាច់ដោយ​ឡែក​ជាមួយ​សហ​រដ្ឋ​អាមេរិក។​

សេចក្តី​ថ្លែងការណ៍​មួយ​បាន​បញ្ជាក់​ថា​ អ្នកចូលរួម​នឹង​ជួប​ប្រជុំ​គ្នា​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេសអូទ្រីស​ដើម្បី​កំណត់​ឱ្យ​ច្បាស់​នូវ​វិធានការ​នៃ​ការដក​ទណ្ឌ​កម្ម​និង​វិធានការ​គ្រប់គ្រងនុយក្លេអ៊ែរ​ រួមទាំង​តាម​រយៈ​ការកោះប្រជុំ​ក្រុម​ជំនាញ​ពាក់ព័ន្ធ។​ ដោយ​និយាយ​យោង​កិច្ចព្រមព្រៀង​នេះ​ សហភាព​អឺរ៉ុប​បាន​លើកឡើង​ថា៖ «អ្នកសម្រប​សម្រួល​នឹង​ពង្រឹង​ទំនាក់​ទំនង​ដាច់ដោយ​ឡែក​នៅក្នុង​ទីក្រុង​វីយែន​ជាមួយ​អ្នក​ចូល​រួម​ និង​សហ​រដ្ឋ​អាមេរិក»។​

ការប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សន្និសីទ​វីដេអូ​របស់​ប្រទេស​ហត្ថលេខី​កិច្ចព្រម​ព្រៀង​ឆ្នាំ​២០១៥​ ខណៈ​ដែល​ពួកគេ​ទន្ទឹង​រង់ចាំ​ទីក្រុង​វ៉ាស៊ីនតោន​ត្រឡប់​មក​ចរចា​វិញ​ បន្ទាប់ពីលោក​អតីត​ប្រធានាធិបតី​ Donald Trump ដកស.រ.អា.​ចេញ​ពី​ការចរចា​នេះ។ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ​បាន​និយាយ​ថា​ កិច្ច​ប្រជុំ​នេះ នឹង​ធ្វើឡើង​នៅថ្ងៃ​អង្គារ​ ហើយបាន​ទទូច​ថា ​គោល​បំណង​គឺ​ត្រូវ​សម្រេច​ការដកទណ្ឌកម្ម​និង​វិធានការ​គ្រប់គ្រងនុយក្លេអ៊ែរ​ឱ្យបាន​ឆាប់​រហ័ស​សម្រាប់​ការដក​ចេញ​ទណ្ឌកម្ម​ទាំងអស់​ បន្ទាប់មក​ប្រទេស​អ៊ីរ៉ង់បញ្ឈប់​វិធានការ​របស់​ខ្លួន។ ​លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតថឺថា៖ «គ្មាន​កិច្ច​ប្រជុំ​អ៊ីរ៉ង់-អាមេរិក​ទេ។​ មិនចាំ​បាច់​ទេ»។​

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​បាន​សន្យា​ថា ​នឹង​ចូលរួម​កិច្ចព្រម​ព្រៀង​នេះ​ឡើង​វិញ ​តែ​ជាដំបូង​អ៊ីរ៉ង់​ត្រូវ​គោរព​ការប្តេជ្ញា​ចិត្ត​ដែល​បាន​បោះបង់​ចោល​ជា​ការសងសឹក​នឹងចំណាត់ការ​របស់​លោក Trump។​ ប៉ុន្តែ​ទីក្រុង​តេអេរ៉ង់​និយាយ​ថា​ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​ដក​ទណ្ឌកម្ម​អន្តរជាតិ​ដែល​លោក​ Trump​ បាន​ដាក់​ជាមុនសិន​ ទើបអ៊ីរ៉ង់​ធ្វើ​ការផ្លាស់ប្តូរ​ដូចមុន​វិញ ​ហើយបដិសេធ​មិន​ធ្វើ​កិច្ច​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សហ​រដ្ឋ​អាមេរិក​ទេ៕

XS
SM
MD
LG