ដោយសន្និសីទសន្តិភាពលើកទី៣ គ្រោងធ្វើឡើងនៅខែក្រោយ ហើយនៅពេលមានការតានតឹងរវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច អ្នកសង្កេតការតិចតួចប៉ុណ្ណោះដែលមានទំនុកចិត្តថា ប្រទេសមីយ៉ាន់ម៉ាអាចសម្រេចបានដំណើរការសន្តិភាពសំខាន់ៗក្នុងប៉ុន្មានខែខាងមុខ។
កាលពីខែមករា ឆ្នាំ២០១៦ ប៉ុន្មានសប្តាហ៍មុនពេលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឡើងកាន់អំណាចបន្តពីរដ្ឋាភិបាលដែលគាំទ្រដោយពួកយោធា លោកស្រី Aung San Suu Kyi បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកស្រីនឹងចាត់ទុកការធ្វើឲ្យប្រទេសមានសន្តិភាពវិញ ជារឿងចាំបាច់បំផុត។
លោកស្រីបានមានប្រសាសន៍នៅក្នុងសន្ទុរកថាភ្លាមៗបន្ទាប់ពី គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានជាប់ឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ ២០១៥ថា៖ «កិច្ចការទីមួយរបស់រដ្ឋាភិបាល គឺកសាងសន្តិភាព។ យើងនឹងរៀបចំសន្និសីទសន្តិភាពប្រកបដោយប្រសិទ្ធិភាពមួយ ដើម្បីពង្រឹងកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះ និងជំរុញភាគីពាក់ពន្ធចូលរួមកាន់តែទូលំទូលាយ»។
កិច្ចព្រមព្រៀងដែលលោកស្រីលើកឡើងនោះ គឺកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (Nationwide Ceasefire Agreement) ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៨ក្រុម បើទោះជាមិនមែនពីក្រុមប្រដាប់អាវុធធំៗនៅផ្នែកខាងជើងប្រទេសក៏ដោយ។
សន្និសីទសន្តិភាព ២ ដែលហៅថា សន្និសីទសហភាព Panglong សតវត្សរ៍ទី ២១ ដែលបានធ្វើឡើងដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងសន្និសីទលើកទី៣ គ្រោងនឹងធ្វើឡើងនៅចុងខែមករាឆ្នាំនេះ។ ប៉ុន្តែ មានសំណួរអំពីថាតើ សន្និសីទទាំងនេះ មានប្រសិទ្ធភាពយ៉ាងដូចម្តេច?
សន្និសីទទាំងនេះ មិនមានការចូលរួមពីក្រុមប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ទេ ហើយក្រុមសង្គមស៊ីវិលក៏បានត្អូញត្អែរថា ការព្រួយបារម្ភរបស់ពួកគេមិនបានត្រូវគេអើពើ នៅសន្និសីទទាំងនោះទេ។
ប្រហែលដំណើរការប្រកបដោយប្រសិទ្ធភាពបំផុត គឺសន្និសីទសន្តិភាពលើកទី២ ដែលបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ ២០១៧ ដែលមានការចូលរួមពីអ្នកតំណាងពី គណៈកម្មាធិការជាតិផ្នែកនយោបាយ ការចចារ និងការប្រឹក្សាយោបល់ (Federal Political Negotiation and Consultative Committee ) ជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ក្រុមនេះទើបតែបានបង្កើតឡើងនាពេលថ្មីៗនេះ ដែលបដិសេធកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (NCA) និងដឹកនាំដោយកងទ័ពសហភាពរដ្ឋ វ៉ា (United Wa State Army)។
បន្ទាប់ពីពេលនោះមក មានសកម្មភាពសំខាន់តិចតួច ស្តីពីដំណើរការសន្តិភាព ហើយសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍នេះ ហាក់បីដូចជាមិនត្រូវបានបញ្ចប់នៅពេលឆាប់ៗទេ។
លោក Khin Zaw Win អ្នកវិភាគនយោបាយមានមូលដ្ឋាននៅទីក្រុងរ៉ង់ហ្គូន បាននិយាយថា៖ «ខណៈដែលមេដឹកនាំប្រទេស លោកស្រី Aung San Suu Kyi មានមូលធននយោបាយច្រើន ប៉ុន្តែទាំងយោធា និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ត្រូវតែមានចិត្តអធ្យាស្រ័យ ដើម្បីសម្រេចបាននូវសន្តិភាព។ យោធាមានសារៈសំខាន់ណាស់ ក្នុងដំណើរការសន្តិភាព ប៉ុន្តែខ្ញុំមិនគិតថាសន្តិភាពអាចសម្រេចបានភ្លាមៗនោះទេ»។
រដ្ឋាភិបាលគ្រោងនឹងធ្វើសន្និសីទសន្តិភាពលើកទី៣ នៅខែមករាឆ្នាំនេះ ប៉ុន្តែមិនទាន់កំណត់ថ្ងៃពិតប្រាកដនៅឡើយទេ។
លោក Min Zaw Oo ស្ថាបនិកនៃវិទ្យាស្ថានសន្តិភាព និងសន្តិសុខប្រទេសមីយ៉ាន់ម៉ា (MIPS) និងអ្នកប្រឹក្សាគណៈកម្មការសន្តិភាពរបស់រដ្ឋាភិបាល (Peace Commission )បានប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិចថា៖ «ភាគីចុះហត្ថលេខាខីកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (NCA) និងរដ្ឋាភិបាល គួរតែផ្តោតលើការចចារលើគោលការណ៍របស់សហព័ន្ធដែលនៅសេសសល់ ដើម្បីសម្រេចឲ្យបានលទ្ធផលជាផ្លែផ្កាមួយនៅសន្និសីទលើកក្រោយ។ ភាគីទាំងសងខាង ត្រូវមានការជួបជុំ និងការពិភាក្សាក្រៅផ្លូវការជាបន្តបន្ទាប់សិន មុនពេលមានការចចារពិតប្រាកដ»។
ការវាយប្រហារថ្មៗ ជាពិសេសនៅភាគខាងជើងប្រទេស ក៏ជាការព្រួយបារម្ភនៃការមិនជឿទុកចិត្តដែលកើនឡើង រវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងទ័ពមីយ៉ាន់ម៉ា ដែលហៅថា ក្រុម Tatmadaw។
បើយោងតាមទិន្នន័យរបស់វិទ្យាស្ថានសន្តិភាព និងសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ាប្រាប់ឲ្យដឹងថា ជម្លោះរវាងក្រុម Tatmadaw និងក្រុមយោធាឯករាជ្យ Kachin (Kachin Independence Army) ដែលជាសមាជិករបស់គណៈកម្មាធិការជាតិផ្នែកនយោបាយ ការចចារ និងការប្រឹក្សាយោបល់ (FPNCC) បានបន្តរហូតដល់ខែធ្នូ ដែលហេតុការណ៍ប្រដាប់អាវុធចំនួន ១៤ បានកើតឡើង។
បើយោងតាមការផ្សាយព័ត៌មានរបស់ក្រុម Tatmadaw កងទ័ពមីយ៉ាន់ម៉ា បានកាន់កាប់ទីតាំងជាច្រើនរបស់ក្រុមយោធាឯករាជ្យ Kachin រវាងខែវិច្ឆិកា និងមករា។
វិទ្យាស្ថានសន្តិភាព និងសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងកាលពីខែធ្នូថា «ការដណ្តើមបានទីតាំងរបស់ក្រុមKachin ដែលមានមូលដ្ឋានតាមព្រំដែន Kachin-Shan នឹងធ្វើឲ្យប៉ះពាល់ដល់ប្រភពចំណូលរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានមកពីការនាំចេញឈើហ៊ុបទៅប្រទេសចិន។
កាលពីខែធ្នូ ការវាយប្រហារថ្មីៗ បានកើតឡើងរវាងក្រុម Tatmadaw និងក្រុមកងទ័ពសេរីភាពជាតិ Ta'ang ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមយោធាឯករាជ្យ Kachin ហើយវិទ្យាស្ថានសន្តិភាព និងសន្តិសុខប្រទេសមីយ៉ាន់ម៉ា (MIPS) បានថ្លែងថា ការវាយប្រហារជាមួយក្រុមទាំងនេះ អាចនឹងបន្តដល់ឆ្នាំក្រោយ។
នៅឆ្នាំ ២០១៧ មានគេរាយការណ៍ថា សមាជិកដែលមិនទាន់ចុះហត្ថលេខាជាមួយក្រុមប្រឹក្សាសហព័ន្ធរួបរួមជាតិ (United Nationalities Federal Council) បានពិចារណាចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (NCA) ដែលរដ្ឋាភិបាល និងយោធាចាត់ទុកថា ករណីនេះសំខាន់ណាស់ សម្រាប់ដំណើរការសន្តិភាពទៅខាងមុខទៀត។ ក្រុមដែលពិចារណាចុះហត្ថលេខាកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះមាន គណបក្ស New Mon State Party និង គណបក្ស Karenni National Progressive Party (KNPP)។
ប៉ុន្តែ នៅខែធ្នូ ទាហានបួននាក់របស់គណបក្ស KNPP ត្រូវបានសម្លាប់ អំឡុងពេលប្រឈមមុខនឹងក្រុម Tatmadaw។ គណបក្ស KNPP បានចោទប្រកាន់កងទ័ពរបស់មីយ៉ាន់ម៉ាថាប្រហារជីវិតទាហាន ខណៈដែលយោធាបានឆ្លើយតបថា ហេតុការណ៍នោះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយកាំភ្លើង។ កាលពីដើមខែនេះ អាជ្ញាធរបានធ្វើសកម្មភាពទៅលើយុវជន Kayah ៥នាក់ ដែលធ្វើបាតុកម្មពីហេតុការណ៍នេះ។
លោក Shwe Myo Thant អគ្គលេខាធិការរបស់គណបក្ស KNPP បានប្រាប់ VOA ថា ក្រុមនេះនៅមិនទាន់សម្រេចថាតើ ពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (NCA) ឬក៏ចូលរួមសន្និសីទសន្តិភាពលើកក្រោយនោះទេ។
លោកថ្លែងថា៖ «មានផលប៉ះពាល់ច្រើនទៅលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (NCA) ពីព្រោះតែអ្វីដែលបានកើតឡើង។ ដំណើរការសន្តិភាពនៅតែបន្ត ប៉ុន្តែការវាយប្រហារនៅតំបន់ជាតិសាសន៍ជាច្រើននៅតែកើតឡើង។ យើងនៅមិនទាន់សម្រេចថាចូលរួមសន្និសីទនោះនៅឡើយទេ។ ក្រុមដែលមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេស (NCA) នោះ មិនអាចពិភាក្សាគ្នាបានទេ ហើយយើងមិនចង់ដូចជាអាយ៉ងនៅសន្និសីទនោះទេ។ បញ្ហានេះ មានផលប៉ះពាល់ដល់ដំណើរការសន្តិភាព»។
ប្រែសម្រួលដោយ លឹម ហ្គេចហៀង