ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់ទោស​លើ​អ្នក​កាសែត​ពីរ​រូប​នៅ​មីយ៉ាន់ម៉ា​បង្ក​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ


អ្នកកាសែត Reuters លោក ​Wa Lone ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កាលពី​ថ្ងៃពុធទី​១០ មករា ២០១៨។
អ្នកកាសែត Reuters លោក ​Wa Lone ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កាលពី​ថ្ងៃពុធទី​១០ មករា ២០១៨។

ស្រប​ពេល​ដែល​សវនាការ​កាត់​ទោស​អ្នក​សារព័ត៌មាន​ជនជាតិ​មីយ៉ាន់ម៉ា​ពីរ​រូប​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ឥឡូវ​នេះ សំណុំ​រឿង​នេះ​បាន​បញ្ជូន​ពី​ដែន​អំណាច​របស់​យោធា​មីយ៉ាន់ម៉ា​ដែល​ជា​អ្នក​គ្រប់គ្រង​ទាំង​ស្រុង​លើ​ប៉ូលិស ទៅ​កាន់​ដែន​អំណាច​របស់​រដ្ឋាភិបាល​របស់​លោកស្រីអង់សាន ស៊ូជី Aung San Suu Kyi។

លោក Wa Lone និង​លោក Kyaw Soe Oo ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រចាំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​តាំង​ពី​ពេល​នោះ​មក។

ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១៤ ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ពួកគេ​មាន​ឯកសារ​សម្ងាត់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​ពួក​យោធា​នៅ​ក្នុង​រដ្ឋ Rakhine ដែល​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​នានា និង​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា​ជា​ការ​បោស​សម្អាត​ជាតិ​សាសន៍។

ក្រុម​គ្រួសារ​របស់​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​បាន​អះអាង​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ភ្លាមៗ ក្រោយ​ពី​ពួកគេ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​ផ្ដល់​ព័ត៌មាន​ជា​ប៉ូលិស​នៅ​ពេល​ពិសា​អាហារ​ពេល​ល្ងាច​មួយ ដែល​នៅ​ពេល​នោះ អ្នក​ផ្ដល់​ព័ត៌មាន​ជា​ប៉ូលិស​បាន​ប្រគល់​ឯកសារ​សម្ងាត់​នោះ​ឲ្យ​ពួកគេ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក Win Htein បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ថា អ្នក​ទាំង​ពីរ​ទំនង​ជា «ជាប់​អន្ទាក់‍»។

នៅ​ពី​មុខ​ចៅក្រម​តុលាការ​ក្រុង​រ៉ង់ហ្គូន កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋអាជ្ញា​របស់​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​តាម​មាត្រា ៣.១ (c) នៃ​ច្បាប់​ស្ដី​ពី​កិច្ចការ​សម្ងាត់​ផ្លូវការ ដែល​ជា​ច្បាប់​អនុម័ត​ឡើង​កាល​ពី​ឆ្នាំ ១៩២៣ ដើម្បី​ទប់ស្កាត់​អំពើ​ចារកម្ម​ប្រឆាំង​នឹង​ការ​ត្រួតត្រា​អាណានិគម​របស់​អង់គ្លេស៕

XS
SM
MD
LG