ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បារាំង​បង់​ប្រាក់​ពិន័យ​ក្នុង​ករណី​នៃ​ការ​សូកប៉ាន់


រូប​ថត​ឯកសារ៖ ស្នាក់ការ​ធំ​របស់ក្រុមហ៊ុន​ Alstom នៅក្រៅទី​ក្រុង​ប៉ារីស។
រូប​ថត​ឯកសារ៖ ស្នាក់ការ​ធំ​របស់ក្រុមហ៊ុន​ Alstom នៅក្រៅទី​ក្រុង​ប៉ារីស។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ខ្លួន​បាន​បង្កា្រប​ផែនការ​សូក​ប៉ាន់​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុនបារាំង​មួយ​ដែល​បាន​សូក​ប៉ាន់​ដល់​ពួក​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​នេះ។​

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិកបាន​ប្រកាស​ថា ​ក្រុម​ហ៊ុន​ថាមពល​និង​ដឹក​ជញ្ជូន​បារាំង​ឈ្មោះ​ Alstom ​បាន​យល់​ព្រមទទួលកំហុស​ពី​ការ​រំលោភ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ជន​បរទេស​នៅ​ក្នុង​ការ​ទាក់​ទិន​នឹង​ផែនការ​ពុករលួយ​ដែល​បាន​ធ្វើ​ឡើង​ចន្លោះ​ឆ្នាំ​២០០០​និង​ឆ្នាំ​២០១១។

លោក​ James Cole​ អនុរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​សហរដ្ឋ​អាមេរិក ​បាន​ពណ៌​នា​កិច្ច​ព្រម​ព្រៀង​ទទួល​ទោសពៃ​នេះថា ​ជា​សកម្មភាព​នៃ​ការ​អនុវត្ត​ច្បាប់​ជា​ប្រវត្តិសាស្រ្តដែល​បាន​នាំ​ឲ្យ​មាន​ការ​បញ្ចប់​ផែនការ​ការ​ស៊ី​សំណូក​ ការ​ធ្វើ​ជំនួញដែល​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ Alstom ​ហើយ​នឹង​សាខា​របស់​ក្រុម​ហ៊ុន​នោះ​នៅ​ក្នុង​ប្រទេស​ស្វីស​និង​សហរដ្ឋ​អាមេរិក។

«ពួកគេ​បាន​ប្រើ​ប្រាស់​ការ​សូក​ប៉ាន់ដើម្បី​ការ​ពារ​កិច្ច​សន្យា​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​អេហ្ស៊ីប ​អារ៉ាប់​ប៊ី​សាអូឌីត​និង​កោះ​បាហាម៉ា។​ រួមទាំងអស់​ ​ក្រុម​ហ៊ុន​ Alstom ​បាន​បង់​ប្រាក់​រាប់​លាន​ដុល្លានៅ​ក្នុង​ការ​សូកប៉ាន់​ដើម្បី​ឲ្យទទួល​បាន​កិច្ច​សន្យានៅ​ក្នុង​គម្រោង​ដែល​មាន​ទឹក​ប្រាក់​៤ពាន់លាន​ដុល្លារ ​ហើយ​នឹង​បាន​ទទួល​ប្រាក់​ចំណេញ​ប្រ​ហែល​៣រយ​លាន​ដុល្លា​សម្រាប់​ខ្លួនឯង»។

លោក​ Cole ​ បាន​និយាយ​បន្ត​ទៀត​ថា ​ក្រុមហ៊ុន Alstom ​បាន​យល់​ព្រម​ទទួលកំហុស​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ច្បាប់​ស៊ី​សំណូកហើយ​នឹង​បង់​ប្រាក់​ពិន័យ​ព្រហ្ម​ទ័ណ្ឌ​ជាង​៧៧២​លាន​ដុល្លា។ ​ប្រសិនបើ​ការ​ពិន័យ​នេះ​បាន​ទទួល​ការយល់​ព្រម​ពី​តុលាការ​សហព័ន្ធ​នៅ​ឆ្នាំ​ក្រោយ ​វា​នឹង​ក្លាយ​ជា​ការ​ពិន័យការ​ស៊ី​សំណូក​បរទេស​ដ៏ធំ​បង្អស់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្តសហរដ្ឋ​អាមេរិក។

លោកស្រី Leslie Caldwell ​ជា​ភូឈួយ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្រសួង​យុត្តិធម៌​ថា ​ក្រុមហ៊ុន​ Alstom ​ជារឿយ​ៗ ​បាន​ប្រើ​ប្រាស់​ភាគីពិគ្រោះ​យោ​បល់​ទី​៣​ដើម្បី​អនុវត្តិផែនការ​សូក​ប៉ាន់ជាមួយ​ពួក​មន្រ្តីក្នុង​ប្រទេស​អេហ្ស៊ីប ​អារ៉ាប់ប៊ី​សាអូឌីត ​កោះ​បារ៉េន​និង​ប្រទេស​ឥណ្ឌូណេស៊ី។

«អំពើ​ពុករលួយ​របស​ក្រុម​ហ៊ុន Alstom ​បាន​រាល​ដាល​ពេញ​សាកល​លោក​ហើយ​ជា​វិធី​របស់​ក្រុម​ហ៊ុន​នោះ​ដើម្បី​ឲ្យទទួលបាន​កិច្ច​សន្យា​ពាណិជ្ជកម្ម។ ឧទាហរណ៍ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​ហ៊ុន Alstom ​ហើយ​និង​សាខារបស់​ខ្លួន​មួយ​ចំនួន​ ​បាន​ប្រើ​ប្រាស់​អ្នក​ពិគ្រោះដើម្បី​សូក​ប៉ាន់​ពួក​មន្រ្តី​រដ្ឋាភិបាល ​រួម​មាន​សមា​ជិកជាន់ខ្ពស់របស់​សភា​ឥណ្ឌូណេស៊ីហើយ​នឹងក្រុម​ហ៊ុន​ដែល​កាន់​កាប់​និងត្រួត​ត្រា​ដោយ​រដ្ឋ។ ក្រុម​ហ៊ុន Alstom ​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យទទួល​បាន​កិច្ចសន្យា​មាន​ប្រាក់​រាប់​រយ​លាន​ដុល្លា​ដែល​បាន​ប្រាក់​ចំណេញ​ច្រើននៅ​ក្នុង​ឧស្សាហ៍កម្ម​សេវាកម្ម​ដែល​ពាក់​ព័ន្ធនឹង​ថាម​ពល»។

លោកស្រី​ Calwell បាន​មាន​ប្រសាសន៍​ទៀត​ថា ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alstom ​បាន​សារភាព​ទទួល​កំហុស​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សូក​ប៉ាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​ Cole អនុរដ្ឋ​មន្រ្តី​ក្រសួង​យុតិ្តធម៌ បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការពិន័យ​ដ៏ធ្ងន់​ធ្ងរ​លើ​ក្រុមហ៊ុន Alstom និង​កិច្ច​សហប្រតិបត្តិការ​ដែល​សហរដ្ឋ​អាមេរិក​ ទទួល​បានមក​ពី​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ការទាក់​ទិន​ទៅ​នឹង​ការ​ស៊ើប​អង្កេត​ គួរ​ជា​ការ​ព្រមាន​ដល់​ក្រុម​ហ៊ុន​អន្តរជាតិ​ដែល​កំពុង​គេច​ចេញ​ពី​ច្បាប់​សូក​ប៉ាន់។

«ខ្ញុំ​សូម​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​អំពើ​ពុករលួយ ​គ្មាន​ទី​កន្លែង​ក្នុង​ទីផ្សារ​សា កល​លោក​ទេ។ ​ហើយ​សេចក្តី​សម្រេច​ចិត្ត​នៅ​ថ្ងៃ​នេះ ផ្តល់​សញ្ញា​ថា ​សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ដើរ​តួនាទី​នាំមុខ​មួយ​នៅ​ក្នុងការ​លប់​បំបាត់​ការ​ពុករលួយ​នេះ»។

​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក ​ក៏​បាន​និយាយ​ដែរ​ថា ក្រុមហ៊ុន Alstom ​បានប្រព្រឹត្ត​កំហុសដោយ​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទី​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ឆាប់​រហ័សហើយបាន​ចាត់​វិធានការ​ដើម្បី​ព្យាយាម​លាក់បាំង​ការ​ពាក់​ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដំណាក់ការ​ដំបូង​ៗ៕

ប្រែសម្រួលដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG