ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​ស៊ើប​អង្កេត​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​រាប់​លាន​ដុល្លារ​


ផ្លាកសញ្ញា​នៃ​ក្រុម​ហ៊ុន​​ធានា​រ៉ាប់​រង​ជីវិត​ធំ​ជាង​​គេ​បង្អស់​​​របស់​ប្រទេស​នេះ​ ឬ​ជា​ភាសា​អង់​គ្លេស​ថា​ Life​ Insurance ​of​ India។
ផ្លាកសញ្ញា​នៃ​ក្រុម​ហ៊ុន​​ធានា​រ៉ាប់​រង​ជីវិត​ធំ​ជាង​​គេ​បង្អស់​​​របស់​ប្រទេស​នេះ​ ឬ​ជា​ភាសា​អង់​គ្លេស​ថា​ Life​ Insurance ​of​ India។

ទី​ក្រុង​ញ៉ូវឌែលី៖​ ប្រទេស​ឥណ្ឌា​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ រឿង​អាស្រូវ​នៃ​អំពើ​ពុក​រលួយ​រាប់​លាន​ដុល្លារ​មួយ​ ដែល​ទាក់​ទង​នឹង​វិស័យ​ធនាគារ​របស់​ខ្លួន។​ នេះ​គឺ​ជា​ព្រឹត្តការណ៍​ចុង​ក្រោយ​មួយនៅ​ក្នុង​ចំណោមរឿង​អាស្រូវ​នៃ​អំពើ​ពុក​រលួយមួយ​ខ្សែ​ ដែល​បាន​ធ្វើ​ឲ្យរញ្ជួយ​ប្រទេស​នេះ​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

ក្រុម​មន្រ្តី​ឥណ្ឌា​និយាយ​ថា​ ធនាគារ​សាធារណៈ​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នាំ​មុខ​គេជា​ច្រើន​ កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​មើល​ ជុំ​វិញ​ការចោទ​ប្រកាន់​ដែល​ថា​ មន្រ្តី​ជាន់​ខ្ពស់​ទទួល​សំណូក​រាប់​រយ​លាន​ដុល្លា​សហ​រដ្ឋ​អាមេរិក​ ដើម្បី​សម្រួល​ដល់​ការ​ផ្តល់​ប្រាក់​កម្ចី​យ៉ាង​ច្រើន​ដល់​ក្រុម​ហ៊ុន​ឯកជន។

ក្រុម​ហ៊ុន​ចំនួន​២១​ ដែល​រួមមាន​ទាំង​ក្រុម​ហ៊ុន​ជា​ច្រើន​មក​ពីវិស័យ​អចលន​ទ្រព្យ​ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ ពី​លទ្ធភាព​នៃ​ការ​ជាប់​ទាក់​ទង​ទៅ​នឹង​រឿង​អាស្រូវ​នេះ។

មនុស្ស​ចំនួន​៨​នាក់ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​រឿង​អាស្រូវ​នេះ។​ អ្នក​ទាំង​នេះ​រួម​មាន​ទាំង​មន្រ្តី​ជាន់​ខ្ពស់​ចំនួន​៥​រូប​ នៃ​ធនាគារ​កំពូលៗ​របស់​ឥណ្ឌា​មួយ​ចំនួន​ ដូច​ជា​ធនាគារ​ជាតិប៉ុន​ចាប​ (Punjab​ National​ Bank)​ និង​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ការ​ទិញ​លក់​ផ្ទះ​ នៃក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ជីវិត​ធំ​ជាងគេ​បង្អស់​របស់​ប្រទេស​នេះ​ ឬ​ជា​ភាសា​អង់​គ្លេស​ថា​ Life​ Insurance ​of​ India។

នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​បី​រូប​ មក​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយត្រូវ​បាន​ចាប់​ខ្លួន​ ក្រោមបទ​ចោទ​ប្រកាន់​ចំពោះ​ការ​ប្រគល់​ប្រាក់​សំណូក​ទាំង​នេះ។

របាយ​ការណ៍​ពី​សារព័ត៌មាន​ក្នុង​ស្រុក​និយាយ​ថា ​ប្រាក់​កម្ចី​ទាំង​នេះ​មួយ​ចំនួន​ត្រូវ​បាន​វិនិយោគ​ទៅ​ក្នុង​ទី​ផ្សា​ភាគ​ហ៊ុន​ ហើយ​មិន​បាន​ប្រើ​ប្រាស់​សម្រាប់​គោល​បំណង​ ដែល​ត្រូវ​បាន​លើក​ឡើង​នោះ​ទេ។

រដ្ឋាភិបាល​កំពុង​ព្យា​យាមរាំង​ខ្ទប់​ការខូច​ខាត ទៅ​លើ​និមិត្តរូប​របស់​ធនាគារ​នៃ​ប្រទេស​ឥណ្ឌា។​ ក្រុម​មន្រ្តី​និយាយ​ថា​ ការ​ទទួល​យក​សំណូក​នៅ​ក្នុង​ការ​ចោទ​ប្រកាន៉​ទាំង​នេះ​ គឺ​ជា​ករណី​នៃ​ការ​លោភ​លន់​របស់​បុគ្គល​ មិន​មែន​បរាជ័យ​នៃ​ប្រព័ន្ធនោះ​ទេ។

អគ្គ​ទេសា​ភិ​បាល​នៃ​ធនាគារ​កណ្តាល​ Duwuri​ Subbarao​ មាន​ប្រសាសន៍​ថា​ អាជ្ញា​ធរ​ធ្វើ​ការ​រឹត​បន្តឹង​បទ​បញ្ញត្តិ​ទាំ​ង​ឡាយ​ដោយ​ខ្ជាប់​ខ្ជួន។

«ជា​ការ​ពិត​ណាស់​ ចាំ​បាច់​ត្រូវ​មាន​តម្លា​ភាព​ធំ​ជាង​នេះ​ចំពោះការ​ចំណាយ​ទៅ​លើ​ប្រាក់​កម្ចី។​ ចាំ​បាច់​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​នេះ​ នៅ​ក្នុង​ប្រព័ន្ធ​នៃ​ការ​ចំណាយ​ទៅ​លើ​ប្រាក់​កម្ចី»។

ប្រធាន​គណៈ​កម្មការ​ផែន​ការ​របស់​ឥណ្ឌា​ Montek​ Singh​ Ahluwalia​ បាននិយាយ​សម្រាល​ចំពោះ​ការ​ចោទ​ប្រកាន់​ក្នុង​រឿងទទួល​យក​សំណូក​ ទាក់​ទង​និង​ធនាគារ​សាធារណៈ។

«ខ្ញុំ​គិត​ថា​ យើង​មិន​គួរ​មើលមិន​ឃើញ​នូវ​ទំហំ​នៃ​អ្វី​ដែល​កំពុង​តែ​និយាយ​នោះ​ទេ។​ វា​គឺ​ជា​បញ្ហា​មួយ​តូច​ណាស់​ បើ​យើង​ពិនិត្យ​មើល​ទៅ​លើ​ប្រព័ន្ធ​ធនាគារ​មួយ​ទាំង​មូល»។

ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​ឥណ្ឌា​អាច​ទ្រាំ​ទ្រ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សាកល​ បាន​ប្រសើរ​ជា​ង​សមភាគី​ជា​ច្រើន​របស់​ខ្លួន​ នៅ​ក្នុង​បស្ចឹម​ប្រទេស។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ជំនឿ​ទៅ​លើ​វិស័យ​ធនាគារ​បាន​ទទួល​ការ​ប៉ះ​ទង្គិច។​ តារាងចង្អុល​បង្ហាញ​ភាគ​ហ៊ុន​ចម្បង​របស់​ឥណ្ឌា​ មាន​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា​ Sensex​ បាន​កត់​ត្រា​នូវ​ការ​ខាត​បង់​យ៉ាង​ដំណំ​ នៅ​ក្រោយរឿង​អាស្រូវ​ពុក​រលួយ​របស់​ធនាគារ​នេះ។​ ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​ទាំង​ពីរ​ដែល​មាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ គឺ​ធនាគារ​និង​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ។

រឿង​អាស្រូវ​ធនាគារ​បាន​លេច​ឡើង​ ចំពេល​ដែល​រដ្ឋាភិបាល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ ដើម្បី​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​រឿងពុក​រលួយ​ នៅ​ក្នុង​ចំណោម​មន្រ្តី​របស់​ខ្លួន។​ រឿង​អាស្រូវ​ធំ​ជាង​គេ​បំផុត​ទាក់​ទង​ទៅ​នឹង​ការចោទអំពី​ការ​លក់​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍​នៅ​ក្នុង​អត្រា​ថោក​ ដោយ​ក្រសួង​ទូរគមនាគមន៍​នៅ​ក្នុង​ឆ្នាំ ​២០០៨​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខាត​បង់​ប្រាក់ប្រមាណ​៤០​ពាន់​លាន​ដុល្លា​រ​សហ​រដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ ឌី​ ខាំ​បូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG