បណ្តាញផ្សាយព័ត៌មានរដ្ឋចិនរាយការណ៍ថា មេបញ្ជាការនៃកងទ័ពដ៏ធំបង្អស់របស់ពិភពលោក ឧត្តមសេនីយ៍ Xu Caihou នឹងប្រឈមតុលាការសឹកលើបទចោទប្រកាន់ពុករលួយ។
លោក Xu អាយុ៧១ឆ្នាំ ដែលបានចូលនិវត្តន៍កាលពីឆ្នាំទៅ រងការចោទប្រកាន់ពីការទទួលយកសំណូកហើយបានប្រើប្រាស់អតីតតួនាទីរបស់លោកជាអនុប្រធានគណៈកម្មការយោធាមជ្ឈឹមដើម្បីតំឡើងបុណ្យសក្តិ។
លោកបានរស់នៅក្រោមការឃុំឃាំងក្នុងផ្ទះអស់រយៈពេលជាច្រើនខែ។
លោក Xu ជាមន្រ្តីជាន់ខ្ពស់បំផុតដែលបានទទួលរងការបង្ក្រាបពីប្រធានាធិបតីចិន Xi Jinping លើបទពុករលួយ។
បណ្តាញផ្សាយព័ត៌មានរដ្ឋក៏បានប្រាប់ឲ្យដឹងដែរថា លោក Xu និងមនុស្ស៣នាក់ទៀត គឺលោក Jiang Jiemin អតីតមេដឹកនាំនិយតករទ្រព្យសម្បត្តិរដ្ឋចិន និងលោក Li Dongsheng អតីតអនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ និងលោក Wang Yongchun បានត្រូវបណ្តេញចេញពីគណបក្សកុម្មុយនិស្តចំពោះរឿងពុករលួយ៕