អាជ្ញាធរបារាំងបានបង្អាក់ផែនការមួយចំនួនដើម្បីរំខានដល់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤។ នេះបើតាមសម្តីរបស់ក្រុមមន្ត្រីកាលពីថ្ងៃពុធ គឺ២ថ្ងៃមុនពិធីបើកការប្រកួតកីឡារដូវក្តៅនៅក្នុងទីក្រុងប៉ារីស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ប្រទេសបារាំងបានស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្ន ក្នុងរយៈពេល២សប្តាហ៍កន្លងទៅនេះ ខណៈដែលការរៀបចំបើកការប្រកួតកីឡាអូឡាំពិក ខិតចូលដល់ដំណាក់កាលចុងក្រោយ។ ការប្រកួតកីឡាអូឡាំពិកនឹងចាប់ផ្តើមជាផ្លូវការនៅលើទន្លេសែន នៅថ្ងៃសុក្រនេះ ដោយមានពិធីយ៉ាងអធិកអធម និង កិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹង។
ក្រុមរដ្ឋអាជ្ញាក្រុងប៉ារីស បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានចាប់ខ្លួន បុរសដើមកំណើតរុស្ស៊ីម្នាក់ កាលពីថ្ងៃអង្គារ នៅក្នុងផ្ទះល្វែងរបស់គាត់ ក្នុងបទសង្ស័យថាមានផែនការ«ធ្វើឱ្យការប្រកួតកីឡាអូឡាំពិកមានអស្ថិរភាព»។
បុរសនោះត្រូវបានចោទប្រកាន់ពីបទ«ធ្វើកិច្ចការស៊ើបអង្កេតឱ្យរដ្ឋាភិបាលបរទេសមួយ» ក្នុងគោលបំណង«បង្កឱ្យមានអរិភាពនៅក្នុងប្រទេសបារាំង»ដែលអាចនាំឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ នៅក្នុងប្រទេសបារាំង។ នេះបើតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីស។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា ក្នុងអំឡុងការឆែកឆេរតាមផ្លូវការមួយ នៅក្នុងផ្ទះរបស់ជនសង្ស័យនៅក្នុងទីក្រុងប៉ារីស ភ្នាក់ងារប៉ូលិស បានរកឃើញវត្ថុដែល «នាំឱ្យមានការភ័យខ្លាចថាគាត់មានគោលបំណងរៀបចំព្រឹត្តិការណ៍ដែលប្រហែលជានឹងនាំឱ្យមានអស្ថិរភាពដល់កីឡាអូឡាំពិក»៕
វេទិកាបញ្ចេញមតិ