មន្រ្តីផ្នែកកីឡានៅកម្ពុជាបានឲ្យដឹងថាខ្លួនត្រៀមបញ្ជូនកីឡាករនិងកីឡាការិនីខ្មែរសរុប៣នាក់ ដែលមានអត្តពលិកហែលទឹក២នាក់ និងរត់ល្បឿន១នាក់ទៅប្រកួតកីឡាអូឡាំពិក (Olympic) ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនចាប់ពីសប្តាហ៍ទី៣នៃខែកក្កដានេះ។
នេះជាការផ្តល់សិទ្ធិអនុគ្រោះសម្រាប់កម្ពុជាពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លើកីឡា២ប្រភេទ គឺហែលទឹក និងរត់លឿនដែលមិនតម្រូវឲ្យកីឡាករកម្ពុជាប្រកួតជម្រុះក្នុងតំបន់ឡើយ។
សារដែលបង្ហោះនៅលើហ្វេសប៊ុករបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(គ.ជ.ប.អ)កាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា កម្ពុជាទទួលបានសិទ្ធិអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ដែលត្រូវបានពន្យារមួយឆ្នាំមកហើយដោយសារជំងឺកូវីដ១៩។ កីឡា២ប្រភេទដែលកម្ពុជានឹងបញ្ជូនអត្តពលិក៣នាក់មានការរត់ល្បឿនប្រកួតដោយកីឡាករ ប៉ែន សុគង់និងកីឡាហែលទឹកមួយវិញ្ញាសាដែលហែលសេរី៥០ម៉ែត្របុរស-នារីដែលនឹងមានកីឡាករខ្មែរ២នាក់ប៉ុន្តែមិនទាន់មានការប្រកាសឈ្មោះអត្តពលិកផ្លូវការនៅឡើយទេ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់VOAកាលពីថ្ងៃព្រហស្បតិ៍ថា៖ «អូឡាំពិកហ្គេមនៅតូក្យូ យើងទៅតែ២ប្រភេទទេ តែអត្តពលកម្ម [រត់ល្បឿន] និងហែលទឹក។ យើងអត់មានកីឡាករជាប់កៅអីពេញសិទ្ធិក្នុងការចូលរួមប្រកួតទេ។ យើងត្រូវបានការអញ្ជើមឲ្យចូលរួម ដោយសិទ្ធិអនុគ្រោះយើងចូលរួមដើម្បីបំពេញសិទ្ធិកាតព្វកិច្ចជាចលនាសមាជិកអូឡាំពិកអន្តរជាតិ»។
ការប្រកួតកីឡាអូឡាំពិកជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងនិងមានប្រជាជាតិជាង២០០ប្រទេសចូលរួម។កាលពីឆ្នាំ២០១៦ ព្រឹត្តិការណ៍នេះធ្វើឡើងនៅប្រទេសប្រេស៊ីល ដែលកាលនោះកម្ពុជាក៏បានបញ្ជូនកីឡាករទៅចូលរួមផងដែរ ដែលមានកីឡាការិនីកម្ពុជាដំបូង គឺស៊ន សៀវម៉ី ដែលបានឆ្លងកាត់វគ្គជម្រុះសម្រាប់ចូលរួមការប្រកួតអន្តរជាតិមួយនេះ។ កីឡាអូឡាំពិកឆ្នាំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ខែសីហា ឆ្នាំ២០២១។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់VOAកាលពីថ្ងៃព្រហស្បតិ៍ថាកីឡាករកីឡាការិនីកម្ពុជាមិនបានជាប់សិទ្ធិប្រកួតដោយសារតែថិរវេលានៅមិនទាន់ដល់កម្រិតដូច្នេះហើយទើបកម្ពុជាទទួលបានសិទ្ធិអនុគ្រោះក្នុងការចូលរួមប្រកួតបានតែវិញ្ញាសាមួយប៉ុណ្ណោះ គឺហែលទឹកចម្ងាយ៥០ម៉ែត្រសេរី បុរស-នារី។
លោកថ្លែងថា៖ «យើងចូលរួមក្នុងសិទ្ធិអនុគ្រោះ យើងចូលរួមតំណាងឲ្យកម្ពុជា[ហើយ]មិនមែនមានតែកម្ពុជាមួយទេ ដែលមានកីឡាករកីឡាការិនីចូលរួមក្នុងសិទ្ធិអនុគ្រោះ ឬហៅថាUniversalគឺមានប្រទេសជាច្រើននៅលើពិភពលោកដែលចូលរួមដូចកម្ពុជាដែរ... ដែលមានតែប្រភេទកីឡា២គឺកីឡាហែលទឹក និងអត្តពលកម្មរត់។ ហើយឆ្នាំនេះ អត្តពលកម្មបានទៅតែម្នាក់ទេហើយហែលទឹកទៅបាន២នាក់ដដែលជារៀងរាល់លើក។ យើងអត់ជាប់សិទ្ធិក្នុង Qualified [មានលក្ខណៈសម្បត្តិគ្រប់គ្រាន់] ដោយសារថិរវេលា [និង] កម្រិតយើងនៅមិនទាន់ដល់...[ដោយ]កម្រិតយើងនៅក្រោម[ហើយ]ជាប់សិទ្ធិដោយស្វ័យប្រវត្តិ»។
លោក ហែម គីរី បន្ថែមទៀតថាកីឡាករកីឡាការិនីកម្ពុជាមានការលំបាកក្នុងការហាត់សមដោយសារបញ្ហាកូវីដ១៩ប៉ុន្តែលោកថាពួកគេនៅតែប្រឹងប្រែងក្នុងការហ្វឹកហាត់ដោយលោកសង្ឃឹមថាអត្តពលិកហែលទឹកនឹងអាចបំបែកកំណត់ត្រាថិរវេលាថ្មីសម្រាប់ខ្លួនឯង និងអាចយកឈ្នះអត្តពលិកមកពីបណ្តាប្រទេសដទៃទៀតដែលបានចូលរួមប្រកួត។
លោកបញ្ជាក់ថា៖ «ក្តីសង្ឃឹមរបស់យើងគឺយើងធ្វើម៉េចឲ្យបានលទ្ធផលល្អដោយបច្ចេកទេសក្នុងកីឡា យើងនិយាយឲ្យសាមញ្ញស្រួលស្តាប់គឺហែលឲ្យបានលឿនជាងមុន ដោយធ្វើម៉េចឲ្យទទួលបានជ័យជម្នះលើបណ្តាប្រទេសដែលចូលរួមឲ្យបានកាន់តែច្រើន ហើយលទ្ធផលដែលសំខាន់បំផុតនោះគឺសិទ្ធិផលរបស់កីឡាករគឺត្រូវឲ្យមានសិទ្ធិផលថ្មីបំបែកឯតទគ្គកម្មខ្លួនឯងអាហ្នឹងគឺជាគោលដៅដែលធំដែលយើងគិតថាគាត់នឹងធ្វើបាននៅក្នុងអូឡាពិកនេះ»។
បើតាមមន្រ្តីកម្ពុជាកីឡាករកីឡាការិនីកម្ពុជាផ្នែកតៃក្វាន់ដូនិងគុនដាវក៏បានចូលរួមប្រកួតជម្រុះដើម្បីទៅចូលរួមកីឡាអូឡាំពិកនេះប៉ុន្តែមិនបានទទួលជោគជ័យនោះទេ។
លោក ហែម ប៉ុច អត្តពលិកហែលទឹកមួយរូបអាយុ២២ឆ្នាំដែលធ្លាប់បានចូលរួមប្រកួតជើងឯកពិភពលោកកីឡាស៊ីហ្គេមនិងការប្រកួតជាច្រើនទៀតអស់រយៈពេល៦ឆ្នាំមកហើយបាននិយាយថា លោកត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជ្រើសរើសឲ្យទៅចូលរួមអូឡាំពិកហ្គេមនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។ លោកប្រាប់VOAតាមរយៈសារហ្វេសប៊ុកថា លោកបានតាំងចិត្តរួចជាស្រេច និងបានខិតខំប្រឹងប្រែងហ្វឹកហាត់ក្នុងការត្រៀមខ្លួនទៅចូលរួមប្រកួតទោះបីជាប្រទេសដទៃមានកីឡាករខ្លាំងៗក៏ដោយ។លោកចង់បំបែកឲ្យបាននូវថិរវេលាថ្មីសម្រាប់ខ្លួនឯងនិងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ចំណាប់អារម្មណ៍របស់ខ្ញុំគឺសប្បាយរីយរាយខ្លាំងមែនទែន នៅពេលដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតកីឡាអូឡាំពិកហ្គេម។ខ្ញុំនឹងប្ដេជ្ញាចិត្តរៀបចំខ្លួនប្រឹងប្រែងក្នុងការប្រកួតឲ្យអស់ពីសមត្ថភាព។ ហើយសម្រាប់ការដណ្ដើមយកមេដាយគឺខ្ញុំមិនទាន់មានកម្រិតឈានទៅដល់មេដាយនៅឡើយទេព្រោះមានប្រទេសគេខ្លាំងៗជាច្រើនបានទៅចូលរួមប្រកួតផងដែរ។ប៉ុន្តែទោះជាការប្រកួតលំបាកខ្លាំងប៉ុនណាក៏ដោយ តាំងនាមខ្ញុំជាកីឡាករតំណាងឲ្យកម្ពុជា ខ្ញុំនឹងខិតខំប្រឹងប្រែងក្នុងការប្រកួតឲ្យអស់ពីកម្លាំងកាយចិត្តរបស់ខ្ញុំ ជាពិសេសគោលដៅធំបំផុតគឺបំបែកថិរវេលាថ្មីមួយទៀតដើម្បីកម្ពុជាយើង»។
គួរបញ្ជាក់ថាការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូលើកនេះ ត្រូវបានសម្រេចដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិថានឹងមិនមានអ្នកចូលទស្សនាអន្តរជាតិដោយផ្ទាល់នោះទេ ដែលនេះជាលើកទីមួយក្នុងប្រវត្តិប្រកួតកីឡាអូឡាំពិក ដែលប្រព្រឹត្តទៅជាង៥០ឆ្នាំមកហើយ។
ទាក់ទងនឹងវិស័យកីឡានេះដែរប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនេះខណៈប្រទេសវៀតណាមមិនទាន់សម្រេចចិត្តនៅឡើយថាត្រូវរក្សាឬត្រូវពន្យារពេលទៅឆ្នាំ២០២២ពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថាស៊ីហ្គេមនឹងជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់៕