ប្រទេសចិនកាលពីថ្ងៃចន្ទ បានលុបចោលផែនការលក់សំបុត្រកីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំង នៅពេលដែលករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបានកើនដល់ចំនួនខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ពួកអ្នករៀបចំបាននិយាយកាលពីឆ្នាំទៅថា នឹងមិនមានអ្នកមើលអន្តរជាតិនៅក្នុងការប្រកួតកីឡានេះទេ មួយផ្នែកបណ្តាលមកពីលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ករាប់សប្តាហ៍របស់ចិន ក៏ប៉ុន្តែពួកគេបានសន្យាអនុញ្ញាតឲ្យអ្នកនៅក្នុងស្រុកទស្សនាបាន។
ក៏ប៉ុន្តែផែនការទាំងនេះ ត្រូវបានបោះបង់ចោលកាលពីថ្ងៃចន្ទនៅពេលដែលចិនបានរាយការណ៍ពីការឆ្លងថ្មីចំនួន២២៣ករណី ក្នុងរយៈពេល៣សប្តាហ៍មុនការចាប់ផ្តើមកីឡាអូឡាំពិករដូវរងា។
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកក្រុងប៉េកាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកនិងអ្នកទស្សនាកីឡាអូឡាំពិក គណៈកម្មាធិការបានសម្រេចកែតម្រូវផែនការពីដំបូងដើម្បីលក់សំបុត្រជូនសាធារណជនហើយផ្ទុយទៅវិញ នឹងអញ្ជើញមនុស្សមកទស្សនាការប្រកួតកីឡានេះវិញ»។
គេមិនទាន់ដឹងច្បាស់នៅឡើយថាតើអ្នកទស្សនាកីឡាដែលនឹងត្រូវអញ្ជើញទាំងនោះ នឹងត្រូវគេជ្រើសរើសដោយវិធីណា ហើយថាតើពួកគេនឹងត្រូវធ្វើចត្តាឡីស័កមុនឬក្រោយកីឡានោះដែរឬទេ។
ប្រទេសចិនដែលជាទីកន្លែងដែលវីរុសបានលេចចេញដំបូងនៅចុងឆ្នាំ២០១៩ បានអនុវត្តគោលនយោបាយតឹងរ៉ឹងនៃការធ្វើមិនឲ្យមានករណីជំងឺកូវីដ១៩ ទោះជាប្រទេសផ្សេងៗទៀតក្នុងពិភពលោកបានបើកប្រទេសឡើងវិញក៏ដោយ។
ក៏ប៉ុន្តែ វិធីដោះស្រាយរបស់ចិនបានស្ថិតនៅក្រោមសម្ពាធក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយ មានការផ្ទុះឡើងនូវករណីឆ្លងវីរុសជាច្រើននៅក្នុងតំបន់សំខាន់ៗ រួមទាំងទីក្រុងកំពង់ផែ Tianjin និងតំបន់ផលិតទំនិញនៃភាគខាងត្បូងខេត្ត Guangdong ផង។
បន្ទាប់ពីមានការរកឃើញករណីឆ្លងនៃវីរុសអូមីក្រុងនៅរដ្ឋធានីប៉េកាំងកាលពីចុងសប្តាហ៍អាជ្ញាធរ ក៏បានរឹតបន្តឹងបទបញ្ញត្តិសម្រាប់ពួកអ្នកមកពីទីកន្លែងផ្សេងៗនៅក្នុងប្រទេសចិន។
រដ្ឋធានីប៉េកាំងឥឡូវនេះកំពុងទាមទារឲ្យអ្នកដំណើរធ្វើតេស្តអវិជ្ជមាន មុនពេលធ្វើដំណើរហើយនឹងធ្វើតេស្តម្តងទៀតបន្ទាប់ពីចូលរដ្ឋធានី ហើយពួកអ្នកស្រុកត្រូវបានគេអំពាវនាវមិនឲ្យចាកចេញពីទីក្រុង នៅពេលបុណ្យចូលឆ្នាំចិននៅពេលខាងមុខនេះ៕