មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ថ្លែងនៅថ្ងៃសុក្រនេះថា សំណុំរឿងសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ ត្រូវបានឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques PELLET លើកយកមកពិភាក្សាក្នុងជំនួបមួយដែលធ្វើឡើងក្រោយសវនាការលើកទី៣៧របស់លោក។
លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្សដែលកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋ ឬតាមអ្វីដែលគេហៅម្យ៉ាងទៀតថា ចូលដៃជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះ បានបន្តជួបពិភាក្សាជាមួយប្រមុខការទូត ឬតំណាងទូតនានា ក៏ដូចជាភ្ញៀវបរទេសផ្សេងទៀត គិតចាប់តាំងពីលោកត្រូវបានតុលាការសម្រេចឱ្យមានសិទ្ធិដើរហើរនៅក្នុងប្រទេស តែមិនអាចធ្វើនយោបាយបានកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមសារអត្ថាធិប្បាយបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ នាថ្ងៃទី២២ ខែមេសានេះ ក្នុងជំនួបមួយដែលធ្វើឡើងនៅស្ថានទូតបារាំង ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា លើកឡើងក្នុងន័យដើមថា៖ «ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសួរខ្ញុំភាគច្រើនអំពីដំណើរការសវនាការដែលគាត់មើលឃើញថា មានការអូសបន្លាយ និងការចោទប្រកាន់ខ្ញុំនោះ ពាក់ព័ន្ធជាមួយអង្គការ និងរដ្ឋបរទេសជាច្រើន ដោយឮថា មានឈ្មោះសហភាពអឺរ៉ុបផង ព្រោះប្រទេសបារាំងក៏ជាសមាជិកសហភាពអឺរ៉ុបដែរ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខាបានឆ្លៀតយកជំនួបជាមួយលោក Jacques PELLET អរគុណរដ្ឋាភិបាលទីក្រុងប៉ារីស ក៏ដូចជាសហភាពអឺរ៉ុបជាមិត្តល្អរបស់កម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងបន្តជួយប្រជាពលរដ្ឋខ្មែរលើវិស័យនានា ជាពិសេសនៅតែជួយ និងតាមឃ្លាំមើលអំពីបញ្ហាសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក៏ដូចជាបញ្ជូនអ្នកការទូតតាមដានសវនាការរឿងក្តី និងសិទ្ធិសេរីភាពរបស់លោក។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតបារាំងនៅក្នុងទីក្រុងភ្នំពេញ តាមសារអេឡិចត្រូនិក ឬអ៊ីមែល តែមិនទាន់មានការឆ្លើយតប។
ក្រោយសវនាការលើកទី៣៧របស់លោក កឹម សុខា កាលពីថ្ងៃពុធកន្លងទៅនោះ សហមេធាវីរបស់មេដឹកនាំនយោបាយជំទាស់រូបនេះគឺលោក អាង ឧត្តម បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហមេធាវីគ្រោងនឹងដាក់លិខិតអញ្ជើញសាក្សីមកបំភ្លឺក្នុងសំណុំរឿងរបស់លោកកឹម សុខា និងថា សាក្សីមានច្រើនប្រទេស ពោលគឺមានសហភាពអឺរ៉ុប ដែលបារាំងជាសមាជិកមួយផងដែរ។
សហមេធាវីការពារក្តីលោកកឹម សុខា មួយរូបទៀត គឺអ្នកស្រី ម៉េង សុភារី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បើពិនិត្យលើការបន្តប្រាស្រ័យទាក់ទងរបស់លោក កឹម សុខា ជាមួយបណ្តាអង្គទូតនានានោះ ធ្វើឱ្យគេអាចវាយតម្លៃបានថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការកម្ពុជាទេ។ ក៏ប៉ុន្តែការតតាំងក្តីនឹងនៅបន្តជាមួយការស្នើសុំរបស់សហមេធាវី ក្នុងការអញ្ជើញសាក្សីមកបំភ្លឺស្វែងរកការណ៍ពិតនៅតុលាការ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសុំជម្រាបថាបទសន្ទិដ្ឋិភាពគឺជាបទល្មើស ព្រហ្មទណ្ឌដែលស្ថិតនៅក្នុងជំពូកបទល្មើសក្បត់ជាតិ។ ហេតុនេះហើយ បើសិនជាមានអំពើនេះកើតមានឡើងមែន ខ្ញុំជឿជាក់ថា រដ្ឋដែលជាម្ចាស់ផ្ទះណាក៏ដោយ ក៏មិនអាចបន្តទំនាក់ទំនងការទូត ឬក៏ព្រួយបារម្ភថា ខ្លាចមានការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយរដ្ឋដែលត្រូវរ៉ូវ ដែលខុសច្បាប់ដែរ ពីព្រោះថា បានបង្ហាញឱ្យឃើញថា រដ្ឋដែលត្រូវរ៉ូវនោះមានចេតនាឈ្លានពានមកលើរដ្ឋដែលជាម្ចាស់ផ្ទះ»។
អ្នកស្រីបន្ថែមថា៖ «ដោយឡែកចំពោះប្រទេសកម្ពុជាយើង គឺនៅបន្តទំនាក់ទំនងការទូតល្អ ជាមួយបណ្តារដ្ឋដែលមានការជាប់ពាក់ព័ន្ធជាមួយនឹងករណីរបស់ឯកឧត្តម កឹម សុខា។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលបានលើកឡើងកាលពីកន្លងមកថា ថែមទាំងមានការខ្លាចប៉ះពាល់ដល់ចំណងការទូតជាមួយនឹងរដ្ឋដែលពាក់ព័ន្ធទាំងអស់នោះទៀតផង។ នេះគឺបានបង្ហាញថា មិនមានអំពើសន្ទិដ្ឋិភាពរវាងឯកឧត្តម កឹម សុខា ជាមួយនឹងរដ្ឋបរទេសទាំងនោះ ដូចការចោទប្រកាន់របស់តុលាការទេ»។
បើតាមអ្នកស្រី ម៉េង សុភារី លិខិតរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ឬភាគីរដ្ឋាភិបាល ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បង្ហាញថា ប្រទេសចំនួន៨ បូករួមនិងសហគមន៍អឺរ៉ុប អង្គការក្រៅរដ្ឋាភិបាលចំនួន៨ និងបុគ្គលដែលជាបរទេសចំនួន៩នាក់ ត្រូវសង្ស័យថា មានការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងលោក កឹម សុខា។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រតិកម្មថាលោក កឹម សុខា នឹងនៅបន្តចូលរួមការកាត់ក្តីតាមនីតិវិធីដដែល ដើម្បីលាងជម្រះបទចោទប្រកាន់លោក។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះយ៉ាងដូច្នេះ៖ «ការជួបនេះ វាជារឿងធម្មតាទេ។ គាត់ចង់ជួបអ្នកណាគាត់ជួប។ គាត់មានសេរីភាពពេញទី ក៏ប៉ុន្តែគ្រាន់តែថា ដំណើរការនីតិវិធីរបស់តុលាការត្រូវផ្អែកតាមផ្លូវច្បាប់ ហើយក៏មិនមានអង្គទូតណា ស្ថាប័នអង្គការណាអាចបង្គាប់បញ្ជាលូកលាន់កិច្ចការរបស់តុលាការបានដែរ។ អ្វីៗត្រូវប្រព្រឹត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីរបស់តុលាការដែលមានជាធរមាន»។
ដោយឡែក អ្នកវិភាគនយោបាយលោក សេង សារី យល់ថា រដ្ឋាភិបាលបារាំងគួរតែលើកសំណើទៅពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជា បើសិនបារាំងមានចេតនាចង់ជួយបញ្ចប់សំណុំរឿងដែលមានជាប់ហេតុផលនយោបាយរបស់លោក កឹម សុខា នោះ។ លោកនិយាយថា៖ «ស្ថានទូតបារាំងត្រូវតែនិយាយ ព្រោះតំណាងរដ្ឋាភិបាល ត្រូវតែនិយាយជាមួយរដ្ឋាភិបាល គេហៅថា រដ្ឋាភិបាល Government to Government។ បើសិនជាទៅ ជួបលោក កឹម សុខា វាអត់អាចដោះស្រាយអីចេញទេ។ ខ្ញុំមើលទៅអត់មានដំណោះស្រាយអីកើតណា៎បាទ»។
សាស្រា្តចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មើលឃើញថា បដិសណ្ឋារកិច្ចការទូតរបស់លោក កឹម សុខា ជាមួយប្រមុខការទូតនៅកម្ពុជា ឬមន្ត្រីការបរទេសផ្សេងទៀតនោះជាផ្នែកមួយនៃការគាំទ្រអ្នកប្រជាធិបតេយ្យ ដោយថា រដ្ឋនៅប្លុកសេរីយល់ឃើញថា សកម្មភាពនយោបាយរបស់លោក កឹម សុខា គឺជាទម្រង់នៃការលើកស្ទួយប្រជាធិបតេយ្យ ខណៈតុលាការកម្ពុជាមិនទាន់រកឃើញភស្តុតាងដាក់បន្ទុកលើលោក កឹម សុខា នៅឡើយ។
បើតាមលោក ឯម សុវណ្ណារ៉ា បើសិនជាស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាបន្តមានភាពអាប់អួរនោះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងពិបាកទាក់ទាញបាននូវការអនុគ្រោះពន្ធផ្សេងៗពីលោកខាងលិច ដូចជា EBA របស់សហភាពអឺរ៉ុប និង GSP របស់អាមេរិក។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត កត់សម្គាល់ថាសំណុំរឿងលោក កឹម សុខា បានអូសបន្លាយពេលមកជាច្រើនឆ្នាំហើយ ខណៈតុលាការមិនទាន់អាចបង្ហាញភស្តុតាងជាក់លាក់គាំទ្រដល់បទចោទលើរូបលោក។ លោកបន្តថា បើសិនសំណុំរឿងនេះត្រូវតុលាការបន្តលើកមកជំនុំជម្រះ ដោយគ្មានសាក្សី ឬភស្តុតាងគ្រប់គ្រាន់នោះ លោក កឹម សុខា នឹងត្រូវខាតពេលវេលាក្នុងការបន្តអាជីពនយោបាយរបស់លោក។
លោក កឹម សុខា ត្រូវចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក កាលពីរំលងអាធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺពីរខែមុននឹងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ ការចោទប្រកាន់ពីបទសន្ទិដិ្ឋភាពប្រឆាំងនឹងលោកកឹម សុខា អាចនឹងធ្វើឱ្យអ្នកនយោបាយជំទាស់រូបនេះប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោកមានកំហុស៕