ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖​ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ស្ថិត​ក្រោម​ការ​​គំរាម​ ខណៈ​អ្នក​កាសែត​បន្ត​រង​ការ​បង្រ្កាប​


រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ រក​ឃើញ​ថា​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ​សេរីភាពបញ្ចេញ​មតិ​ សេរីភាព​សារ​ព័ត៌មាន​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ​ ដែល​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​តែងរង​ការ​បង្រ្កាប​ និង​ជា​មុខ​សញ្ញា​ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ពេល​ចុះ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន និង​ការ​តស៊ូ​មតិ។​

ការ​រក​ឃើញថ្មី​នេះ​ត្រូវ​បាន​ចង​ក្រង​ក្នុង​របាយការណ៍​ចុង​ក្រោយ​មួយ​ដែល​បានបង្ហាញ​ពី​ព័ត៌មាន​សំខាន់ៗ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន​ និង សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត។ ​របាយការណ៍​នេះ​ត្រូវ​បាន​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ដោយ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ដល់​ថ្ងៃទី​៣១​ខែ​សីហា​ ឆ្នាំ​២០២២។​

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​នេះ បាន​ឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​រឹតត្បិត​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ តួយ៉ាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​ និង​ការ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​កាលពី​ខែធ្នូ​ ឆ្នាំ​២០២១​ ដែល​មាន​ភាព​មិន​ច្បាស់​លាស់​ ហើយ​ដែល​អាច​ត្រូវ​បាន​អាជ្ញាធរ​ប្រើប្រាស់​ជា​ឧបករណ៍​មួយ​ទៀត​ដើម្បី​ដក​ហូតសេរីភាព​ដែល​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ​រួច​ស្រាប់​ទៅ​ហើយ​នោះ។​

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ជា​ខេមរភាសា​ និង​មាន​កម្រាស់៥៥​ទំព័រនេះ​បន្ថែម​ថា​ ការ​បំភិត​បំភ័យ​ ការ​ឃ្លាំមើល​ ការ​គំរាម​កំហែង​ ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ផង​ដែរដើម្បី​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ នេះ​គឺ​ជា​គោល​ដៅ​ចម្បង​របស់​រដ្ឋាភិបាល​ដែល​ប្រឆាំង​នឹង​សំឡេង​រិះគន់។

ដំណាល​ពេល​គ្នា​នៃ​ការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ​ ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយជាមួយ​អ្នក​សារ​ព័ត៌មាន​ដើម្បី​បង្ហាញ​អំពី​ការ​ប្រឈម​របស់​ពួកគេ​ផង​ដែរ។​

ប្រធានក្រុមអ្នក​សារ​ព័ត៌មាន​ស្រ្តី​កម្ពុជា​ អ្នក​ស្រី ​ហង្ស សម្ផស្ស​ ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​រៀប​ចំឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លើក​ឡើង​ថា ​រដ្ឋាភិបាល​គួរ​បើក​ចំហ​សិទ្ធិ​សេរីភាពសម្រាប់​ប្រជា​ពលរដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន​ឱ្យ​ស្រប​តាម​ប្រទេស​ប្រជាធិបតេយ្យ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ។​

អ្នក​ស្រី​និយាយ​ថា​៖ ​«គេ​មើល​មក​កម្ពុជា​ ដូច​ជា​យើង​ដើរ​ថយ​ក្រោយ។ យើង​អត់​គោរព​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​ប្រាប់​គេ​ថា​ យើង​ប្រទេស​យើងប្រជាធិបតេយ្យ​ តែ​តាម​ពិត​យើង​អត់​បាន​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។ មាន​ន័យ​ថា​ ផ្នែក​ណា​មួយ​នោះ​មាន​ប្រជាធិបតេយ្យ​ ប៉ុន្តែ​យើង​អត់​ចង់​ដោយ​ផ្នែក​ណា​មួយ​ទេ ​គឺ​យើង​ចង់​បាន​ទាំង​អស់​ គឺ​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ ព្រោះ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​យើង​ចែង​មក​ថា​ ប្រទេស​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស»។​

ដោយ​ឡែក​ អ្នក​សម្រប​សម្រួល​គម្រោង​ការ​លើក​កម្ពស់​ និង​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក ហួន ផន​ លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សានោះ​ផង​ដែរ​ថា ​ការណ៍ដែលសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​សារ​ព័ត៌មាន​នៅ​តែ​ត្រូវ​បាន​រឹតត្បិត​នេះ​បង្ហាញ​ថា ​រដ្ឋាភិបាលមិន​បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ​ឡើយ។​

លោក​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នោះ​យ៉ាង​ដូច្នេះ៖ ​«ការ​អនុវត្ត​កន្លង​មក​គឺ​ផ្ទុយ​ជាមួយ​ច្បាប់​ដែល​យើង​មាន​ជា​ធរមាន។​ អ៊ីចឹង​វា​បង្ហាញ​ថា ​ការ​បំពេញ​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​មិន​ទាន់​បាន​ពេញ​លេញ​នូវអ្វី​ដែល​មាន​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ ​ក៏​ដូចជា​អ្វីដែល​រដ្ឋ​ធម្មនុញ្ញ​ទទួល​ស្គាល់​ ផ្តល់​សច្ចាប័ន​ទៅ​ដល់​អនុសញ្ញា ​សន្ធិ​សញ្ញា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងសេរី​ភាព​បញ្ចេញ​មតិ ​សេរីភាព​សារ​ព័ត៌មាន»។

លោក ​ហួន ផន ​បន្ថែម​ថា​ ដើម្បី​ជំរុញ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​ និង​សេរីភាព​បញ្ចេញ​មតិ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ លុះ​ត្រាតែ​មាន​ការ​ចូលរួម​ពី​សាធារណ​ជន​ និង​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយក្នុង​ការកែ​លម្អ​ចំណុច​អវិជ្ជមាន​នានា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សិទ្ធិ​ស្នូល​សំខាន់​ទាំង​ពីរ​នេះ។​

លោក​និយាយ​ថា៖​ «ទាល់តែ​មាន​ការ​ចូលរួម​ពី​សាធារណ​ជន​ទូទៅ​ផង​ដែរ ​ហើយ​ក៏ត្រូវ​ការឆន្ទៈ​ពីរដ្ឋាភិបាល​ដែរ ​ បើ​សិន​ជា​រដ្ឋាភិបាល​អត់​មាន​ឆន្ទៈ​ក្នុង​ការ​រុញ​ច្រាន​ ក្នុង​ការ​គោរព​ហ្នឹង​ទេ ​ក៏​វា​មាន​ផល​ជះ​អវិជ្ជមាន​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​ក៏​ដូចជា​សេរីភាព​សារ​ព័ត៌មាន​ជា​ដើម»។​

របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រក​ឃើញ​ករណី​គាប​សង្កត់​មួយ​ចំនួន​ទៅ​លើ​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ ​និង​សារ​ព័ត៌មាន។ ​របាយ​ការណ៍​បង្ហាញ​ថា​ ​នៅ​ចនោ្លះ​ថ្ងៃទី​១ ​ខែ​កញ្ញា​ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី៣១​ ខែ​សីហា​ឆ្នាំ​២០២២ ​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​សារ​ព័ត៌មាន​បាន​បន្ត​រង​ការ​ប៉ះពាល់​ ដោយ​មាន​អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​២០​នាក់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១៣​នាក់​បាន​រង​នូវផល​ប៉ះពាល់​ពី​ការ​បន្ត​គាប​សង្កត់​ និង​រងគ្រោះ​ដោយ​សារ​តែ​គោល​ការណ៍​រដ្ឋាភិបាល​មិន​អត់​ឱន​ចំពោះ​ការរិះគន់។​

របាយ​ការណ៍​បាន​លើក​ឡើង​តាម​ន័យ​ដើម​ថា៖ ​«ដើម្បី​បង្កើត​ពិភព​លោក​មួយ​កាន់​តែ​មាន​សមធម៌​ និង​សេរី​ គឺជា​ការ​ចាំបាច់​ណាស់​ដែល​បុគ្គល​ម្នាក់ៗ​ ​មាន​លទ្ធភាព​ក្នុងការ​បង្ហាញ​នូវ​គំនិត​ ការ​ចែក​ រំលែក​ និង​ទទួល​ព័ត៌មាន»។​

របាយ​ការណ៍​បន្ថែម​ថា៖ ​«នៅ​ពេល​ដែល​សង្គម​ចូល​រួម​ក្នុង​សកម្មភាព​ទាំងនេះ​ ​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​លូតលាស់​ ហើយ​បទដ្ឋាន​សង្គម​ និង​មនោគម​វិជ្ជា​ដែល​បង្ក​គ្រោះ​ថ្នាក់​នឹង​ថម​ថយ»។ ​

លោក ​អ៊ិត សូធឿត ​នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​សារ​ព័ត៌មាន​នៅតែ​បន្ត​ជួបបញ្ហា​ស្រដៀង​ទៅ​នឹង​របាយ​ការណ៍​ដែល​ទើប​តែ​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ​លោកថា ​សេរីភាព​បញ្ចេញ​មតិ ​និង​សេរីភាព​សារ​ព័ត៌មាននៅតែ​រង​ការ​គំរាម​កំហែង ​និង​រឹតត្បិត​ដដែល។​

លោក​បន្ថែម​ថា​៖ «ដើម្បី​ឱ្យ​មាន​ការ​ប្រសើរ​ឡើង​សម្រាប់​វិស័យ​សារ​ព័ត៌មាន ​ក៏​ដូច​ជា​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋហ៊ាន​បញ្ចេញ​មតិ​សម្រាប់​ការ​រិះគន់​ស្ថាបនា​កែលម្អ​ផ្សេងៗ ​ ក្រសួង​គួរ​តែសិក្សា​ពី​បញ្ហា​ហ្នឹង​ឱ្យ​បាន​ស៊ី​ជម្រៅ ​ហើយ​បើ​សិន​រក​ឃើញថា ​មា​នបញ្ហា​អ៊ីចឹង​មែន​ គួរតែរក​វិធី​ដោះស្រាយ​ ក៏​ដូចជា​ជំរុញ​ឱ្យ​មាន​សេរីភាព​សារព័ត៌មាន ​ក៏ដូច​ជា​សេរីភាពបញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​កាន់​តែ​ប្រសើរ​ឡើង»។​

យ៉ាង​ណាក៏​ដោយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​មាស សុភ័ណ្ឌ ​បាន​ច្រាន​ចោលរបាយ​ការណ៍​ខាង​លើ​ និង​ថា ការ​លើក​ឡើង​ទាំង​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការណ៍​ពិត​ ហើយ​របាយ​ការណ៍​នោះ​ទៀត​សោត​ត្រូវ​បាន​ចងក្រង​ឡើង​ដើម្បី​បំភាន់​មតិ​សាធារណ​ជន​ជាតិ ​និង​អន្តរជាតិ​អំពី​ស្ថាន​ភាព​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«ការ​សរសេរ​របាយ​ការណ៍​នេះ​គឺ​លើក​ឡើង​តែមួយ​ជ្រុង​ ដោយ​មិន​បាន​ធ្វើ​ការ​ពិនិត្យ​ឱ្យ​បាន​ស៊ី​ជម្រៅ ​ឱ្យ​បាន​ហ្មត់ចត់ទៅលើ​ស្ថាន​ភាព​ជាក់​ស្តែង​អំពី​ការ​អនុវត្ត​សិទ្ធិ ​និង​សេរីភាព​នៅ​កម្ពុជា​នោះ​ទេ»។​

បើ​តាម​លោក មាស សុភ័ណ្ឌ ​សេរីភាព​សារ​ព័ត៌មាន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា ​ អ្នក​សារ​ព័ត៌មាន និង​ប្រជា​ពលរដ្ឋ​ត្រូវ​អនុវត្ត​តាមច្បាប់ ​និង​លិខិត​គតិយុត្តិ​ដែល​មាន​ជា​ធរមាន។

គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ខែ​ឧសភា ​ឆ្នាំ​២០២២​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​លេខ​រៀង​ទី១៤២ ​ក្នុង​ចំណោម​ប្រទេស​១៨០ ​ដែល​បង្ហាញ​ថា ​ស្ថានភាព​ជាទូទៅ​នៃ​សេរីភាព​សារព័ត៌មាន​មិនមាន​ភាព​ល្អ​ប្រសើរ​ឡើយ។​

ចំណែក​អង្គ​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ ហៅ​កាត់​ថា ​CIVICUS​ កាលពី​ខែ​កញ្ញា​នេះ​ បាន​វាយ​តម្លៃ​អវិជ្ជមាន​លើ​ស្ថាន​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ​ជាពិសេស​គឺ​សារ​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​បន្ត​ស្ថិត​ក្រោម​វាយ​ប្រហារ​ គ្រា​អ្នក​កាសែត​បាន​ប្រឈម​មុខ​នឹង​ការ​យាយី​ជា​ច្រើន​ទម្រង់។​

ជុំវិញ​ការ​រឹត​ត្បិត​សិទ្ធិ​សារ​ព័ត៌មាន​នេះ ​ អ្នក​សារ​ព័ត៌មានសំឡេង​ប្រជាធិបតេយ្យ​ (VOD)​ និង​អ្នក​សារ​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​អំពី​ការ​ធ្វើ​សន្និសីទសារ​ព័ត៌មាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ទេ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដោយ​អះអាង​ថា​ ថ្នាក់​លើ​បញ្ជា​មក។​ អ្នក​ជំនាញ​ក្នុង​វិស័យ​សារ​ព័ត៌មាន​មួយ​ចំនួន​យល់​ថា​ នេះ​ជា​ទម្រង់​នៃ​ការ​ដាក់​សម្ពាធមក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ៕

XS
SM
MD
LG