អ្នកសារព័ត៌មានរបស់ស្ថាប័នសំឡេងប្រជាធិបតេយ្យវីអូឌី និងសំឡេងសហរដ្ឋអាមេរិកវីអូអេ កាលពីថ្ងៃអាទិត្យ មិនត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅវិមានសន្តិភាព ទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះទេ។
ការសម្រេចមិនផ្តល់កាតសម្រាប់ចូលយកព័ត៌មានក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីរងការរិះគន់ថា ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬការផ្តល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានមិនស្មើគ្នា និងជាការរើសអើងលើស្ថាប័នសារព័ត៌មាន ដែលហ៊ានលើកឡើងពីបញ្ហានានាក្នុងសង្គម។
កញ្ញា ប៉ា សុខេង អ្នកសារព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យវីអូឌី ដែលបានតាមដានកិច្ចប្រជុំកំពូលអាស៊ាន បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការហាមប្រាមមិនអនុញ្ញាតឱ្យកញ្ញា និងក្រុមការងារវីអូឌី ទៅយកព័ត៌មាននៅវិមានសន្តិភាពជាទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កញ្ញាយល់ថា មិនគួរមានការរើសអើង និងរឹតត្បិតចំពោះស្ថាប័នសារព័ត៌មាន ដែលហ៊ានលើកឡើងពីបញ្ហាសង្គមបែបនេះទេ។
កញ្ញាថ្លែងថា៖ «អ៊ីចឹងការបិទខ្ទប់មិនឱ្យអ្នកសារព័ត៌មានបានចូលស្តាប់ និងសួរនូវសំណួរ ដើម្បីផ្សាយបន្ត តាមរយៈការចូលរួមយកព័ត៌មានក្នុងសន្និសីទរបស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ របស់ប្រធានអាស៊ានហ្នឹង ការព្យាយាមបិទខ្ទប់បែបហ្នឹង វាអត់បានធ្វើឱ្យសង្គមអីហ្នឹងមានការរីកចម្រើនទេ គឺមានតែបង្ហាញថា អង្គការរដ្ឋកំពុងតែព្យាយាមបិទបាំងនូវកង្វះខាតរបស់សង្គមរបស់ខ្លួនជាជាងរកដំណោះស្រាយ ព្រោះថា ព្យាយាមបិទខ្ទប់អ្នកសារព័ត៌មានឯករាជ្យបានចូលស្តាប់ បានចូលសាកសួរនូវសំណួរ ដើម្បីឆ្លុះបញ្ចាំងទៅកាន់សាធារណជនជាដើមហ្នឹង»។
កញ្ញា ប៉ា សុខេង បញ្ជាក់ថា មន្ត្រីដែលទទួលបន្ទុកកិច្ចការព័ត៌មាននៅក្នុងសណ្ឋាគារសុខាចំនួន២នាក់មកប្រាប់កញ្ញាថា ក្រុមអ្នកសារព័ត៌មានរបស់វីអូឌី និងវីអូអេ គឺមិនត្រូវបានអនុញ្ញាតឱ្យទៅយកព័ត៌មាននៅវិមានសន្តិភាពទេ បើទោះបីជាមានការចុះឈ្មោះលឿនជាងស្ថាប័នផ្សេងៗទៀតក៏ដោយ។ កញ្ញាបន្តថា មន្ត្រីនោះមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ដល់កញ្ញាទេ ដោយគ្រាន់តែប្រាប់ថា ថ្នាក់លើមិនអនុញ្ញាត។
អ្នកសារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក វីអូអេក៏ទទួលបានការបញ្ជាក់ពីមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាននៅក្នុងសណ្ឋាគាសុខានោះ ដូចគ្នានឹងអ្នកសារព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យវីអូឌីដែរ។
ទាំងអ្នកសារព័ត៌មានវីអូឌី និងវីអូអេបញ្ជាក់ថា ពួកគេបានចុះឈ្មោះលឿនជាងគេផងដែរ នៅពេលដែលមន្ត្រីដែលទទួលបន្ទុកកិច្ចការព័ត៌មាននៅក្នុងសណ្ឋាគារសុខាប្រកាសឱ្យអ្នកសារព័ត៌មានទាំងអស់ចុះឈ្មោះ ដើម្បីអាចទៅយកព័ត៌មាននៅវិមានសន្តិភាពបាន។
វីអេអូបានទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ នៅថ្ងៃចន្ទនេះ តែមន្ត្រីនាំពាក្យរូបនោះ បានបង្វែរសំណួរទៅកាន់អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានលោក ផុស សុវណ្ណ។ វីអូអេ មិនទាន់អាចទាក់ទងលោក ផុស សុវណ្ណ បានទេ ដោយសារទូរស័ព្ទ លោករោទិ៍តែគ្មានអ្នកទទួល។
ដោយឡែក ក្រោយពីមានការហាមប្រាម និងមិនអនុញ្ញាតឱ្យអ្នកសារព័ត៌ទៅយកព័ត៌មាននៅវិមានសន្តិភាពនេះ វីអូអេបានសុំការបញ្ជាក់ពីលោក ផុស សុវណ្ណ ភ្លាមៗ កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកថា លោកក៏មិនបានដឹងច្បាស់ពីរឿងនេះ ដោយលោកថា អាចមានគោលការណ៍អ្វីផ្សេង តែលោកក៏មិនអាចបញ្ជាក់ថា ជាគោលការណ៍អ្វីនោះទេ។
លោកថ្លែងថា៖ «ខ្ញុំកន្លែងហ្នឹងមិនដឹងទេ... ព្រោះដូចជាមានគោលការណ៍អីផ្សេងក៏មិនដឹងដែរ។ ខ្ញុំអត់បាន[ដឹង]ច្បាស់ដែរ»។
កាលពីខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ធា្លប់ប្រាប់វីអូអេថា សិទ្ធិសេរី ភាពសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានធានាដោយច្បាប់របបសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញដែលអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានប្រកបដោយភាពចម្រុះកំពុងអនុវត្តវិជ្ជាជីវៈ និងសិទ្ធិសេរីភាពរបស់ខ្លួន ដោយសេរី គ្មានការរើសអើង គ្មានការប្រកាន់ទស្សនៈនយោបាយ និងអាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានដោយសេរីគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
នៅថ្ងៃចន្ទនេះ មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬហៅថា CCIM សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅថា ខេមបូចា និងក្លឹបអ្នកកាសែតសារព័ត៌មានបរទេសនៃកម្ពុជា ឬហៅថា OPCC បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយទាមទារឱ្យក្រសួងព័ត៌មានបំភ្លឺមូលហេតុឱ្យបានច្បាស់អំពីករណីបដិសេធមិនឱ្យអ្នកសារព័ត៌មានវីអូអេ និងវីអូឌី ចូលទៅយកព័ត៌មាន នៅវិមានសន្តិភាពនោះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងសូមធ្វើការអំពាវនាវដល់ក្រសួង[ព័ត៌មាន]ឱ្យពន្យល់ពីករណីរើសអើសដែលកើតឡើងជាក់ស្តែងនេះចំពោះអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានមួយចំនួន។ យើងយល់ឃើញថា វាគ្មានហេតុផលសមរម្យណាមួយ ក្នុងការបដិសេធអ្នកសារព័ត៌មានអាជីពចូលទៅរាយការណ៍ព័ត៌មានដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈនោះទេ។ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី មានការស្វាគមន៍នូវរាល់សំណួរពីប្រព័ន្ធផ្សព្វផ្សាយនានា យើងចង់ដឹងថា ហេតុអ្វីបានជាអ្នកសារព័ត៌មានរបស់វីអូឌី និងវីអូអេមិនត្រូវបានស្វាគមន៍ក្នុងការសួរសំណួរទៅវិញ»។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) លោក អ៊ិត សូធឿត យល់ឃើញថា ការមិនអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានឯករាជ្យចូលទៅយកព័ត៌មានបានដូចសា្ថប័នសារព័ត៌មានដទៃ ឬស្ថាប័នក្នុងស្រុក គឺជាការរើសអើងមួយ និងបង្ហាញពីការអនុវត្តមិនស្មើភាពគ្នាចំពោះសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ដែលត្រូវបានទទួលស្គាល់ ដោយក្រសួងព័ត៌មាន។
លោកថ្លែងថា៖ «ការហាមនេះតែស្ថាប័ន២ដែលជាស្ថាប័នសារព័ត៌មានឯករាជ្យ។ អ៊ីចឹងខ្ញុំគិតថា នេះជាការរើសអើង ក៏ដូចជាការបំពានទៅលើសេរីភាពសារព័ត៌មាន ដោយធម្មតាយើងមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជារដ្ឋធម្មនុញ្ញដែលធានាពីសិទ្ធិស្មើភាពគ្នារបស់ពលរដ្ឋកម្ពុជាយើង។ អ៊ីចឹងការដែលអនុញ្ញាតឱ្យស្ថាប័នខ្លះចូល ស្ថាប័នខ្លះមិនឱ្យចូលហ្នឹង គឺហាក់ដូចជាការរើសអើង ហើយក៏ដូចជាការរំលោភលើសេរីភាពសារព័ត៌មានដែរ»។
លោក អ៊ិត សូធឿត ស្នើឱ្យក្រសួងព័ត៌មានត្រូវតែពិនិត្យមើលលើករណីនេះ និងត្រូវផ្តល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានឱ្យបានស្មើៗគ្នា និងគួរតែលុបបំបាត់ទំនោរនៃការរើសអើងលើអ្នកសារព័ត៌មាន ទាក់ទងមតិលើកឡើងថា អ្នកសារព័ត៌មាន មាននិន្នាការនយោបាយនេះ មាននិន្នាការនយោបាយនោះ ព្រោះអ្នកសារព័ត៌មានមិនមាននិន្នាការណាទេ។ ដូច្នេះក្រសួងត្រូវងាកមកលើកទឹកចិត្តដល់សារព័ត៌មានឯករាជ្យ ដែលជាផ្នែកមួយជួយលើកមុខមាត់ក៏ដូចជាកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាផងដែរ នៅពេលអន្តរជាតិវាយតម្លៃចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានកម្ពុជានោះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី១៤៤ក្នុងចំណោម ១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារំាង។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ នេះ អង្គការនេះឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៤២ ក្នុងចំណោម១៨០ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ៕