ខណៈគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនទាមទារឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពន្លឿននីតិវិធីក្នុងការដាក់សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ឱ្យក្លាយទៅជាច្បាប់ឱ្យបានឆាប់នោះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងដំណាក់កាលពិភាក្សានៅឡើយ ដោយមិនទាន់អាចកំណត់ពេលវេលាច្បាស់លាស់ក្នុងការអនុម័ត។
ក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃពុធនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី«សិទ្ធិទទួលបានព័ត៌មានជាសកល» ដោយមានវត្តមានតំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយ តំណាងអង្គការយូណេស្កូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងសន្និសីទថ្នាក់ជាតិនេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា មកដល់ពេលនេះ នៅមានបញ្ហាសេសសល់ និងមានមតិយោបល់មួយចំនួនទៀត ដែលត្រូវពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងយុត្តិធម៌ មុននឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការអនុម័តសេចក្តីព្រាងច្បាប់នេះឡើយ។
លោកថ្លែងថា៖ «ដូចខ្ញុំបានជម្រាបជូនអ៊ីចឹង នៅពេលដែលយើងបញ្ចប់នៅក្នុងដំណើរនិតីវិធីនៃការពិគ្រោះយោបល់នេះ គឺយើងនឹងរៀបចំឯកសារឱ្យស្របតាមនីតិវិធី ដែលបានកំណត់ដើម្បីដាក់ជូនទៅស្ថាប័នជាបន្តបន្ទាប់ដើម្បីស្នើសុំការអនុម័ត»។
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះបន្ថែមថា មូលហេតុដែលសេចក្តីព្រាងច្បាប់នេះមិនទាន់ត្រូវបានអនុម័ត ដោយសារនីតិវិធីតាក់តែងច្បាប់នេះមាន«ភាពស្មុគស្មាញ» ដោយមានការបើកចំហឱ្យមានការផ្តល់មតិយោបល់ជាធាតុចូល និងត្រូវការពេលវេលាក្នុងការសិក្សាស៊ីជម្រៅក្នុងការកំណត់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីឱ្យស្របទៅនឹងច្បាប់ផ្សេងៗដែលមានជាធរមាន។ លោកបន្ថែមថា វិបត្តិកូវីដ១៩ក៏ជាបញ្ហារាំងស្ទះមួយផងដែរ។
ទោះជាយ៉ាងណា តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋយកចិត្តទុកដាក់ក្នុងការអនុម័តច្បាប់នេះឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មាននោះដែរ ថ្លែងថាការរៀបចំតាក់តែងច្បាប់នេះមិនគួរមានការពន្យារពេលទៀតនោះទេ ព្រោះប្រទេសជិតខាង ដូចជាប្រទេសរៀតណាម ថៃ ហ្វីលីពីន ចិន និងម៉ាឡេស៊ីសុទ្ធសឹងតែមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។ លោកបន្ថែមថា សេចក្តីព្រាងច្បាប់នេះបានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ។
លោកថ្លែងថា៖ «ប៉ុន្តែខ្ញុំឆ្ងល់ដែរថា ហេតុដូចម្តេចបានជាមកដល់ពេលនេះ នៅមិនទាន់ចេញមានច្បាប់ ចេញជារូបរាងទៀត? តើវាមានឧបសគ្គអ្វី? ខ្ញុំគ្រាន់តែចង់ជំរាបអង្គសិក្ខាសាលាឱ្យដឹង ទាល់តែយើងរកមូលដ្ឋានដែលធ្វើឱ្យច្បាប់នេះចេញមិនរួច ពីព្រោះដូចស្តាប់ព្រឹកមិញ ដូចជារឿងដដែល។ អ្វីដែលខ្ញុំបានជជែក ស្តាប់ ឮការតវ៉ាជាង១០ឆ្នាំកន្លងទៅនៅតែជាប្រធានបទដដែលនោះទេ ដូច្នេះចាំបាច់ត្រូវតែភាគីដែលទទួលខុសត្រូវជាពិសេសគណបក្សនយោបាយ រាជរដ្ឋាភិបាល រដ្ឋសភាត្រូវពិនិត្យពិច័យឱ្យឃើញថា ច្បាប់នេះមានអត្ថប្រយោជន៍»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ដែលមានវត្តមានក្នុងសន្និសីទនោះ ក៏ចង់ឱ្យមានការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះឱ្យលឿនផងដែរ។
លោកថ្លែងថា៖ «ខាងគណបក្សប្រជាជននៅតែដាក់ចេញនូវគោលនយោបាយជាអាទិភាពរបស់ខ្លួន ការគោរពសិទ្ធិសេរីភាព លើកកម្ពស់ការគោរពសិទ្ធិសេរីភាពរបស់ប្រជាជន និងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។ អ៊ីចឹងក្នុងស្មារតីនេះ ខ្ញុំសូមគាំទ្រទាំងស្រុងនៃច្បាប់ស្តីពីការទទួលបានព័ត៌មាន និងសូមលើកទឹកចិត្តយ៉ាងណាជំរុញឱ្យច្បាប់នេះឆាប់ចេញឱ្យបានឆាប់រហ័ស ក្រោយពីការពិភាក្សា...តាមពេលវេលាណាមួយសមស្រប»។
កាលពីខែមិថុនា ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មានបានដាក់លិខិតទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពន្លឿនបញ្ចប់ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងដាក់ទៅរដ្ឋសភាដើម្បីអនុម័ត។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះបានបើកឱ្យមានការផ្តល់មតិយោបល់ ឬបញ្ចូលធាតុចូលច្រើនជាងការធ្វើសេចក្តីព្រាងច្បាប់ផ្សេងៗ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកស្រីថា សេចក្តីព្រាងច្បាប់នេះនៅមានចំណុចមួយចំនួនទៀត ដែលជាកង្វល់របស់អង្គការសង្គមស៊ីវិល ដែលក្រសួងព័ត៌មានគួរតែដាក់ធាតុទាំងនោះចូលបន្ថែមទៀតដើម្បីធ្វើឱ្យច្បាប់នេះមានតម្លាភាព និងអត្ថន័យ។
អ្នកស្រីថ្លែងក្នុងសន្និសីទនោះថា៖ «ជារួម បើយើងមើលអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នាពេលបច្ចុប្បន្ននេះ វាមានភាពប្រសើរច្រើន ដោយសារវាមានការពិគ្រោះយោបល់ច្រើន តែទោះជាយ៉ាងណាក្នុងនាមយើងជាអង្គការសង្គមស៊ីវិល ខាងក្រុមការងារយើងបានបង្ហាញព្រឹកមិញនេះ នៅមានកង្វល់មួយចំនួន ហើយយើងសង្ឃឹមថា ខណៈច្បាប់នេះមិនទាន់ចេញនៅឡើយ រដ្ឋាភិបាលក្រុមបច្ចេកទេសនៅក្នុងការតាក់តែងច្បាប់នេះ លោកនឹងយកធាតុចូលទាំងអស់នេះពិចារណា ដោយយកចិត្តទុកដាក់ ហើយច្របាច់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ដែលកំពុងតែដំណើរការនេះ»។
មាត្រា៣នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលវីអូអេទទួលបាន ចែងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានវិសាលភាពអនុវត្តចំពោះព័ត៌មានគ្រប់ប្រភេទ ដែលត្រូវផ្តល់ដោយស្ថាប័នសាធារណៈ ទាំងរដ្ឋបាលថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់។ សេចក្តីព្រាងច្បាប់ឲ្យដឹងថា ព័ត៌មានសម្ងាត់ដែលស្ថាប័នសាធារណៈអាចបដិសេធមិនផ្តល់ឲ្យមានដូចជា ព័ត៌មានបណ្តាលឲ្យអន្តរាយ និងប៉ះពាល់ដល់វិស័យសាធារណៈនិងឯកជន ដូចជាអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិ ដូចជាការនាំចូល ការផលិត ការរក្សាទុក និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទជាដើម។
ព័ត៌មានដែលបណ្តាលឲ្យអន្តរាយដល់ទំនាក់ទំនងជាមួយរដ្ឋបរទេស ឬអន្តរជាតិ ព័ត៌មានធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ។ ព័ត៌មានបណ្តាលឲ្យរាំងស្ទះដល់ដំណើរការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ការអនុវត្តច្បាប់និងការសម្ងាត់របស់តុលាការ ដែលត្រូវយកមកអនុវត្ត។ ព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពឯកជន ព័ត៌មានសម្ងាត់ដែលទាក់ទងទៅនឹងកិច្ចប្រជុំផ្ទៃក្នុង និងដំណើរនៃការតែងតាំងរបស់ស្ថាប័នសាធារណៈ និងព័ត៌មានសម្ងាត់ដទៃទៀត ដែលបទបញ្ញត្តិហាមឃាត់។
សេចក្តីព្រាងច្បាប់នេះក៏មានចែងការដាក់ទោសទណ្ឌលើមន្ត្រីទទួលបន្ទុកសារព័ត៌មាន ឬមន្ត្រីស្ថាប័នសាធារណៈ ដែលអាក់ខាន ឬក៏មិនបានបំពេញតួនាទីភារកិច្ចតាមខ្លឹមសារនៃច្បាប់នេះ៕