ទំនាក់ទំនងរវាងគូប្រជែងចាស់ប្រទេសចិននិងកោះតៃវ៉ាន់រង្គោះរង្គើជាថ្មីម្តងទៀត ដោយសារតែករណីធ្វើបត្យាប័នបរទេសមួយពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ និងការបកស្រាយឡើងវិញរបស់ទីក្រុងប៉េកាំងទៅលើថ្ងៃឈប់សម្រាកនយោបាយតៃវ៉ាន់ ដែលទាំងនេះបានបង្អាក់កិច្ចសន្ទនា និងសហប្រតិបត្តិការផ្សេងៗដែលគេគិតថានឹងអាចកើតមាននាពេលអនាគត។
ចិនធ្វើឲ្យមានការតវ៉ាពីរដ្ឋាភិបាលរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ស្រី Tsai Ing-wen នៅក្នុងខែកុម្ភៈនៅពេលដែលគេរកឃើញថា ប្រទេសអេស្ប៉ាញនឹងបញ្ជូនជនជាតិតៃវ៉ាន់ប្រមាណជា ២០០ នាក់ទៅកាន់ប្រទេសចិនដោយជាប់សង្ស័យថាបានប្រព្រឹត្តិអំពើឆបោកតាមទូរស័ព្ទ។ អាជ្ញាធរអេស្ប៉ាញនិងអាជ្ថាធរចិនបានរកឃើញនៅក្នុងខែធ្នូថា ជនសង្ស័យបានប្រើប្រទេសអេស្ប៉ាញជាមូលដ្ឋានមួយដើម្បីបោកប្រាស់ជនរងគ្រោះដែលជាចិនដីគោក។
ក្នុងករណីដាច់ដោយឡែកមួយផ្សេងទៀត ប្រទេសចិនបានទាមទាររកហេតុផលនៅពីក្រោយថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់កោះតៃវ៉ាន់ដែលប្រារព្ធដើម្បីរំឭកដល់ការចាប់ផ្តើមនៃរយៈពេលនៃប្រវត្តិសាស្រ្តដ៏ជូរចត់កាលពី៧០ឆ្នាំមុន។
ក្រុមអ្នកវិភាគបាននិយាយថា បញ្ហាថ្មីៗដូចជាករណីឆបោក និងការព្រួយបារម្ភលើថ្ងៃឈប់សម្រាកនឹងពន្យារឱកាសដែលមានតិចតួចស្រាប់ក្នុងការធ្វើឲ្យមានទំនាក់ទំនងល្អប្រសើរជាងមុនរវាងរបបកុម្មុយនិស្តចិន និងរដ្ឋាភិបាលកោះតៃវ៉ាន់របស់គណបក្ស Democratic Progressive Party (DPP) ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោកស្រី Tsai។
លោក Lin Chong-pin សាស្រ្តាចារ្យផ្នែកការសិក្សាយុទ្ធសាស្ត្រ ដែលបានចូលនិវត្តន៍មកពីសាកលវិទ្យាល័យ Tamkang ក្នុងប្រទេសតៃវ៉ាន់ថ្លែងថា៖ «វានឹងគ្រាន់តែធ្វើឲ្យសមាជិក និងមេដឹកនាំបក្ស DPP កាន់តែច្រើនទៀតដឹងថា វិធីសាស្រ្តបច្ចុប្បន្នរបស់ពួកគេនឹងមិននាំឱ្យមានឥទ្ធិពលអ្វីនោះទេ»។ វាត្រូវការពេលវេលាច្រើនទៀតដើម្បីឲ្យទៅដល់ចំណុចនោះ»។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនចាប់តាំងពីសង្គ្រាមស៊ីវិលរបស់ប្រទេសចិននៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ បើទោះបីជាប្រទេសទាំងពីរនេះមានការដឹកនាំដោយខ្លួនក៏ដោយ។
បន្ទាប់ពីទំនាក់ទំនងវិជ្ជមានរយៈពេល៨ឆ្នាំមក ភាគីទាំងពីរបានផ្តាច់ទំនាក់ទំនងគ្នាកាលពីខែឧសភានៅពេលដែលលោកស្រី Tsai ចូលកាន់តំណែងជាប្រធានាធិបតី។ លោកស្រីបានជំទាស់នឹងលក្ខខណ្ឌនៃកិច្ចពិភាក្សារបស់ទីក្រុងប៉េកាំងដែលថា ភាគីទាំងពីរចាត់ទុកខ្លួនឯងថាជាចំណែកមួយនៃប្រទេសចិន។ គ្មានភាគីណាមួយលើកឡើងពីលក្ខខណ្ឌថ្មីដែលភាគីម្ខាងទៀតអាចទទួលយកបាននោះទេ។
ប្រទេសចិនបានបន្ធូរបន្ថយសម្ពាធបន្តិចទៅលើកោះតៃវ៉ាន់ក្នុងរយៈពេលខ្លីមួយនៅពាក់កណ្តាលខែកុម្ភៈ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សមភាគីចិនរបស់លោកគឺលោក Xi Jinping ថា លោកនឹងគោរពនយោបាយរបស់ទីក្រុងប៉េកាំងដែលកំណត់ថា កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយថា រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយថាខ្លួនយល់ពីមូលហេតុដែលលោកត្រាំសម្រេចចិត្តបែបនេះ។
នៅក្នុងខែធ្នូ លោក ត្រាំ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់។ ការវិវត្តន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះនាំឲ្យទីក្រុងប៉េកាំងមានការភ័យខ្លាចថា កម្លាំងរបស់កោះតៃវ៉ាន់កាន់តែខ្លាំងក្លាជាងមុនក្នុងទំនាក់ទំនងដែលប្រសើរឡើងជាមួយនឹងសហរដ្ឋអាមេរិក។
ប៉ុន្តែនៅពេលដែលកោះតៃវ៉ាន់បានដឹងថា ប្រទេសអេស្ប៉ាញនឹងបញ្ជូនជនសង្ស័យរឿងឆបោកចំនួន២១៨នាក់ទៅកាន់ប្រទេសចិនដើម្បីកាត់ទោស បើទោះជាពួកគេមានលិខិតឆ្លងដែនតៃវ៉ាន់នោះ កោះតៃវ៉ាន់បានត្អូញត្អែរទៅកាន់ប្រទេសអេស្ប៉ាញ និងរដ្ឋាភិបាលទីក្រុងប៉េកាំង។ ក្រុមប្រឹក្សាកិច្ចការដីគោករបស់រដ្ឋាភិបាលកោះតៃវ៉ាន់បានតវ៉ាចំពោះការសម្រេចចិត្តជា «ឯកតោភាគី» ដោយទីក្រុងប៉េកាំងដោយនិយាយថា ការសម្រេចចិត្តនោះនឹងនាំឲ្យរង្គោះរង្គើការជឿទុកចិត្ត ឬកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។
បណ្តាប្រទេសផ្សេងទៀត ដូចជាប្រទេសកេនយ៉ា និងប្រទេសម៉ាឡេស៊ី បានប្រគល់ក្រុមជនសង្ស័យជនជាតិតៃវ៉ាន់ទៅប្រទេសចិនចាប់តាំងពីខែមេសាឆ្នាំ២០១៦។ លោក Alexander Huang សាស្រ្តាចារ្យផ្នែកការសិក្សាយុទ្ធសាស្រ្តនៅសាកលវិទ្យាល័យ Tamkang ក្នុងប្រទេសតៃវ៉ាន់ និយាយថា ករណីនេះធ្វើឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ខឹងសម្បា ជាពិសេសដោយសារតែករណីនេះបានចាប់ខ្លួនក្រុមជនដែលត្រូវនិរទេសទៅចិនក្នុងចំនួនដ៏ច្រើនមួយ ហើយមានការជាប់ពាក់ព័ន្ធនឹងអឺរ៉ុបជាលើកដំបូង។
ទោះបីជាក្រុមអ្នកវិភាគមួយចំនួនជឿថា ប្រទេសចិន និងតៃវ៉ាន់កំពុងស្វែងរកវិធីចរចាគ្នាឡើងវិញដោយស្ងៀមស្ងាត់ក៏ដោយ អ្នកវិភាគផ្សេងទៀតរំពឹងថា ការខ្វែងគំនិតគ្នាផ្សេងទៀតជាច្រើននឹងកើតមានដូចអ្វីដែលកើតមាននៅក្នុងខែនេះ។
លោក Coen Blaaw នាយកប្រតិបត្តិនៃក្រុមតស៊ូមតិឈ្មោះថា សមាគម Formosan សម្រាប់កិច្ចការសាធារណៈ (Formosan Association for Publick Affairs) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា មានការរំពឹងទុកថានឹងមានការនិយាយ «បញ្ឈឺ» ដោយប្រទេសចិនលើ «ភាពមិនប្រាកដប្រជា» ដែលខ្លួនយល់ឃើញ ចាប់តាំងពីពេលដែលលោក ត្រាំ ចូលកាន់តំណែង។
លោក Blaauw បានថ្លែងថា៖ «ទោះបីជាកោះតៃវ៉ាន់បានបង្ហាញសញ្ញាយ៉ាងច្បាស់ថា ខ្លួនមិនចង់ឬមិនមានគម្រោងធ្វើឲ្យរង្គោះរង្គើទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនក៏ដោយ ប៉ុន្តែប្រទេសចិនមើលទៅហាក់ដូចជាកំពុងធ្វើផ្ទុយស្រឡះពីកោះតៃវ៉ាន់ ហើយចិនកំពុងមានចេតនាធ្វើរឿងនេះដោយមិនញញើតដៃ»៕
ប្រែសម្រួលដោយផនបុប្ផា