ប្រទេសចិននិងវិមានវ៉ាទីកង់បានធ្វើការពិភាក្សា នៅប៉ុន្មានខែចុងក្រោយនេះ។ ក្រុមអ្នកវិភាគនិយាយថា កិច្ចពិភាក្សានេះ អាចនឹងចាប់ផ្តើមចំណងការទូតឡើងវិញ បន្ទាប់ពីផ្តាច់ទំនាក់ទំនងអស់រយៈពេលជាង៦០ឆ្នាំ។ ការណ៍នេះមានន័យថា រដ្ឋរបស់សម្តេចប៉ាប ផ្អាកទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដែលជាគូប្រជែងរបស់ប្រទេសចិន ហើយវាជាការប៉ះទង្គិចដ៏ខ្លាំងចំពោះការទទួលស្គាល់រដ្ឋាភិបាលក្រុងតៃប៉ិនៅលើឆាកអន្តរជាតិ។
កាលពីខែមុន មេដឹកនាំកិច្ចការសាសនារបស់ប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំនៃក្រុមមន្រ្តីរបស់ព្រះវិហារកាតូលិកនៅក្នុងប្រទេសកាន់លទ្ធិកុម្មុយនីស្តដ៏ធំនេះថា លោកសង្ឃឹមថាវិមានវ៉ាទីកង់នឹងព្យាយាមពង្រឹងទំនាក់ទំនងតាមរយៈការសម្របទៅនឹងសង្គមរបស់លោក។ ប្រទេសចិននិងវិមានវ៉ាទីកង់ កំពុងប្រកែកគ្នា ថាតើប្រទេសណាមានអំណាចក្នុងការតែងតាំងបុព្វជិតជាន់ខ្ពស់ នៅក្នុងប្រទេសចិន ដោយបានព្យាយាមបន្ថែមឥទ្ធិលពលលើគ្នាទៅវិញទៅមក។
ការទទួលស្គាល់របស់វិមានវ៉ាទីកង់លើកោះតៃវ៉ាន់ បានជួយឲ្យរដ្ឋាភិបាលតៃវ៉ាន់ក្នុងទ្វីបអាស៊ីមួយនេះ បង្ហាញទៅប្រទេសដទៃទៀតថា ប្រទេសខ្លួនបានឲ្យតម្លៃទៅលើសេរីភាពសាសនា ខុសពីកិត្តិសព្ទនៃប្រទេសចិននិងបង្ហាញថា ប្រទេសខ្លួនមានប្រទេសដ៏មានឥទ្ធិពលនៅអឺរ៉ុបជាសម្ព័ន្ធមិត្ត ដែលប្រទេសចិនមិនអាចមាន។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ជាជាងក្នុងនាមរដ្ឋមួយដែលមានសិទ្ធិទំនាក់ទំនងកិច្ចការបរទេស។
លោក Wu Chung-li អ្នកស្រាវជ្រាវវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Academia Sinica នៅក្នុងទីក្រុងតៃប៉ិបានថ្លែងថា៖«ដើម្បីក្លាយជាប្រទេសតូចមួយ យើងនៅតែត្រូវការការកសាងទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសមួយចំនួន ហើយវាជាភ័ស្តុតាងបង្ហាញថា កោះតៃវ៉ាន់គឺជារដ្ឋអធិបតេយ្យមួយ ដូច្នេះខ្ញុំអាចនិយាយបានថា វិមានវ៉ាទីកង់ជាប្រទេសតូចមួយ ប៉ុន្តែវាមានអត្ថន័យនយោបាយជ្រាលជ្រៅនិងនិមិត្តសញ្ញាសម្រាប់កោះតៃវ៉ាន់»។
ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយវិមានវ៉ាទីកង់នៅឆ្នាំ១៩៥១ ពីរឆ្នាំបន្ទាប់ពីបក្សកុម្មុយនីស្តបានយកឈ្នះសង្គ្រាមស៊ីវិលនៅប្រទេសចិន ហើយបានរុញច្រានក្រុមជាតិនិយមទៅកោះតៃវ៉ាន់ ជាទីដែលពួកគេបង្កើតរដ្ឋាភិបាលរបស់ពួកគេឡើងវិញ។
ចាប់តាំងពីពេលនោះមក ប្រទេសចិនបានបិទព្រះវិហារនិងចាប់ឃុំបុព្វជិតសាសនាអស់ជាច្រើន នេះបើយោងតាមព័ត៌មានរាយការណ៍ពីទីក្រុងប៉េកាំង។ គ្រិស្តបរិស័ទអាចប្រណិប័តន៍សាសនាបានដោយស្របច្បាប់ក្នុងព្រះវិហារដែលអនុញ្ញាតដោយរដ្ឋចិនតែប៉ុណ្ណោះ ដែលព្រះវិហារទាំងនោះមិនមានការត្រួតពិនិត្យពីវិមានវ៉ាទីកង់ឡើយ។
សម្តេចប៉ាប ហ្រ្វង់ស៊ីស ត្រូវបានបរិយាយនៅក្នុងកោះតៃវ៉ាន់ថា ព្រះអង្គមានបំណងយ៉ាងច្បាស់ចង់បង្កើតទំនាក់ទំនងជាមួយប្រទេសចិន ដែលទីភ្នាក់ងារព័ត៌មានកាតូលិករៀបរាប់កាលពីខែតុលាថា ជា«កិច្ចខិតខំប្រឹងប្រែងដ៏ធំមួយរបស់ទ្រង់ក្នុងឋានៈជាសម្តេចសង្ឃ» បើទោះបីជាការណ៍នេះត្រូវបានប្រឈមដោយសំណួរអំពីការទទួលស្គាល់ចំពោះកោះតៃវ៉ាន់ក៏ដោយ។
អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក Chen Chien-jen បាននិយាយនៅក្នុងសន្និសីទព័ត៌មាននៅក្នុងក្រុងតៃប៉ិ កាលពីពេលថ្មីៗនេះថា ការពិភាក្សាអំពីទំនាក់ទំនង ចិន-វិមានវ៉ាទីកង់ កាលពីឆ្នាំមុន ផ្តោតសំខាន់ទៅលើការតែងតាំងបុព្វជិតជាន់ខ្ពស់នៃសាសនាគ្រិស្តនិកាយកាតូលិក ប្រចាំប្រទេសចិន។ លោកនិយាយថា ទំនាក់ទំនងជាមួយកោះតៃវ៉ាន់មានសភាព «ធម្មតា» ហើយថា វាជារឿងធម្មតាដែលជនជាតិចិនកាន់សាសនាគ្រិស្តនិកាយកាតូលិក ព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយវិមានវ៉ាទីកង់។
លោក Chen និយាយថា៖«ខ្ញុំគិតថា ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ កំពុងបន្តអភិវឌ្ឍតាមមាគ៌ាដ៏មានស្ថិរភាពមួយ។ ចំពោះការពិភាក្សាអំពីទំនាក់ទំនងចិន-វិមានវ៉ាទីកង់ ពួកយើងគិតថា ចំពោះជនជាតិចិនកាន់សាសនាគ្រិស្តនិកាយកាតូលិកចាត់ទុកការណ៍នេះជាការសំខាន់ ពីព្រោះរាល់អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក តែងតែចង់បានការប្រទានពរពីវិមានវ៉ាទីកង់។
កិច្ចព្រមព្រៀង ចិន-វ៉ាទីកង់ ដែលអាចគួរនឹងកើតមានឡើងកាលពីខែមុន ត្រូវបានផ្អាកទៅវិញ នៅពេលដែលបុព្វជិតជាន់ខ្ពស់ម្នាក់ដែលធ្លាប់ត្រូវបានគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងនិងត្រូវបានវិមានវ៉ាទីកង់កាត់ផ្តាច់ទំនាក់ទំនងនោះ បានចូលរួមក្នុងពិធីតែងតាំងបុព្វជិតជាន់ខ្ពស់ថ្មី។ ប្រទេសចិននិងតុលាការសាសនា Holy See បានធ្វើការទាក់ទងឆ្លងឆ្លើយគ្នាអំពីប្រធានបទដដែលនេះ កាលពីឆ្នាំមុនម្តងហើយ។
លោក Fabrizio Bozzato អ្នកស្រាវជ្រាវផ្នែកកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ Tamkang ក្នុងកោះតៃវ៉ាន់ និយាយថា ទំនាក់ទំនងរវាងកោះតៃវ៉ាន់ជាមួយវិមានវ៉ាទីកង់ បានផ្តល់ឲ្យរដ្ឋាភិបាលកោះនេះនូវការបង្ហាញមុខជាលក្ខណៈអន្តរជាតិដ៏មានតម្លៃមួយ នៅពេលដែលប្រធានាធិបតីកោះនេះបានចូលរួមពិធីបុណ្យសពនៃអតីតសម្តេចសង្ឃកាតូលិកមុនៗ។ ការទទួលស្គាល់របស់វិមានវ៉ាទីកង់លើកោះតៃវ៉ា់ន់ ក៏រួមមាន «ប្រទានសិទ្ធិក្នុងការបោះពុម្ភសៀវភៅសាសនាអនុញ្ញាតដោយព្រះវិហាររ៉ូម៉ាំងកាតូលិក» នៅក្នុងកោះនេះផងដែរ។
លោក Wu និយាយថា សម្ព័ន្ធភាពជាមួយវិមានវ៉ាទីកង់ ក៏បានជួយកោះតៃវ៉ាន់ឲ្យទទួលបានការទទួលស្គាល់ពីប្រទេសចំនួន៦ទៀតនៅអាមេរិកឡាទីន ដែលកាន់សាសនាគ្រិស្តនិកាយកាតូលិកដ៏លើសលប់ផងដែរ។ លោកបន្ថែមថា បើមិនដូច្នោះទេ រដ្ឋាភិបាលនៃប្រទេសទាំងនោះ ប្រាកដជានឹងចងសម្ព័ន្ធជាមួយចិនវិញ។ ប្រទេសចិនមិនអនុញ្ញាតឲ្យសម្ព័ន្ធមិត្តជាង១៧០ប្រទេសរបស់ខ្លួន ឲ្យទទួលកោះតៃវ៉ាន់ឡើយ។
កាលពីខែមុន កោះតៃវ៉ាន់បានបាត់បង់សម្ព័ន្ធភាពជាមួយប្រទេសក្នុងទ្វីបអាហ្រ្វិក គឺប្រជុំកោះសៅតូម៉េ និងប្រាំង ស៊ីប (São Tomé and Principe) ដោយប្រទេសនេះបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសចិនវិញ។
លោក Bozzato និយាយថា ប្រទេសចិននឹងមិនប្រញាប់ប្រញាល់ភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយវិមានវ៉ាទីកង់ ដែលមានទំហំ៤៤ហិកតា ជាសង្កាត់មួយនៅក្នុងទីក្រុងរ៉ូមឡើយ ប៉ុន្តែប្រសិនបើទំនាក់ទំនងរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen នៃក្រុងតៃប៉ិខ្សោយជាមួយវិមានវ៉ាទីកង់ ការណ៍នេះអាចនឹងបែរទៅបង្កើនល្បឿននៃទំនាក់ទំនងជាមួយប្រទេសចិនវិញ។
លោកស្រីប្រធានាធិបតី Tsai បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនសប្បាយចិត្ត ចាប់តាំងពីលោកស្រី បានចូលកាន់តំណែងកាលពីខែឧសភាឆ្នាំមុន ដោយបន្ថយរូបភាពរបស់កោះតៃវ៉ាន់ថាជាផ្នែកមួយនៃ«ចិនតែមួយ» ដែលជាបុរេលក្ខខណ្ឌមុនការពិភាក្សាណាមួយ។ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញការខឹងសម្បាយ៉ាងច្បាស់ នៅពេលដែលលោកស្រី Tsai បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump កាលពីថ្ងៃទី២ ខែធ្នូ ដើម្បីបង្កើនទំនាក់ទំនងជិតស្និទរវាងតៃវ៉ាន់-អាមេរិក នៅក្នុងអាណត្តិរបស់លោក Trump។
លោក Alex Chiang សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Chengchi នៅក្នុងក្រុងតៃប៉ិ បាននិយាយថា វិមានវ៉ាទីកង់បង្វែរទំនាក់ទំនងទៅរកប្រទសចិន អាចបង្ហាញពីបរាជ័យរបស់លោកស្រីប្រធានាធិបតី Tsai ក្នុងការរក្សាទំនាក់ទំនងការទូត។ វាអាចជាសញ្ញាបង្ហាញថា លោកស្រីប្រធានាធិបតី Tsai គួរតែរកវិធីណាមួយដើម្បីបើកចំហរការចរចាជាមួយប្រទេសចិន។
លោក Chiang និយាយថា៖ «វាជាការឈឺចាប់ ពីព្រោះយើងបានព្យាយាមរក្សាទំនាក់ទំនងជាមួយវិមានវ៉ាទីកង់អស់រយៈពេលជាច្រើនឆ្នាំ»។ លោករៀបរាប់អំពីករណីដែលវិមានវ៉ាទីកង់អាចនឹងផ្តាច់ទំនាក់ទំនង។ ប៉ុន្តែលោកបានក្រើនរំឭកថា៖ «សម្តេចប៉ាប គឺពិតជាមានចំណាប់អារម្មណ៍ក្នុងការបង្កើតទំនាក់ទំនងជាមួយប្រទេសចិន ដោយសារតែមូលហេតុមានអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកនៅក្នុងប្រទេសចិនច្រើន»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា