ការផ្ដាច់ទំនាក់ទំនងភ្លាមៗរវាងកោះតៃវ៉ាន់ និងប្រទេសសៅតូម៉េ និងប្រាំងស៊ីប ដែលជាប្រទេសដីកោះដ៏តូចមួយនៅក្នុងទ្វីបអាហ្រ្វិក និងដែលជាសម្ព័ន្ធមិត្តមួយរបស់តៃវ៉ាន់ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការខឹងសម្បារបស់រដ្ឋាភិបាលចិនចំពោះរដ្ឋាភិបាលតៃវ៉ាន់។
ប្រទេសសៅតូម៉េ និងប្រាំងស៊ីប ដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់តាំងពីឆ្នាំ ១៩៩៧ មក បានផ្ដាច់ទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់នៅថ្ងៃពុធនេះ ហើយតៃវ៉ាន់ក៏បានធ្វើតាមដោយការកាត់ផ្ដាច់សកម្មភាពរបស់ស្ថានទូតសៅតូម៉េ និងប្រាំងស៊ីប នៅក្នុងទីក្រុងតៃប៉ិ។
ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការប្រទេសចិនដីគោករបស់រដ្ឋាភិបាលតៃវ៉ាន់ បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានប្រើប្រាស់លុយដើម្បីជំរុញឲ្យប្រទេសសៅតូម៉េ និងប្រាំងស៊ីប ផ្ដាច់ចំណងទាក់ទងជាមួយនឹងតៃវ៉ាន់។
ការផ្ដាច់ចំណងទាក់ទងនេះ គឺធ្វើឡើង បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing Wen និងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២ ខែធ្នូ កន្លងទៅនេះ ហើយពេលនោះលោក Trump ថា មិនមានការចាំបាច់ណាមួយ ដែលត្រូវរក្សានូវកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកទទួលស្គាល់ចិនតែមួយនោះទេ។
កោះតៃវ៉ាន់មានសម្ព័ន្ធមិត្តការទូតជាមួយជាតិដទៃចំនួន ២១ ចំណែកឯប្រទេសចិនវិញមានទំនាក់ទំនងការទូតជាមួយប្រទេសជាង ១៧០ នៅលើពិភពលោក។ ភាគច្រើននៃសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ គឺជាប្រទេសក្រីក្រនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកកណ្ដាល និងតំបន់ Caribean និងអាស៊ីប៉ាស៊ីហ្វិក។ សម្ព័ន្ធមិត្តតៃវ៉ាន់ទាំងនេះ ភាគច្រើនមានទំនាក់ទំនងជាមួយតៃវ៉ាន់ដោយសារចង់បានជំនួយអភិវឌ្ឍន៍៕