សំណើច្បាប់សន្តិសុខសាកលគឺជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់អាជ្ញាធរបារាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយនេះ។ សំណើច្បាប់នេះបានធ្វើឱ្យមានការតវ៉ានៅតាមផ្លូវ និងមានការរិះគន់យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសិទ្ធិមនុស្ស ដែលបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron ពីការជំរុញឱ្យមានវិធានការរឹតត្បិតសេរីភាពដែលស្រដៀងទៅនឹងប្រទេសដែលនៅមានប្រព័ន្ធប្រជាធិបតេយ្យទន់ខ្សោយ។
សំណើច្បាប់នេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់ដ្រូន និងម៉ាស៊ីនថតបំពាក់នៅលើកងកម្លាំងសន្តិសុខ។ សំណើច្បាប់នេះក៏បានបង្កើតវិធានថ្មីសម្រាប់ក្រុមហ៊ុនសន្តិសុខឯកជន និងសិទ្ធិពិសេសថ្មីសម្រាប់ប៉ូលិសមូលដ្ឋាន។ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សមួយចំនួនមានក្តីបារម្ភអំពីខ្លឹមសារមួយចំនួននៃច្បាប់នេះ។
លោក Nicolas Krameyer ជានាយកកម្មវិធីនៅក្នុងប្រទេសបារាំងរបស់អង្គការ Amnesty International។
លោកបាននិយាយថា វាជាក្តីបារម្ភថា ខ្លឹមសារច្បាប់នេះនឹងធ្វើឱ្យមានការឃ្លាំមើលខ្លាំងលើប្រជាជន ដោយការបំពាក់ម៉ាស៊ីនថតនៅលើប៉ូលិស និងការប្រើប្រាស់ដ្រូនដើម្បីតាមដានជនស៊ីវិលក្នុងពេលតវ៉ា។
អង្គការក្រៅរដ្ឋាភិបាលរួមទាំងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការតស៊ូមតិសម្រាប់សេរីភាពសារព័ត៌មាន បានបង្ហាញក្តីបារម្ភចំពោះច្បាប់នេះ ជាពិសេសគឺមាត្រា២៤ ដែលកំណត់ថា ជាបទល្មើសព្រហ្មទណ្ឌសម្រាប់បុគ្គលណាដែលចែកចាយរូបភាព ដែលអាច «ប៉ះពាល់ដល់បូរណភាពរាងកាយ ឬផ្លូវចិត្ត» របស់មន្ត្រីប៉ូលិស នេះបើយោងទៅតាមអត្ថបទច្បាប់នេះ។ បុគ្គលដែលត្រូវបានរកឃើញថា មានទោសអាចនឹងជាប់ពន្ធនាគារ ១ឆ្នាំ ឬរងការពិន័យរហូតដល់៥៣.០០០ដុល្លារ។
នៅក្នុងការរិះគន់ដ៏កម្រមួយ គណៈកម្មការអឺរ៉ុបបានប្រកាសនៅដើមសប្តាហ៍មុនថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវតែអាចធ្វើការបានដោយសេរី។
លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានលើកឡើងពីក្តីបារម្ភទាំងនេះនៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកតំណាងរាស្ត្របារាំងកាលពីខែវិច្ឆិកា។
លោក Castex បានថ្លែងថា រដ្ឋាភិបាលមិនដែលចង់រឹតត្បិតសេរីភាពសារព័ត៌មាន ឬសេរីភាពនៃការបញ្ចេញមតិនោះទេ។ យោងតាមលោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ មិនមានបុគ្គលណាម្នាក់ត្រូវបានរារាំងមិនឱ្យថត និងចែកចាយវីដេអូពាក់ព័ន្ធនឹងប៉ូលិសនោះទេ។ លោក Castex បាននិយាយថា មាត្រា២៤មានបំណងការពារកងកម្លាំងសន្តិសុខ។
អ្នកធ្វើការនៅក្នុងវិស័យសារព័ត៌មានបារាំងនៅតែមានការព្រួយបារម្ភ ហើយពួកគេជាច្រើនជឿថា សំណើច្បាប់នេះអាចនឹងរារាំងពួកគេមិនឱ្យរាយការណ៍ពីករណីរំលោភបំពានរបស់ប៉ូលិស។
លោក Krameyer និយាយថា អ្នកកាសែតមានការលំបាកក្នុងការរាយការណ៍ពីបាតុកម្មតវ៉ានានាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
លោកនិយាយថា ជាមួយនឹងច្បាប់នេះ ផ្ទុយនឹងអ្វីដែលរដ្ឋាភិបាលបានលើកឡើង អ្នកកាសែត ឬប្រជាជនណាម្នាក់អាចនឹងមានបញ្ហា ប្រសិនបើពួកគេរាយការណ៍ ថត ឬចែកចាយវីដេអូពាក់ព័ន្ធនឹងប៉ូលិស។ លោក Krameyer និយាយថា លោកព្រួយបារម្ភថា ច្បាប់នេះនឹងបើកផ្លូវឱ្យមាននីតិវិធីតាមទំនើងចិត្តរបស់កងកម្លាំងសន្តិសុខ។
ព្រឹទ្ធសភាបារាំងនឹងបោះឆ្នោតលើសំណើច្បាប់សន្តិសុខសាកលនេះនៅខែមករាខាងមុខ។ លោក Castex បានសន្យាថា លោកនឹងស្នើសុំឱ្យតុលាការជាន់ខ្ពស់បារាំងពិនិត្យមើល ហើយអាចនឹងប្រឆាំងនឹងច្បាប់នេះ៕