ក្នុងបទសម្ភាសទូលំទូលាយមួយកាលពីថ្ងៃទី៦ ខែមករា ជាមួយអ្នកយកព័ត៌មាននិយាយភាសាអង់គ្លសដែលផ្តោតទៅលើបញ្ហាដូចជាក្រុមឥស្លាមជ្រុលនិយម សហភាពអឺរ៉ុប និងមជ្ឈិមប្រទេស និងមេដឹកនាំនិយមស្តាំលោកស្រី Mrine Le Pen និយាយថា អ្វីដែលល្អបំផុតសម្រាប់ប្រទេសបារាំង និងប្រជាជនបារាំងនឹងកំណត់គោលយោបាយរបស់លោកស្រី ប្រសិនបើលោកស្រីត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី។ គោលនយោបាយទាំងនោះរួមមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយប្រទេសអាហ្វ្រិកដែលនិយាយភាសាបារាំង។
លោកស្រី Le Pen និយាយថា លោកស្រីចង់វិនិយោគដើម្បីការអភិវឌ្ឍក្នុងទ្វីបអាហ្វ្រិកមិនមែនគ្រាន់តែដោយសារហេតុផលមនុស្សធម៌នោះទេ ប៉ុន្តែដើម្បីទប់ស្កាត់ការហូរចូលជនចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលចំនួនប្រជាជននៅលើពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងចំនួនពីរដងនៅឆ្នាំ២០៥០។
មេដឹកនាំគណបក្សរណសិរ្សជាតិ (National Front Party) ដែលមានអាយុ ៤៨ឆ្នាំ រូបនេះ គឺកំពុងទទួលបានសម្លេងឆ្នោតយ៉ាងច្រើន មុនពេលការប្រកួតជុំដំបូងនៃការបោះឆ្នោតប្រធានាធិបតីនៅខែមេសា។ នយោបាយប្រជានិយមរបស់លោកស្រី ដែលប្រឆាំងសហភាពអឺរ៉ុប សារនយោបាយប្រឆាំងជនអន្តោប្រវេសន៍ ចាប់ផ្តើមឮសុះសាយស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសបារាំងកំពុងប្រឈមឧបសគ្គ និងពេលប្រទេសបារាំងមានការភ័យខ្លាចចំពោះភេរវកម្ម។ ប៉ុន្តែប្រជាពលរដ្ឋជាច្រើននៅតែមានមន្ទិលសង្ស័យចំពោះភាពស្តាំនិយមនេះ។ ដូច្នេះ លោកស្រី Le Pen ត្រូវបានរំពឹងថា នឹងឈ្នះការប្រកួតជុំដំបូង ប៉ុន្តែនឹងចាញ់ការប្រកួតទីបញ្ចប់នៅក្នុងខែឧសភាខាងមុខនេះ។
លោកស្រីស្ថិតក្នុងចំណោមអ្នកនយោបាយបារាំងដំបូងបង្អស់ដែលអបអរសាទរប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចំពោះជោគជ័យ របស់លោកកាលពីខែវិច្ឆិកា។ លោកស្រីក៏បានការពារការបញ្ជូលឧបទ្វីប Crimea ជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ីផងដែរ។
លោកស្រី Le Pen បាននិយាយថា លោកស្រីនឹងរីករាយចំពោះការធ្វើឲ្យទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងប្រទេស រុស្ស៊ីឲ្យប្រសើរឡើងនៅក្រោមការដឹកនាំរបស់លោក Donald Trump ពីព្រោះទំនាក់ទំនងនេះផ្តល់ផលល្អចំពោះសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្រ្តប្រទេសបារាំង។ ដូចជា លោក Trump ដែរ លោកស្រីបានសម្តែងការសង្ស័យថាតើប្រទេសរុស្ស៊ីពិតជារួមចំណែក នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកមែនដែរឬទេ។
លោកស្រីបាននិយាយថា វាងាយស្រួលក្នុងការស្តីបន្ទោសលើទីក្រុងមូស្គូ នៅពេលដែលមានបញ្ហា។ ជាជាងថាឥឡូវនេះ គឺជាពេលវេលាដែលប្រទេសជាតិនានារួបរួមឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរួមរបស់ក្រុមឥស្លាមជ្រុលនិយម៕
ប្រែសម្រួលដោយ ផន បុប្ផា