មាគ៌ាមិនទំនងជាទទួលបានជោគជ័យរបស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន បានចាប់ផ្តើមពីច្រកចូលនៃសណ្ឋាគាររបស់លោកក្នុងទីក្រុងញូវយ៉ក កាលពីខែមិថុនា ដោយលោកបានប្រកាសថា លោកមានចំណាប់អារម្មណ៍ធ្វើជាប្រធានាធិបតី។ លោក ដូណាល់ ត្រាំ បាននិយាយថា «ខ្ញុំឈរឈ្មោះជាផ្លូវការជាប្រធានាធិបតីអាមេរិក ហើយយើងនឹងធ្វើឲ្យប្រទេសរបស់យើងអស្ចារ្យជាថ្មីម្តងទៀត»។
អ្នកជំនួញដែលមិនធ្លាប់កាន់តំណែងក្នុងជួររដ្ឋាភិបាលរូបនេះ នឹងមានឱកាសកាន់តំណែងក្នុងជួររដ្ឋាភិបាល នៅពេលដែលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់អាមេរិក។
មានកំណើតក្នុងសង្កាត់ Queens ទីក្រុងញូវយ៉ក លោក ត្រាំ កើតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិមួយ ដែលមានឪពុកជាអ្នករកស៊ីខាងអចលនទ្រព្យ គឺលោក Fred ដែលជាអ្នកមានឥទ្ធិពលសំខាន់ម្នាក់កាលពីដើមឡើយ។
លោក Bart Rossi អ្នកចិត្តវិទ្យាខាងនយោបាយបាននិយាយថា «ឪពុករបស់លោក ត្រាំ ផ្តាច់ការខ្លាំងណាស់ មានការទាមទារខ្ពស់ និងជាមេដឹកនាំ។ ប្រាកដណាស់ លោក ត្រាំ មានលក្ខណៈ និងអត្តចរិតកាត់តាមឪពុករបស់លោក»។
លោក ត្រាំ ទទួលបានជោគជ័យនៅក្នុងជំនួញខាងអចលនទ្រព្យដែលប្រថុយប្រថានខ្ពស់នៅក្នុងសង្កាត់ Manhattan។
ការងាររបស់លោករួមមាន ភាពជោគជ័យដែលល្បីល្បាញខ្លាំង សាងសង់អគារ ត្រាំ បង្ហាញពីទេពកោសល្យបង្កើតម៉ាកផ្ទាល់ខ្លួន និងការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយដែលក្រោយមកជួយដល់យុទ្ធនាការបោះឆ្នោតរបស់លោក។ លោក Edward Mermelstein មេធាវីនៃក្រុមហ៊ុន RHEEM, BELL & MERMELSTEIN បានមានប្រសាសន៍ថា «ការធ្វើជំនួញនៅក្នុងទីក្រុងញូវយ៉កតម្រូវឲ្យមានមនុស្សម្នាក់ដែលខ្លាំង និងមានការលើកទឹកចិត្តខ្ពស់ ហើយលោកគឺមានលក្ខណៈជាអ្នកជំនួញនៅទីក្រុងញូវយ៉ក»។
បរាជ័យគួរឲ្យកត់សម្គាល់មួយចំនួនរបស់លោក ត្រាំ មានដូចជា កាស៊ីណូដែលក្ស័យធន អចលនទ្រព្យមួយក្ស័យធនដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់លោកយ៉ាងខ្លាំង និងការចោទប្រកាន់សាកលវិទ្យាល័យ ត្រាំ របស់លោក ពីបទបោកប្រាស់ជាដើម។
លោក ត្រាំ បានរៀបអាពាហ៍ពិពាហ៍បីដង លែងលះជាសាធារណៈពីរដង និងកូនប្រុសស្រី៥នាក់ ជាអ្នកដើរតួសំខាន់នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក។ ជីវិតឯកជនរបស់លោក ត្រាំ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដូចជាការធ្វើជំនួញរបស់លោកដែរ។
ប៉ុន្តែកម្មវិធី «The Donald» ទទួលបានការពេញនិយមឡើងវិញកាលពីអំឡុងឆ្នាំ២០០០ ជាមួយនឹងការបង្ហាញពីជីវិតពិតតាមកញ្ចក់ទូរទស្សន៍ និងការលើកឡើងពីនយោបាយជាតិ ដែលអះអាងថា លោកប្រធានាធិបតី អូបាម៉ា មិនបានកើតនៅក្នុងសហរដ្ឋអាមេរិកទេ។ ប៉ុន្តែក្រោយមក លោក ត្រាំ បានបដិសេធថាមិនបានពាក់ព័ន្ធនឹងការលើកឡើងនេះទេ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីរបស់លោក។
លោក ដូណាល់ ត្រាំ បាននិយាយថា «លោកស្រី Hillary Clinton និងយុទ្ធនាការកាលពីឆ្នាំ២០០៨របស់លោកស្រីបានបង្កើតបញ្ហាចម្រូងចម្រាសទៅលើទីកន្លែងកំណើតនេះឡើង។ ហើយខ្ញុំជាអ្នកត្រូវបញ្ចប់វា»។
លោក ត្រាំ បានយកឈ្នះលើគូប្រជែងខាងគណបក្សសាធារណរដ្ឋចំនួន១៦នាក់ ដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី តាមរយៈសារមួយដែលលើកឡើងពីកង្វល់របស់អ្នកបោះឆ្នោត។
លោក MICHAEL KRANISH សហអ្នកនិពន្ធនៃសៀវភៅ Trump Revealed បាននិយាយថា «លោកបានលើកឡើងពីកង្វល់ដ៏ធំនេះ ដែលបានកើតមានអស់ពេលមួយរយៈមកហើយ»។
ប៉ុន្តែលោកក៏បានសាកល្បងចង់ដឹងមតិសាធារណជនដោយបានធ្វើអត្ថាធិប្បាយអំពីជនជាតិម៉ិចស៊ិកផងដែរ។
លោក ត្រាំ បានមានប្រសាសន៍ថា «ពួកម៉ិចស៊ិកនាំយកថ្នាំញៀនមកជាមួយ។ ពួកគេនាំយកឧក្រិដ្ឋកម្មមកជាមួយ។ ពួកគេគឺជាអ្នករំលោភសេពសន្ថវៈ»។
ចំពោះ អ្នកកាន់សាសនាឥស្លាម លោក ត្រាំ បាននិយាយថា «ផែនការអន្តោប្រវេសន៍ដ៏អន្តរាយរបស់លោកស្រី Hillary Clinton នឹងនាំជនអន្តោប្រវេសន៍ឥស្លាមជ្រុលនិយមជាច្រើននាក់ទៀតមកក្នុងប្រទេសនេះ ដែលមិនត្រឹមតែគំរាមដល់សង្គមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមដល់ជីវិតរស់នៅរបស់យើងទាំងមូលទៀតផង»។
ចាប់តាំងពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតមក លោក ត្រាំ រាងបន្ទន់អត្ថាធិប្បាយរបស់លោក ប៉ុន្តែការវាស់ស្ទង់ពីឥទ្ធិពលនៃពាក្យសម្តីរបស់លោកទៅលើសង្គមអាមេរិក និងជំហររបស់អាមេរិកនៅក្នុងពិភពលោក នឹងត្រូវរង់ចាំរហូតដល់លោកចាត់វិធានការបន្ទាប់ពីស្បថចូលកាន់តំណែងរួចហើយ៕
ប្រែសម្រួលដោយ ហុង ចិន្តា