ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump វាយប្រហារ​លើ​លោក John Lewis ដែល​ជា​អ្នក​តស៊ូ​មតិ​លើ​សិទ្ធិ​ស៊ីវិល​ និង​ជា​តំណាងរាស្រ្ត​ផង​ដែរ


លោក John Lewis ផ្តល់​សក្ខីកម្ម​នៅ​វិមានCapitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
លោក John Lewis ផ្តល់​សក្ខីកម្ម​នៅ​វិមានCapitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​ស.រ.អា.​ផ្តល់​កិត្តិយស​ជូន​លោក Martin Luther King, Jr. ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump បាន​​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​លើ​លោក John Lewis សមាជិក​សភា​ស.រ.អា.​ នៅ​ក្រោយ​ពេល​អ្នក​តស៊ូ​សិទ្ធិ​ស៊ីវិល​រូប​នេះ​បាន​និយាយ​ថា ​លោក​មិន​ចាត់​ទុក​លោក Trump ជា​ «ប្រធានាធិបតី​​ត្រឹមត្រូវ​តាម​ច្បាប់» ទេ​ដោយ​សារ​លោក Lewis មាន​ជំនឿ​ថា​វា​ជា​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​ជួយ​លោក​ Trump ឱ្យ​ឈ្នះ​ឆ្នោត។​

នៅ​ក្នុង​ការ​បង្ហោះ​សារ​បណ្តាញ​សង្គម​ Twitter ពីរ​ ឬ​បី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ លោក​ Trump បាន​និយា​យ​ថា​ ជា​ជាង​រិះគន់​លោក លោក Lewis គួរ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បម្រើ​ប្រជារាស្ត្រ​ក្នុង​មណ្ឌល​របស់​លោក។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​កម្មវិធី Meet the Press នៃ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC ដែល​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ លោក​ Lewis បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​មាន​ជំនឿ​ក្នុង​ការ​ខិតខំ​ព្យាយាម​ធ្វើការ​ជាមួយ​ប្រជារាស្ត្រ។ ​នេះ​ជា​កិច្ចការ​ពិបាក។​ នេះ​ជា​កិច្ចការ​ដែល​ពិបាក​ខ្លាំង​ណាស់។​ ខ្ញុំ​មិន​យល់​ថា​ ប្រធានាធិបតី​ជាប់​ឆ្នោត​នេះ​ជា​ប្រធានាធិបតី​ត្រឹមត្រូវ​តាម​ច្បាប់​ទេ»។

លោក Lewis បាន​មានប្រសាសន៍​បន្ថែម​ថា «ខ្ញុំ​យល់​ថា​ពួក​រុស្ស៊ី​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​ឱ្យ​បុរស​នេះ​ជាប់​ឆ្នោត»។

លោកស្រី​ Linda Jones អ្នកនាំ​ពាក្យ​របស់​លោក Lewis មិន​បាន​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​របស់លោក Trump ទេក៏​ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា «យើង​ជា​ប្រទេស​ជាតិ​មួយ​ ត្រូវ​ការ​ដឹង​ថា​តើ​រដ្ឋាភិបាល​បរទេស​មួយ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​របស់​យើង​ឬ​ទេ»។

សារ​ក្នុង​បណ្តាញ​ Tweeter របស់​លោក Trump បាន​បណ្តាល​ឱ្យ​មាន​ការ​ឆ្លើយតប​ខ្លាំង​ពី​ពួក​ប្រជាធិបតេយ្យ​ច្រើន​នាក់ ដោយ​មាន​រួម​បញ្ចូល​ទាំង​លោកស្រី​ Nancy Pelosi ផង​ដែរ។​ មេដឹកនាំ​ក្រុម​ភាគតិច​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​រូប​នេះ​បាន​បង្ហោះ​សារ​ក្នុង Tweeter កាលពី​ថ្ងៃ​សៅរ៍​ថា​ ការ​ប៉ុនប៉ង​កាលពី​ពេល​មុនៗ​ក្នុង​ការ​ធ្វើ​ឱ្យ​លោក Lewis មាន​ការ​រាថយ​នោះ មិន​បាន​សម្រេច​ជោគជ័យ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា.​បាន​សន្និដ្ឋាន​ថា​ប្រទេស​រុស្ស៊ី​បាន​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ដោយ​ជួយ​ធ្វើ​ឱ្យ​លោក Trump ជាប់​ឆ្នោត៕

XS
SM
MD
LG