ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មហាអំណាច​និយាយថា ដំណោះ​ស្រាយ​រដ្ឋពីរ​ជា​ជម្រើស​តែ​មួយគត់​ដើម្បី​សន្តិភាព​មជ្ឈឹមបូព៌ា


មន្រ្តី​ការបរទេស​បារាំងលោក​ Jean-Marc Ayrault ថ្លែង​ទៅកាន់​គណប្រតិភូ​នៅសន្និសីទ​កាសែត​សន្តិភាព​មជ្ឈឹម​បូព៌ានៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃអាទិត្យ​​ ទី ១៥ មករា ២០១៧។
មន្រ្តី​ការបរទេស​បារាំងលោក​ Jean-Marc Ayrault ថ្លែង​ទៅកាន់​គណប្រតិភូ​នៅសន្និសីទ​កាសែត​សន្តិភាព​មជ្ឈឹម​បូព៌ានៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃអាទិត្យ​​ ទី ១៥ មករា ២០១៧។

ដោយមាន​ការ​ព្រួយ​បារម្ភ​ថា​ប្រធានាធិបតីជាប់ឆ្នោត​ស.រ.អា. Donald Trump ប្រហែលជា​នឹង​កែប្រែ​គោលនយោបាយភូមិភាគមជ្ឈឹម​បូព៌ា ពួក​អ្នកតំណាង​ប្រទេស​និង​អង្គការអន្តរជាតិ​ជាង ​៧០ កាលពី​ថ្ងៃ​អាទិត្យ​ បានបញ្ជាក់ថា​ដំណោះស្រាយ​មានរដ្ឋពីរ​ជា​ជម្រើស​តែ​មួយ​គត់ដើម្បី​សម្រេច​បានសន្តិភាព។​

នៅក្រោយ​ការ​ប្រជុំ​មួយ​នៅ​ក្នុងទី​ក្រុងប៉ារីសដែលអ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ មិន​បាន​ចូលរួម លោកប្រធានាធិបតី​បារាំង Francois Hollande បានបដិសេធ​ពួក​អ្នកជំទាស់​នឹង​ការ​ប្រជុំ​នេះ​និងក្រុម​ដែល​មើលឃើញ​តែ​អាក្រក់ព្រោះ​ពួកគេបានចាត់ទុក​ការ​ប្រជុំនេះ​ថា​ជា​ការ​បរាជ័យដោយ​លោក​បាន​មានប្រសាសន៍ថា​និមិត្តរូបនិយម​និង​សារមាន​សារៈសំខាន់ស្មើគ្នា។​

លោកប្រធានាធិបតី Hollande បានមាន​ប្រសាសន៍​ថា «ភាព​ឆោត​ល្ងង់​គឺ​ការ​យល់ថា​ការ​មានទំនាក់ទំនង​ល្អ​ជាថ្មី​រវាងអ៊ីស្រាអែល​និងអ្នកនៅ​ជិតខាង​ខ្លួន​ដែល​ជា​ការ​ចាំ​បាច់​អាច​កើត​មានបាន​ដោយ​មិន​បាច់​ឆ្ពោះ​ទៅ​កាន់សន្តិភាព​រវាង​ជនជាតិអ៊ីស្រាអែល​និង​ជន​ជាតិប៉ាឡេស្ទីន»។

សន្និសីទ​នេះ​ជា​សន្និសីទ​សន្តិភាព​លើកទី​ពីរដែល​រៀប​ចំដោយ​រដ្ឋាភិបាល​ក្រុងប៉ារីស​ក្នុង​រយៈពេល​តិច​ជាង​មួយ​ឆ្នាំ ហើយ​សេចក្តី​ថ្លែង​ការណ៍​ចុងក្រោយ​បានចែង​ថា​សន្និសីទ​សន្តិភាព​មួយ​ទៀត​នឹងមានធ្វើនៅ​ដំណាច់ឆ្នាំ២០១៧។​សន្និសីទ​នេះបាន​ប្រព្រឹត្តទៅ​នៅ​ពេល​ដែលរដ្ឋបាល​លោកប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ាបាន​បញ្ចប់​ការកាន់តំណែង​៨​ឆ្នាំ​ដោយមិន​មា​ន​ការ​ជោគជ័យក្នុង​ការ​ជំរុញ​ដំណើរ​ការ​សន្តិភាព​ច្រើន​ឆ្នាំ​មក​ហើយ​ឱ្យ​ទៅមុខ។

នៅ​ក្នុង​ចំណាត់ការ​ធំមួយ​ខុសប្លែក​ពី​គោលនយោបាយ​ស.រ.អា.កាល​ពី​ពេលមុនៗ​ រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ បានបោះឆ្នោតអនុបវាទកាលពី​ខែមុន​ហើយ​មិន​បានបោះឆ្នោតវ៉េតូជំទាស់នឹង​សេចក្តី​សម្រេចចិត្តមួយរបស់អ.ស.ប ដែល​បានរិះគន់ដល់​ការ​កសាង​ទីតាំង​លំនៅដ្ឋានអ៊ីស្រាអែល​ ក្នុង​ដែនដី​អារ៉ាប់ដែលអ៊ីស្រាអែល​កាន់កាប់។​

នៅ​ពេល​នេះ​មានមនុស្ស​ខ្លះ​ព្រួយ​បារម្ភ​ថាគោលជំហរ​របស់​លោក Trump ដែល​លម្អៀង​ទៅ​ខាង​ការ​តាំង​លំនៅ​ដ្ឋានអ៊ីស្រាអែល​និង​ការសន្យា​របស់គាត់​ថា​នឹង​លើក​ស្ថានទូត​ស.រ.អា.ពី​ក្រុង Tel Aviv ទៅ​តាំង​នៅ​ក្រុង Jerusalem វិញ​អាចធ្វើឱ្យអន្តរាយ​ដល់ជម្រើស​នៃ​ការមាន​រដ្ឋពីរ​។​

សេចក្តី​ថ្លែង​ការណ៍​ចុងក្រោយ​បង្អស់​នៃ​សន្និសីទនេះមិនបាន​រិះគន់ជា​ពិសេស​ដល់ការសន្យា​របស់លោក Trump ថា​នឹង​លើកទីតាំង​ស្ថាន​ទូត​អាមេរិកាំង​ទេ ហើយ​លោក​ Hollande ក៏​មិន​បានរិះគន់ការ​សន្យានេះ​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry ដែល​ជិត​ចេញ​ពី​តំណែង​ហើយ​ដែល​បានចូល​រួម​ក្នុង​សន្និសីទ​នេះ​ដែរ ​បាន​មាន​ប្រសាសន៍​ថាផែនការ​ទាំង​នោះ «មិន​ឋិត​នៅ​ក្នុង​វេទិកា​អន្តរជាតិ​នៅ​ពេលនេះទេ»៕

XS
SM
MD
LG