គណកម្មការឃ្លាំមើលរបស់អង្គការសហប្រជាជាតិកំពុងរិះគន់ប្រទេសបារាំងចំពោះសកម្មភាពយឺតយ៉ាវក្នុងការស៊ើបអង្កេតករណីសង្ស័យជុំវិញសំណុំរឿងរំលោភបំពានផ្លូវភេទលើកុមារដែលប្រព្រឹត្តដោយទាហានបារាំងនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ប្រទេសបារាំងបានចាប់ផ្តើមស៊ើបអង្កេតលើករណីរឿងអាស្រូវរំលោភបំពានផ្លូវភេទអស់រយៈពេលជិតមួយឆ្នាំហើយ។ ទាហានបារាំង១៤នាក់ដែលកំពុងបំពេញភារកិច្ចនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រូវបានចោទប្រកាន់ថា បានឲ្យក្មេងប្រុសបំពេញតម្រូវការផ្លូវភេទដល់ពួកគេដើម្បីជាថ្នូរនឹងការទទួលបានចំណីអាហារ។
លោក Fabian Salvioli ប្រធានគណកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានប្រាប់វីអូអេថាសមាជិកគណកម្មការរបស់លោកបានសាកសួរប្រតិភួបារាំងអំពីថាតើការជំនុំជម្រះក្តីព្រហ្មទណ្ឌប្រឆាំងក្រុមយោធាទាំងអស់ដែលជាប់ពាក់ពន្ធ័នោះ ដំណើរការយ៉ាងណាហើយ។
លោក Fabian Slvioli បានលើកឡើងថា៖ «ចម្លើយដែលទទួលបាននោះខ្លីខ្លាំងណាស់ គឺខ្លីបំផុត។ រដ្ឋាភិបាលបារាំងបានឲ្យដឹងថា មានសវនាការមួយ ហើយខ្ញុំមិនអាចផ្តល់ព័ត៌មានលើសពីនេះបានឡើយ។ យើងពិតជាយកចិត្តទុកដាក់លើបញ្ហានេះ ហើយយើងក៏បានចាប់ផ្តើមការស៊ើបអង្កេតមួយដែលជាការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែវាកំពុងតែស្ថិតក្នុងដំណើរការស៊ើបនៅឡើយ។ ដូច្នេះ មិនមានព័ត៌មានអ្វីបន្ថែមអំពីការស៊ើបអង្កេតនេះឡើយ»។
លោក Salvioliបានបន្ថែមថា គណកម្មការរបស់លោកបានប្រាប់រដ្ឋាភិបាលបារាំងឲ្យបន្ថែមល្បឿនលើដំណើរការកាត់ទោសនេះ និងដាក់ទោសទណ្ឌពួកទាហានទាំងអស់នោះ ប្រសិនបើរកឃើញថាពួកគេមានពិរុទ្ធ។ ដោយលើកឡើងថាបញ្ហានេះជាបញ្ហាបន្ទាន់ លោកបាននិយាយទៀតថាគណកម្មការបានសុំឲ្យរដ្ឋាភិបាលផ្តល់ព័ត៌មានថ្មីបំផុតជុំវិញសំណុំរឿងនេះក្នុងរយៈពេលមួយឆ្នាំ។
គណកម្មការខាងលើក៏បានរិះគន់ប្រទេសកាណាដាខ្លាំងៗផងដែរ អំពីការមិនបានគោរពសិទ្ធិជនជាតិភាគតិចដែលត្រូវបានការពារដោយអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ។ លោកស្រី Anja Seibert-Fohr សមាជិកគណកម្មការសិទ្ធិមនុស្សបានលើកឡើងថាគណកម្មការមានការព្រួយបារម្ភខ្លាំងអំពីស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិចដែលរងការប៉ះពាល់ដោយសារអំពើហិង្សាគំរាមកំហែងអាយុជីវិត ករណីឃាតកម្ម និងការបាត់ខ្លួនជាដើម។
លោកស្រីបានបន្តថា ស្ត្រីនិងក្មេងស្រីជាច្រើនត្រូវបានគេសម្លាប់ឬក៏បានបាត់ខ្លួន ហើយករណីទាំងនេះនៅតែមិនមានការដោះស្រាយនៅឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់ប្រទេសកាណាដាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហានេះ មិនគ្រប់គ្រាន់ឡើយ។
«មានគេឲ្យដំណឹងមកយើងថា មានកិច្ចខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះហើយ ប៉ុន្តែយើងនៅតែមិនបានទទួលព័ត៌មានគ្រប់គ្រាន់អំពីការស៊ើបអង្កេតពិតប្រាកដនិងដំណើរការនៃការជំនុំជម្រះនេះ។ ដូច្នេះ យើងស្នើសុំឲ្យរដ្ឋជាភាគីដោះស្រាយបញ្ហាឃាតកម្មនិងការបាត់ខ្លួនស្ត្រីជនជាតិដើមភាគតិចឲ្យបានឆាប់រហ័សបំផុត»។
លោកស្រី Seibert-Fohr បាននិយាយទៀតថា គណកម្មការបានស្នើឲ្យប្រទេសកាណាដាប្រញាប់រៀបចំការស៊ើបអង្កេតថ្នាក់ជាតិដើម្បីវែកញែកបញ្ហាទាំងនេះ ហើយស្នើឲ្យមានការត្រួតពិនិត្យឡើងវិញច្បាប់ពាក់ព័ន្ធ និងជួយសម្របសម្រួលឲ្យមានការឆ្លើយតបពីក្រុមប៉ូលិសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កុំឲ្យមានឃាតកម្មនិងការបាត់ខ្លួនបែបនេះកើតឡើងបន្តទៀត៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ